ក្រុងហ្សឺណែវ៖ អង្គការសហប្រជាជាតិបានអំពាវនាវសុំជំនួយមនុស្សធម៌ជិត ២៩ ពាន់លានដុល្លារ កាលពីថ្ងៃពុធ ខណៈការប្រែប្រួលអាកាសធាតុ និងជម្លោះអូសបន្លាយពេលកាន់តែយូរ បានធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវការជំនួយជាបន្ទាន់។
ក្រុមអ្នកត្រួតពិនិត្យជំនួយមនុស្សធម៌សកលរបស់អង្គការពិភពលោកនេះបានវាយតម្លៃថា មនុស្សចំនួន ១៦៨ លាននាក់ នៅទូទាំងសកលលោក នឹងត្រូវការបង្កើតជំនួយជាបន្ទាន់នៅក្នុងឆ្នាំ ២០២០ នៅក្នុងនោះមានស្បៀងអាហារ ទីជម្រក និងការថែទាំសុខភាពជាដើម។
អ្នកសម្របសម្រួលជំនួយបន្ទាន់របស់អង្គការសហប្រជាជាតិលោក ម៉ាក ឡូវកុក បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា តួលេខនោះ គឺជា «កំណត់ត្រានៅក្នុងយុគសម័យទំនើប» ដោយបានបញ្ជាក់យ៉ាងច្បាស់ថា លោកកំពុងនិយាយសំដៅទៅលើរយៈពេលចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក។
លោក ឡូវកុក បានថ្លែងថា តម្រូវការទាំងនោះ បានបន្តកើនឡើងមួយផ្នែក ដោយសារ «ជម្លោះកំពុងកើតឡើងកាន់តែខ្លាំងឡើង និងអូសបន្លាយពេលយូរកាន់តែយូរ។
លោកបានថ្លែងថា៖ «ការប្រយុទ្ធគ្នាបានបង្ហាញឲ្យឃើញការមិនគោរពច្បាប់មនុស្សធម៌ទាំងស្រុង» ដោយហេតុផលថា ក្រុមជនស៊ីវិលបានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះកាន់តែខ្លាំងឡើង ហើយទំនងជាធ្វើឲ្យពួកគេអ្នករត់ភៀសខ្លួន ឬធ្វើឲ្យបាត់បង់អារម្មណ៍ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយបានបន្ថែមថា ចំនួនវាយប្រហារទៅលើសាលារៀន និងមន្ទីរពេទ្យនៅបន្តកើនឡើង។
លោកបានថ្លែងថា បន្ថែមលើជម្លោះនេះ ការប្រែប្រួលអាកាសធាតុបានបង្កឲ្យមានព្រឹត្តិការណ៍អាកាសធាតុដ៏អាក្រក់បំផុត ជាពិសេសធ្វើឲ្យមានគ្រោះរាំងស្ងួត និងទឹកជំនន់ ដែលត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។
លោក ឡូវកុកបានថ្លែងថា៖ «ការជឿជាក់យ៉ាងមុតមាំ គឺថានៅឆ្នាំ ២០២០ នឹងផ្តល់ការលំបាកដល់មនុស្សរាប់លាននាក់»។
មនុស្សចំនួន ១៦៨ លាននាក់ ដែលត្រូវបានគេរំពឹងថា នឹងត្រូវការជំនួយនៅឆ្នាំ ២០២០ ទឹកប្រាក់ ២៨,៨ ពាន់លានដុល្លារ ដែលអង្គការសហប្រជាជាតិដាក់គោលដៅទៅលើមនុស្ស ១០៩ លាននាក់ ដែលភាគច្រើនត្រូវការជំនួយ ហើយទីភ្នាក់ងារនេះ ក៏ត្រូវជួយពួកគេដែរ។
អង្គការសហប្រជាជាតិកំពុងស្វះស្វែងរកជំនួយជាង ៣ ពាន់លានបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅក្នុងប្រទេស យេម៉ែន និងស៊ីរី ជាប្រទេសដែលកំពុងត្រូវការជំនួយច្រើនបំផុត។
ប្រទេស វ៉េណេស៊ុយអេឡា ជាទីដែលតម្រូវការកើនឡើងច្រើនបំផុតកាលពីឆ្នាំ ២០១៨។
អង្គការសហប្រជាជាតិបានស្វះស្វែងរកជិត ៧៤០ លានដុល្លារ សម្រាប់ឆ្លើយតបក្នុងតំបន់ចំពោះវិបត្តិវ៉េណេស៊ុយអេឡាក្នុងឆ្នាំ ២០១៩ ប៉ុន្តែដោយសារតែវិបត្តិសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសនេះ កាន់តែកើនឡើងខ្លាំងដែរ តួលេខនោះក៏បានកើនឡើងរហូតដល់ ១,៣៥ ពាន់លានដុល្លារ៕ AFP/SK