ក្រុងហ្ស៊ឺណែវ៖ អង្គការសិទ្ធិមនុស្សកំពូលរបស់ UN កាលពីថ្ងៃចន្ទ បានព្រមព្រៀងតាមសំណើមួយពីបណ្តាប្រទេសនៅអាហ្វ្រិក ដើម្បីរៀបចំកិច្ចពិភាក្សាដេញដោលជាបន្ទាន់មួយអំពីការរើសអើងពូជសាសន៍ និងអំពើសាហាវព្រៃផ្សៃរបស់ប៉ូលិសនៅសប្តាហ៍នេះ បន្ទាប់ពីមានចលាចលនៅអាមេរិក និងហួសពីប្រទេសនេះជុំវិញការស្លាប់របស់លោក George Floyd។
ខណៈកិច្ចប្រជុំលើកទី ៤៣ នៃក្រុមបឹ្រក្សាសិទ្ធិមនុស្ស UN បានបន្តក្រោយពីផ្អាកកាលពីខែមីនា ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ប្រធានក្រុមប្រឹក្សានេះ លោកស្រី Elisabeth Tichy-Fisslberger បានស្នើសុំធ្វើកិច្ចពិភាក្សាដេញដោល នៅម៉ោង ៣ រសៀលថ្ងៃពុធនេះ។
លោកស្រីបានថ្លែងថា៖ «ខ្ញុំអាចនឹងឃើញគ្មានការជំទាស់។ ដូច្នេះកិច្ចពិភាក្សានេះត្រូវតែសម្រេច»។
នេះ គឺជាលើកទី៥ ហើយនៅក្នុងប្រវត្តិសាស្ត្រ ១៤ ឆ្នាំ របស់ក្រុមប្រឹក្សានេះ ដែលខ្លួនបានព្រមព្រៀងរៀបចំការកិច្ចពិភាក្សាដេញដោលជាបន្ទាន់មួយ ដែលជាកិច្ចពិភាក្សាពិសេសត្រូវបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំធម្មតារបស់ក្រុមប្រឹក្សានេះ។
ឯកអគ្គរដ្ឋទូតបួគីណាហ្វាសូ ប្រចាំនៅអង្គការសហប្រជាជាតិនៅក្រុងហ្ស៊ឺណែវកាលពីថ្ងៃសុក្រសប្តាហ៍មុន បានផ្ញើលិខិត ១ ច្បាប់ជូនលោកស្រី Tichy-Fisslberger តំណាងឲ្យប្រទេសចំនួន ៥៤ នៅអាហ្រ្វិក ដោយបានអំពាវនាវសុំឲ្យមានកិច្ចពិភាក្សាដេញដោលបន្ទាន់មួយអំពី ការរំលោភសិទ្ធិមនុស្ស អំពើសាហាវព្រៃផ្សៃរបស់ប៉ូលិសប្រឆាំងប្រជាជនអាហ្រ្វិក និងអំពើហិង្សាប្រឆាំងនឹងការតវ៉ាដោយសន្តិវិធី និងអំពាវនាវឲ្យអំពើអយុត្តិធម៌ទាំងនេះត្រូវបញ្ឈប់ជាបន្ទាន់។
ការអំពាវនាវនេះ បានកើតឡើងក្រោយពីក្រុមគ្រួសាររបស់លោក Floyd រួមជាមួយក្រុមគ្រួសាររងគ្រោះនៃអំពើហិង្សារបស់ប៉ូលិស និងអង្គការក្រៅរដ្ឋាភិបាលជាង ៦០០ នៅក្នុងសប្តាហ៍នេះ បានអំពាវនាវឲ្យក្រុមប្រឹក្សានេះដោះស្រាយការរើសអើងជាប្រព័ន្ធ និងភាពគ្មានទោសទណ្ឌរបស់ប៉ូលិសនៅអាមេរិក៕ AFP/PSA