អ្នក​នាំពាក្យ​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden និយាយ​​ថា​ លោក​គ្រោង​នឹង​ពង្រីក​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​​ពី​អឺរ៉ុប​ និង​ប្រេស៊ីល​ ភ្លាមៗ​បន្ទាប់​ពី​ប្រធានាធិបតី Donald Trump ​បាន​លុប​ចោល​នូវ​តម្រូវ​ការ​ទាំង​​នេះ ​កាល​ពី​ថ្ងៃ​ចន្ទ​ ១៨​ មករា។

លោក Trump បាន​ចុះ​​ហត្ថលេខា​លើ​បទបញ្ជា​ឱ្យ​បញ្ឈប់​ការ​ហាម​ឃាត់​អ្នក​ធ្វើ​ដំណើរ​ត្រឹម​ថ្ងៃទី ​២៦ មករា​ ដែល​ការ​រឹត​បន្តឹង​នេះ ​គឺ​ជា​វិធាន​ការ​បង្ការ​​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​ដែល​លោក​បាន​ដាក់​កាល​ពី​ឆ្នាំ​មុន។ Trump សរសេរ​ថា ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​​សេវាកម្ម​មនុស្ស​លោក ​Alex Azar បាន​ណែនាំ​ឱ្យ​ដក​តែ​លោក Trump នៅ​តែ​បន្ត​ដាក់​ការ​រឹត​បន្ដឹង​ទៅ​លើ​​ចិន និង​អ៊ីរ៉ង់។​

ប៉ុន្តែ​​លេខា​សារព័ត៌មាន​សេត​វិមាន​របស់​លោក​ Biden គឺ​លោកស្រី ​Jen Psaki ថ្លែង​ថា ​រដ្ឋបាល​​ថ្មី​នឹង​មិន​អនុញ្ញាត​ឱ្យ​បទ​បញ្ជា​របស់​លោក Trump ចូល​ជា​ធរមាន​ទេ។

លោកស្រី Psaki បាន​បង្ហោះសារ​ទៅ​កាន់​​បណ្ដាញ​សង្គម Twitter​ ថា៖ ​«ជាមួយ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាត​ត្បាត​កាន់​តែ​អាក្រក់​ទៅៗ ​និង​វ៉ារ្យ៉ង់​ឆ្លង​កាន់​តែ​ងាយ​កំពុង​លេច​ចេញ​ជុំវិញ​ពិភព​លោក​នេះ ​មិនមែន​ជា​ពេល​វេលា​ដែល​ត្រូវ​ដក​ការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​​អន្តរជាតិ​​ទេ»។​

លោកស្រី​បន្ត​ថា៖ ​«តាម​ដំបូន្មាន​របស់​ក្រុម​គ្រូពេទ្យ​របស់​យើង​ រដ្ឋបាល​មិន​មាន​បំណង​លើក​ការ​រឹត​បន្តឹង​ទាំង​នេះ​ទេ​»​៕