បុរីញូវយ៉ក៖ យោងតាមរបាយការណ៍អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃអង្គារបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធជាច្រើនមកពីប្រទេស ស៊ូដង់ និងឆាត ជាប់ពាក់ព័ន្ធនៅក្នុងជម្លោះនៅប្រទេស លីប៊ី នៅឆ្នាំនេះ ដែលមិននិយាយលើកឡើងអំពីវត្តមានរបស់កងកម្លាំងរុស្ស៊ី បានបញ្ជាក់កាលពីពេលថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះ។
ប្រទេស រុស្ស៊ី បានបដិសេធមិនទទួលស្គាល់របាយការណ៍ដែលថា មានកងកម្លាំងរាប់រយនាក់កំពុងគាំទ្រយោធារបស់បុរសខ្លាំងលោក ហ្គាលីហ្វា ហាហ្វតារ ដែលបានបើកការវាយប្រហារទ្រង់ទ្រាយធំកាលពីខែមេសា ដើម្បីដណ្តើមកាន់កាប់យករដ្ឋធានីទ្រីប៉ូលី ពីកងកម្លាំងប្រដាប់អាវុធដែលបានគាំទ្ររដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) បានទទួលស្គាល់ដោយអន្តរជាតិនោះ។
របាយការណ៍នោះបាននិយាយថា មានកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ស៊ូដង់ ៥ ក្រុម និងប្រទេស ឆាត ៤ ក្រុម ដែលខ្លួនបាននិយាយថា បានផ្តល់ក្រុមយុទ្ធជនប្រយុទ្ធរាប់ពាន់នាក់ដល់ភាគីជម្លោះទាំង ២ នៅក្នុងប្រទេស លីប៊ី។
ប៉ុន្តែអ្នកការទូតម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកបានថ្លែងថា៖ «កងកម្លាំងទាំងនោះ បានទម្លាយអាថ៌កំបាំងមួយថា មានកងទ័ពរបស់រុស្ស៊ីមួយចំនួនធំ កំពុងប្រយុទ្ធនៅសមរភូមិនៅលីប៊ី»។
លោកបានថ្លែងថា ហេតុផលដែលពួកគេមិននិយាយនៅក្នុងឯកសារ ដោយសារសកម្មភាពរបស់ពួកគេបាន «កើតឡើងទ្រង់ទ្រាយធំ»៕ AFP/SK