កាល​ពី​ថ្ងៃ​អង្គារ ទី ៩ ក្រុមហ៊ុន​បណ្ដាញ​សង្គម Twitter បាន​ប្រកាស​ថា ពួក​គេ​នឹង​មិន​គោរព​ការបញ្ជា​រដ្ឋាភិបាល​នាយក​រដ្ឋមន្ត្រី Narendra Modi ឱ្យ​បិទ​គណនី​មួយ​ចំនួន ដោយ​មិន​ពេញលេញ​ទេ ពី​ព្រោះ​ពួក​គេ​គិត​ថា ការ​បញ្ជា​នេះ គឺ​មិន​អនុលោម​តាម​ច្បាប់​ឥណ្ឌា។

Twitter បាន​និយាយ​ថា ​ពួក​គេ​បាន​បិទ​គណនី​ជាង ៥០០ មក​ហើយ​ដែល​បាន​ចូលរួម​ក្នុងការ​ចែកចាយ​ព័ត៌មាន​មិន​ពិត។ ប៉ុន្តែ​សម្រាប់​គណនី​ផ្សេង​ទៀត​ពួក​គេ​គ្រាន់តែ​បិទ​មិន​ឱ្យ​ឃើញ​នៅ​ក្នុង​ឥណ្ឌា ហើយ​សារ​បង្ហោះ​នៅ​ក្នុង​គណនី​ទាំង​នោះ នៅ​តែ​អាច​អាន​បាន​នៅ​ខាងក្រៅ​ប្រទេស។

រដ្ឋាភិបាល​លោក Modi បាន​បញ្ជា​ឱ្យ Twitter បិទ​គណនី​ច្រើន​ជាង ១ ១០០ ដោយ​ចោទ​ប្រកាន់​គណនី​ទាំង​នោះ​ថា​ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការ​បាតុកម្ម​ដោយ​កសិករ។ រដ្ឋាភិបាល​បាន​និយាយ​ថា ​គណនី​ខ្លះ​ត្រូវ​បាន​គាំទ្រ​ដោយ​ប៉ាគីស្ថាន ឬ​ដោយ​ចលនា​បំបែក​ខ្លួន​ជនជាតិ Sikh៕