អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ប៉ះទង្គិច​ជាមួយ​គណបក្ស​សាធារណរដ្ឋ​ម្ដងទៀត​ដោយ​លោក​បានទាមទារ​ស្ថាប័ន​របស់​គណបក្ស​ចំនួន​ ៣ ​ឱ្យ​ឈប់​ប្រើ​ឈ្មោះ និង​រូបភាព​របស់លោក​ក្នុង​ការរៃអង្គាស​ថវិកា​។ នេះ​បើតាម​សម្ដី​របស់​ទីប្រឹក្សា​លោក Trump មិន​បញ្ជាក់​អត្តសញ្ញាណ​ ១ ​រូប​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​សៅរ៍​ទី​ ៦ មីនា​។

ទីប្រឹក្សា​នេះ​បាន​និយាយថា​កាលពី​ថ្ងៃ​សុក្រ​មេធាវី​លោក Trump បានធ្វើការ​ទាមទារ​នេះ​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​គណៈកម្មាធិការ​ជាតិ​នៃ​គណបក្ស​សាធារណរដ្ឋ​ (RNC) យុទ្ធនាការ​សភា​តំណាង​នៃ​គណបក្ស​សាធារណរដ្ឋ​ (NRCC) និង​យុទ្ធនាការ​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ (NRSC)​។

ស្ថាប័ន​ទាំង​ ៣ ​នេះ​គឺជា​ភ្នាក់ងារ​រៃអង្គាស​ថវិកា​ធំជាងគេ​បំផុត​របស់​គណបក្ស​សាធារណរដ្ឋ ដែល​ថវិកា​ទាំងនេះ​គឺ​សម្រាប់​ជួយឧបត្ថម្ភ​បេក្ខជន​របស់​ពួកគេ​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​។

ទីប្រឹក្សា​រូបនេះ​បាន​និយាយថា លោក Trump មាន​ការប្រកាន់​នឹង​ការប្រើប្រាស់​ឈ្មោះ និង​រូបភាព​របស់​លោក​ដោយ​មិនមាន​ការអនុញ្ញាត ហើយ​ស្រងាក​ចិត្តនឹង​ការគាំទ្រ​របស់​ស្ថាប័ន​ទាំង​ ៣ ​នេះ​ចំពោះ​សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការបោះឆ្នោត​គាំទ្រ​ការចោទប្រកាន់ និង​ការផ្ដន្ទាទោស​លោក​ពី​បទញុះញង់​ឱ្យមាន​កុបកម្ម ៦ ​មករា​នៅ​វិមាន​កាពីតូល​។

គេហទំព័រ Politico គឺជា​អ្នករាយការណ៍​ព័ត៌មាន​នេះ​មុនគេ​។ Politico បាន​ដកស្រង់​សម្ដី​របស់​ទីប្រឹក្សា​នេះ និយាយថា​៖ «​លោក​ប្រធានាធិបតី Trump នៅតែ​ប្ដេជ្ញាចិត្ត​ចំពោះ​គណបក្ស​សាធារណរដ្ឋ និង​ការបោះឆ្នោត​ជូន​អ្នក​អភិរក្សនិយម America First ប៉ុន្តែ​នោះ​មិន​មានន័យថា​លោក​បាន​ផ្ដល់ឱ្យ​នរណាម្នាក់ មិត្ត ឬ​សត្រូវ​នូវ​ការអនុញ្ញាត​ឱ្យប្រើ​រូបភាព​​របស់លោក ដោយ​គ្មាន​ការយល់ព្រម​ច្បាស់លាស់​នោះទេ​»​។

ការទាមទារ​របស់លោក Trump នេះ​គឺជា​ផ្នែក​មួយ​នៃ​ការបែកបាក់​សាមគ្គីភាព​ក្នុង​គណបក្ស​សាធារណរដ្ឋ​ដែល​កំពុង​កើតឡើង​បន្ទាប់ពី​ព្រឹត្តិការណ៍​កុបកម្ម ៦ ​មករា​។ គេ​សង្កេតឃើញថា ក្រុម​ចំនួន​ ២ ​ត្រូវបាន​ផុស​ឡើង​ក្នុង​គណបក្ស​សាធារណរដ្ឋ​ដោយ​ក្រុម​មួយ​គិតថា​ដើម្បី​គណបក្ស​សាធារណរដ្ឋ​ដើរទៅ​មុខ​បាន​ពួកគេ​ត្រូវ​បោះបង់​ចោល​លោក Trump ​ហើយ​ក្រុម​មួយទៀត​គិតថា ដើម្បី​មាន​ការជោគជ័យ​ពួកគេ​ត្រូវតែ​គាំទ្រ​លោក​ Trump​។

សមាជិកសភា​តំណាង​ចំនួន ១០ និង​សមាជិក​ព្រឹទ្ធសភា​ចំនួន ៧ មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ចូលរួម​ជាមួយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ក្នុងការ​ចោទប្រកាន់ និង​ការផ្ដន្ទាទោស​លោក Trump ពី​ការបង្ក​ឱ្យមាន​កុបកម្ម​នេះ​។ បើសិន​ការផ្ដន្ទាទោស​បាន​សម្រេច​លោក Trump អាច​នឹង​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​នឹង​បាត់​មុខ​ពី​នយោបាយ​តែ​ការផ្ដន្ទាទោស​ត្រូវបាន​បរាជ័យ​ដោយ​ខ្វះ​សំឡេង​ចំនួន ១០ ​ហើយ​លោក Trump ត្រូវបាន​លើកលែងទោស​។

កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន​ក្នុង​ការថ្លែង​សុន្ទរកថា​នៅ​មហាសន្និបាត​អភិរក្សនិយម (CPAC) លោក Trump បាន​វាយប្រហារ​សមាជិកសភា​ទាំង ១៧ ហើយ​និយាយ​ថា គណបក្ស​សាធារណរដ្ឋ​គួរតែ «​កម្ចាត់ ពួកគេ​ទាំងអស់​»​។ ​គណបក្ស​សាធារណរដ្ឋ នៅ​ថ្នាក់​រដ្ឋ និង​ថ្នាក់មូលដ្ឋាន​បាន​ថ្កោលទោស និង​ចាត់វិធានការ​ផ្សេងៗ​ចំពោះ​សមាជិក​ទាំងនេះ​។

ក្រៅពី​សមាជិក​ទាំង​ ១៧ នេះ​លោក Trump បាន​វាយប្រហារ​ថ្នាក់ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​លោក Mitch McConnell ដែល​ដំបូង​ឡើយ​បាន​រិះគន់​សកម្មភាព​លោក និង​ចង់​ផ្ដាច់​គណបក្ស​សាធារណរដ្ឋ​ចេញពី​លោក តែ​បាន​ដកថយ​វិញ​បន្ទាប់ពី​រកឃើញ​ថា លោក​នៅ​មាន​ប្រជាប្រិយភាព​ក្នុងចំណោម​សមាជិក​បក្ស​។

លោក Trump បាន​បង្កើត​គណៈកម្មាធិការ​សកម្មភាព​នយោបាយ​មួយ​មាន​ឈ្មោះថា Save America ដើម្បី​ធ្វើការ​រៃអង្គាស​ថវិកា​ជួយឧបត្ថម្ភ​បេក្ខជន​លោក​គាំទ្រ​ក្នុង​ការបោះឆ្នោត​សភា​ឆ្នាំ​ ២០២២ ដោយ​អ្នកវិភាគ​មួយចំនួន​គិតថា​បេក្ខជន​ទាំងនេះ នឹង​ប្រកួតប្រជែង​នឹង​សមាជិក​បក្ស​សាធារណរដ្ឋ​កំពុង​កាន់តំណែង​ដែល​លោក Trump បាន​ចាត់ទុកថា បាន​ក្បត់​លោក ឬ​មិន​គាំទ្រ​ការអះអាង​របស់​លោក​ថា​លោក​បានឈ្នះ​ការបោះឆ្នោត​ ២០២០​។

ការបង្កើត Save America គឺជា​ការប្រកួតប្រជែង​ដោយផ្ទាល់​ជាមួយ​ស្ថាប័ន​ទាំង​ ៣ ​ខាងលើ ហើយ​លោក Trump បាន​ជំរុញ​អ្នកគាំទ្រ​របស់លោក​ឱ្យ​បរិច្ចាគ​ថវិកា​ទៅ​តែ Save America ប៉ុណ្ណោះ​។

គោលដៅ​មួយ​របស់លោក Trump ក្នុង​ការបោះឆ្នោត​ឆ្នាំ​ ២០២២ គឺ​សមាជិក​ព្រឹទ្ធសភា​កណ្ដាល​និយម​លោកស្រី Lisa Murkowski​។ កាលពី​ថ្ងៃ​សៅរ៍​ទី​ ៦ ​ដដែល​លោក Trump បាន​និយាយថា លោក​មិន​គាំទ្រ​ការឈរឈ្មោះ​បោះឆ្នោត​របស់​លោកស្រី Murkoski ​ទេ ហើយ​និយាយ​ថា លោកស្រី​គឺជា «​សមាជិក​ព្រឹទ្ធសភា​មិន​ស្មោះត្រង់ និង​អាក្រក់​បំផុត​»​។ តែ​លោក McConell​និយាយថា​គណបក្ស​សាធារណរដ្ឋ និង NRSC គឺ​គាំទ្រ​ការ​ឈរឈ្មោះ​របស់លោក​ស្រី Murkoski៕