ក្រុមហ៊ុន​ YouTube បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ ទី ១២ មករា ថា​ ពួក​គេ​បាន​ផ្អាក​ដំណើរការ​ឆាណែល​វីដេអូ​របស់​លោក​ប្រធានាធិបតី Donald Trump ជុំវិញ​ការ​ព្រួយ​បារម្ភ​អំពី «​លទ្ធភាព​នៃ​ការ​បង្ក​ហិង្សា​» ដែល​វិធានការ​នេះ ​គឺ​ក្នុង​ចំណោម​វិធានការ​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ដើម្បី​ដាក់​កម្រិត​លើ​សកម្មភាព​ប្រធានាធិបតី​នៅ​លើ​អ៊ីនធឺណិត​។

ក្នុង​ការ​បង្ហោះ​សារ​ទៅ​កាន់​បណ្ដាញ​សង្គម Twitter ក្រុមហ៊ុន​ YouTube បាន​និយាយ​ថា​ បាន​ផ្អាក​គណនី​របស់​លោក Trump យ៉ាង​ហោច​ណាស់​ ១ សប្ដាហ៍​បន្ទាប់​ពី​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ថ្មីៗ​របស់​លោក​បាន​រំលោភ​គោលការណ៍​ប្រើប្រាស់​ ដែល​ប្រឆាំង​ការ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​។

នោះ​មាន​ន័យ​ថា​លោក Trump នឹង​មិន​អាច​បង្ហោះ​វីដេអូ​ថ្មី​ទៅ​កាន់​អ្នក​គាំទ្រ​ប្រមាណ​ ២,៨ លាន​នាក់​។ ក្រុមហ៊ុន​ Facebook បាន​ផ្អាក​ដំណើរ​ការ​គណនី​លោក​ Trump រហូត​ដល់ ​លោក​​ Joe Biden ចូល​កាន់​អំណាច​៕