The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ចី​បញ្ញើ​​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កើន

កម្ចី​បញ្ញើ​​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កើន

កម្ចី​បញ្ញើ​​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កើន

130729_11
អ្នកជិះកង់ធ្វើដំណើរឆ្លងកាត់មុខការិយាល័យគ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុ ក្នុងរាជធានីភ្នំពញ ប្រាសាក់ ជាគ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុ ធំមួយនៅកម្ពុជា

ភ្នំពេញៈ ទំហំ​ប្រាក់​កម្ចី និង ប្រាក់​បញ្ញើ​នៅ​តាម​គ្រឹះស្ថាន មីក្រូ​ហិរញ្ញវត្ថុ ទាំង ៣៥ មាន​ការ​កើន​ឡើង​ព្រម​គ្នា​ក្នុង​អំឡុង ៦ខែ​ឆ្នាំ​នេះ បើ​ប្រៀប​ធៀប​ទៅ​កាល​ពី​ដំណាច់​ខែ​ធ្នូ​ឆ្នាំ ២០១២។ នេះ​បើ​តាម​របាយ​ការណ៍ ហិរញ្ញវត្ថុ​របស់​សមាគម​មីក្រូ ហិរញ្ញវ​ កម្ពុជា (CMA)។

គិត​មក​ត្រឹម​ដំណាច់​ឆមាស​ទី​មួយ​ឆ្នាំ​នេះ ទំហំ​ប្រាក់​កម្ចី​សរុប​មាន ១ ០៨៨ លាន​ដុល្លារ កើន​ឡើង​ពី ៨០៨ លាន​ដុល្លារ​កាល​ពី​ដំណាច់​ឆ្នាំ​២០១២។ ទំហំ​ប្រាក់​បញ្ញើ​ក្នុង​ចំណោម​គ្រឹះស្ថាន ៧ ដែល​បាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​បាន​កើន​ដល់ ៣៧៧,៧ លាន​ដុល្លារ​គឺ​កើន​ឡើង​ពី ២២៤,៧ លាន​ដុល្លារ​កាល​ពី​ដំណាច់​ឆ្នាំ​មុន។

យោង​តាម​អ្នក​ជំនាញ​ក្នុង​វិស័យ​មីក្រូ ហិរញ្ញវត្ថុ សកម្មភាព​អាជីវកម្ម​នៅ​តាម​តំបន់​ជនបទ​ក្នុង​អំឡុង ៦ ខែ​ដំបូង​ឆ្នាំ​នេះ​នៅ​បន្ត​មាន​ស្ថិរភាព​។ លើស​ពី​នេះ​ភាព​ប្រសើរ​ឡើង​នៃ​ការ​យល់​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវ​ការ​ក្នុង​ចំណោម​ប្រជាជន​តាម​តំបន់​ជនបទ ក៏​បាន​ជំរុញ​ឲ្យ​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​នៅ​តាម​ស្ថាប័ន​មីក្រូ ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី១​ឆ្នាំ​នេះ​ផង​ដែរ។

លោក ប៊ុន មុនី ប្រធាន​សមាគម មីក្រូ ហិរញ្ញវត្ថុ​កម្ពុជា និង​ជា​នាយក​គ្រប់​គ្រង​ទូទៅ​គ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុ ស្ថាបនា លីមីធីត​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ជំនួញ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​ឆ្នាំ​នេះ​នៅ​បន្ត​ដំណើរការ​ល្អ ហើយ​ការ​ផ្តល់​កម្ចី​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​និង​កម្ចី​ផ្នែក កសិកម្ម​ក៏​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​កំណើន​នេះ​។

លោក​បន្ត​ថា​៖ «ស្ថានភាព​សេដ្ឋកិច្ច​នៅ​តាម​តំបន់​ជនបទ​នៅ​តែ​បន្ត​មាន​ស្ថិរភាព ល្អ ហើយ​តម្រូវ​ការ​ដើម​ទុន​ដើម្បី​វិនិយោគ​ក៏​កាន់​តែ​មាន​កំណើន។ យើង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​អត្រា​កំណើន​ដ៏​ខ្ពស់​នេះ»។ លោក​អះអាង​ថា កំណើន​ទំនុក​ចិត្ត​ក្នុង​ការ​ដាក់​ប្រាក់​សន្សំ​នៅ​តាម​ស្ថាប័ន​មីក្រូ ហិរញ្ញវត្ថុ​ក៏​ជា​ចំណែក​យ៉ាង​សំខាន់​ដែល​ធ្វើ​ឲ្យ​ប្រាក់​បញ្ញើ​សន្សំ កើន​ឡើង​ផង​ដែរ»។

តាម​របាយ​ការណ៍​ពី CMA គ្រឹះស្ថាន​ទាំង​អស់​នៅ​តែ​រក្សា​បាន​ការ​សង​ត្រឡប់​ទៀង​ទាត់​ពី​អតិថិជន​បាន​ល្អ​។ ទំហំ​ប្រាក់​កម្ចី​ដែល​ប្រឈម​នឹង​ហានិភ័យ​សង​ត្រឡប់​មក​វិញ​មាន​ត្រឹម តែ ៤ លាន​ដុល្លារ ពោល​គឺ ០,៣ ភាគរយ​ប៉ុណ្ណោះ​ធៀប​នឹង​ទំហំ​ប្រាក់​កម្ចី​សរុប។

របាយ​ការណ៍​បង្ហាញ​ថា គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ប្រាសាក់ បាន​ផ្តល់​ប្រាក់​កម្ចី​សរុប ៣០១ លាន​ដុល្លារ បន្ទាប់​មក​អម្រឹត​មីក្រូ ហិរញ្ញវត្ថុ​មាន​សរុប ១៧៤ លាន​ដុល្លារ ខណៈ​ស្ថាបនា លីមីធីត​មាន ១៣៩ លាន​ដុល្លារ។ ហត្ថាកសិករ លីមីធីត​មាន ១១៣ លាន​ដុល្លារ ស្រប​ពេល​គ្រឹះស្ថាន​ធំ​ជាង​គេ​ទី​ប្រាំ​គឺ អេ អឹម ខេ មាន​ចំនួន ៦៩ លាន​ដុល្លារ។

លោក ឌិន វីរៈ ស្ថាបនិក និង នាយក​វិទ្យាស្ថាន វី ឃែភីថល ដែល​ជា​វិទ្យាស្ថាន​ផ្តល់​សេវា​ប្រឹក្សា​ធុរកិច្ច​ធ្លាប់​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍​ដឹង​ថា ការ​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជន​ក្នុង​ការ​ដាក់​ប្រាក់​បញ្ញើ​សន្សំ​កាន់​តែ​ច្រើន​នឹង​ជួយ​រក្សា​ស្ថិរភាព​ប្រភព​ទុន​របស់​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ។ លោក​អះអាង​ថា​៖ «ការ​ប្រមូល​ប្រាក់​សន្សំ​បាន​កាន់​តែ​ច្រើន​និង​អាច​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ​មាន​លទ្ធភាព​ផ្តល់​ប្រាក់​កម្ចី​ទៅ​វិញ​កាន់​តែ​ច្រើន​ដែរ។ បើ​និន្នាការ​នេះ​នៅ​បន្ត​ល្អ វា​នឹង​រួម​ចំណែក​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​កាន់​តែ​ទាប»។

លោក ស៊ឹម សេនាជាតិ អគ្គ​នាយក​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ប្រាសាក់ បាន​ឲ្យ​ដឹង​ថា ទំហំ​ប្រាក់​បញ្ញើ​ក្នុង​គ្រឹះស្ថាន ប្រាសាក់ បាន​កើន​ឡើង​យ៉ាង​ខ្លាំង ក្នុង​អំឡុង​ឆមាស​ទី​មួយ​ឆ្នាំ​នេះ ដែល​នេះ​បាន​មក​ពី​កត្តា​រួម​ផ្សំ​សំខាន់ៗ​ជាច្រើន​ដូច​ជា​ទំនុក​ចិត្ត​របស់​អតិថិជន​លើ​ប្រព័ន្ធ​មីក្រូ ហិរញ្ញវត្ថុ និង​ការ​ធ្វើ​ទំនើបកម្ម​តាម​រយៈ​ការ​បំពាក់​បច្ចេកវិទ្យា​ខ្ពស់​ដូចជា​ម៉ាស៊ីន ATM ជាដើម។

លោក​បញ្ជាក់​ថា៖ «ទាំង​ទំហំ​ប្រាក់​កម្ចី និង​បញ្ញើ​កើន​ឡើង​លឿន​មែន​ទែន។ អតិថិជន​ចាស់​បាន​បង្កើន​ទំហំ​កម្ចី​របស់​ពួក​គេ​ធំ​ជាង​មុន ហើយ​អតិថិជន​ថ្មី​ក៏​មាន​ចំនួន​ច្រើន​ជាង​មុន»។ លោក​បាន​បន្ត​ថា ការ​ផ្តល់​កម្ចី​ទៅ​វិស័យ​សំខាន់ៗ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ដូចជា កសិកម្ម អាជីវកម្ម​ខ្នាត​នៅ​បន្ត​កើន​ឡើង​ព្រម​គ្នា​ក្នុង​រង្វង់ ៣០ ភាគរយ​នៃ​ទំហំ​ប្រាក់​កម្ចី​សរុប៕

អត្ថបទគួរចាប់អារម្មណ៍