ក្រុង​ហ្ស៊ឺណែវ៖ អង្គការ​សុខភាព​ពិភព​លោក (WHO) ថ្លែង​​ពី​ថ្ងៃ​ពុធ​ថា ​ការ​ឆ្លង​រាល​ដាល​នៃ​​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ជា​សកល​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​ដោយ​ចំនួន​នៃ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​លើស​ពី ​១៦ ​ម៊ឺននាក់​ជា​រៀង​រាល់​ថ្ងៃ​កាល​ពី​សប្តាហ៍​មុន​។

លោក​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក ​(WHO) តេ្រដូស​ អេដហាណូម ហ្គឺប្រីយេស៊ុស ​ក៏​បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​ជាក់​ស្តែង​ថា ​ជាង​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​ ដែល​ត្រូវ​បាន​កត់ត្រា​ចាប់​តាំង​ពី​វីរុស​កូរ៉ូណា​ផ្ទុះ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន ​កាល​ពី​ចុង​ឆ្នាំ ២០១៩​ ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​នៅ​ខែ​មិថុនា​។

លោក តេ្រដូស ​អេដហាណូម​ ហ្គីប្រីយេស៊ុស ​បាន​ថ្លែង​ថា៖ «សម្រាប់​សប្តាហ៍​មុន ​ចំនួន​នៃ​ករណី​ឆ្លង​ថ្មី​ បាន​កើន​ឡើង​ជាង ​១៦ ​ម៊ឺន​ ជា​រៀង​រាល់​ថ្ងៃ​» ដោយ​បាន​បន្ថែម​ថា​ រហូត​មក​ទល់​ពេល​នេះ ​៦០ ​ភាគរយ​នៃ​ករណី​ឆ្លង​ទាំង​អស់​ ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ខែ​មិថុនា​»។

ទិន្នន័យ​ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​សុខភាព​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ថា​ ចំនួន​ច្រើន​បំផុត​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​ថ្មី​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ​២៨​ ខែ​មិថុនា ​នៅ​ពេល​​ករណី​ឆ្លង​ថ្មី​ជាង ​១៨៩ ​៥០០ ​នាក់​ ត្រូវ​បាន​គេ​កត់ត្រា​នៅ​ទូទាំង​ពិភព​លោក​។

ទិន្នន័យ​នោះ​បាន​បង្ហាញ​ថា ​នៅ​មុន​ថ្ងៃ​ទី ​២៥ ​ខែ​មិថុនា ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​កើន​ឡើង​ជាង ​១៦ ​ម៊ឺន​នាក់​ចំនួន ​២ ​លើក ​ទាំង​នៅ​ដើម​សប្តាហ៍​នេះ ខណៈ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​មិន​បាន​លើស​ ១០ ​ម៊ឺន​នាក់​ រហូត​ដល់​ថ្ងៃ​ទី ​១៨ ​ខែ​ឧសភា​។ ​

WHO បាន​ព្រមាន​នៅ​ដើម​សប្តាហ៍​នេះ​ថា ​ដោយ​មាន​អ្នក​ស្លាប់​ជាង ​៥១១​ ០០០ នាក់ ​និង​អ្នក​ឆ្លង​ជាង ​១០, ៥ ​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​មិន​ទាន់​ចប់​ទេ។

លោក​ តេ្រដូស ​អេដហាណូម ​ហ្គឺ​ប្រី​យេស៊ុស ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ ការ​ «ចាត់​វិធានការ​ឲ្យ​បាន​ទូលំទូលាយ​​» ​មួយ​ គឺ​ជា​មធ្យោបាយ​ល្អ​បំផុត ​ដើម្បី​ទប់ស្កាត់​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា ​ប្រភេទ​ថ្មី​ដ៏​ចម្លែក​មួយ​នេះ​៕ AFP/PSA