The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ប្រជែង​តំណែង​ក្នុង​វិស័យ​ធនាគារ​កាន់​តែ​ខ្ពស់

ការ​ប្រជែង​តំណែង​ក្នុង​វិស័យ​ធនាគារ​កាន់​តែ​ខ្ពស់

ការ​ប្រជែង​តំណែង​ក្នុង​វិស័យ​ធនាគារ​កាន់​តែ​ខ្ពស់

130806_11
បុគ្គលិកធនាគារក្នុងស្រុកមួយកំពុងអង្គុយធ្វើការ បច្ចុប្បន្នការប្រកួតប្រជែងសមត្ថភាពក្នុងវិស័យនេះកំពុងតែកើនឡើង

ភ្នំពេញៈ លោក​ហេង ពិសិដ្ឋ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​ចុង​ឆ្នាំ​២០០៩ ហើយ​ពីរ​ខែ​ក្រោយ​មក​លោក​ក៏​បាន​ទទួល​ការងារ​ដំបូង​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ដែល​មាន​ប្រតិបត្តិការ​នៅ​ស្រុក​កំណើត​របស់​លោក​ក្នុង​ខេត្ត​កំពង់​ធំ​។

លោក​បាន​ចាប់​ផ្តើម​ជា​បុគ្គលិក​ផ្នែក​មន្ត្រី​ឥណទាន (Credit Officer)​ដែល​គិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​៣​ឆ្នាំ​ហើយ​។ ពិសិដ្ឋ​បាន​និយាយ​ថា​៖​«​ខ្ញុំ​សម្លឹង​ឃើញ​ឱកាស​ក្នុង​ការ​ឡើង​តំណែង​កាន់​តែ​ចង្អៀត​ទៅ​ៗ​។ សម្ពាធ​នៃ​ការ​ប្រកួតប្រជែង​ពី​បុគ្គលិក​មាន​សមត្ថភាព​ក៏​កាន់​តែ​ខ្លាំង​ជាង​មុន ស្រប​ពេល​តំណែង​ខ្ពស់​កាន់​តែ​មាន​តិច​ទៅ​ជាង​មុន​»​។ លោក​បន្ត​ថា អ្វី​ៗ​ហាក់​ខុស​គ្នា​ច្រើន​ជាង​កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០​ដែល​លោក​បាន​ឃើញ​គំរូ​ពី​សាច់ញាតិ​លោក​អាច​ទទួល​បាន​តំណែង​ធំ​ក្នុង​រយៈពេល​ខ្លី បន្ទាប់ពី​ចូល​បម្រើ​កាងារ​ដោយសារ​បរិយាកាស​ប្រកួតប្រជែង​ងាយស្រួល​ជាង​ពេល​បច្ចុប្បន្ន​។

ដំណើរ​ការងារ​របស់​លោក​ពិសិដ្ឋ​ហាក់​កំពុង​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ការងារ​របស់​បុគ្គលិក​រាប់រយ​នាក់​ផ្សេង​ទៀត​ដែល​ទើប​ចាប់​ផ្តើម​ការងារ​ក្នុង​វិស័យ​នេះ​ដោយ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ក្នុង​ការ​សម្រេច​គោល​បំណង​ដើម្បី​ទទួល​តំណែង​ខ្ពស់​ជាង​មុន​នោះ​។

បន្ថែម​ពី​ការ​ពឹង​ផ្អែក​លើ​សមត្ថភាព​ផ្ទាល់​ខ្លួន​អ្នក​ដែល​ឈាន​ចូល​ធ្វើការ​ក្នុង​វិស័យ​នេះ​ត្រូវ​សម្លឹង​ពី​កត្តា​ប្រឈម​ដ៏​មិន​អាច​មើល​រំលង​បាន​មួយ​ទៀត​នោះ​គឺ​ឱកាស​។

ខណៈ​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស​រួច​ទៅ​ហើយ​ការ​ស្រូប​យក​ធនធាន​មនុស្ស​ដើម្បី​បម្រើ​ការ​ក្នុង​វិស័យ​នេះ​ជាពិសេស​ឱកាស​ការងារ​សម្រាប់​តួនាទី​ជា​អ្នក​គ្រប់គ្រង​ថ្នាក់​កណ្តាល និង​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​កាន់​តែ​តិចតួច​ជាង​មុន​។

លោកស្រី វីរៈ​ស៊ីសុជាតា ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ក្រុមហ៊ុន Great Alliance​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ផ្តល់​ប្រឹក្សា​និង​ជ្រើសរើស​ធនធាន​មនុស្ស​សម្រាប់​ក្រុមហ៊ុន​ឯកជន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា តម្រូវការ​បុគ្គលិក​ថ្មី​ក្នុង​តំណែង​ជា​បុគ្គលិក​ចាប់ផ្តើម​ការងារ​ដំបូង​មាន​ការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ប្រហែល​៣០ ទៅ​៣៥ ភាគរយ​ប្រចាំ​ឆ្នាំ​។

តែ​ការ​ស្វែងរក​បុគ្គលិក​ក្នុង​តំណែង​ប្រធាន​ផ្នែក ឬ​តំណែង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​នេះ​មាន​តិចតួច នឹង​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​។ អ្នកស្រី​បន្ត​ថា​៖ «​បើ​យើង​ក្រឡេក​ទៅ​មើល​កាលពី​២០០៥ ចំនួន​បុគ្គលិក​ដែល​មាន​សក្តានុពល​នៅ​មាន​កម្រិត ហើយ​កាល​នោះ​ឱកាស​ការងារ​ក្នុង​តំណែង​សំខាន់​ៗ​មាន​ច្រើន​។ ប៉ុន្តែ​នា​ពេល​នេះ​ការ​ប្រកួតប្រជែង​មាន​ភាព​តឹងតែង​ជាង​មុន​»។

លោកស្រី​ងួន សុខា អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ទទួល​ស្គាល់​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ ផ្តល់​ការងារ​ដល់​និសិ្សត​ដែល​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ តែ​យ៉ាង​ណា​ក៏​ដោយ​លោកស្រី​អះអាង​ថា​និសិ្សត​ដែល​កំពុង​សិក្សា​ក៏​គួរ​សម្លឹង​មើល​ឱកាស​ការងារ​ក្នុង​វិស័យ​ផ្សេង​ជា​ជាង​ការ​ពឹង​អាស្រ័យ​តែ​ទៅ​លើ​វិស័យ​មួយ។​លោកស្រី​បន្ត​ថា​៖ ​«​ពិត​ណាស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បាន​ស្រូប​យក​បុគ្គលិក​ជាច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ​តែ​ទោះ​យ៉ាង​នេះ​ក្តី​វិស័យ​នេះ​មិន​អាច​ទ្រទ្រង់​កំណើន​តម្រូវ​ការងារ​ដ៏​ច្រើន​ដែល​និស្សិត​បាន​បញ្ចប់​ការ​សិក្សា​ត្រូវ​ការ​នោះ​ទេ​»​។

របាយការណ៍​ថ្មី​ៗ​ចេញ​ដោយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​(CMA)​បង្ហាញ​ថា ចំនួន​បុគ្គលិក​បម្រើការ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​៣៥​និង​ធនាគារ​អេស៊ីលីដា​មាន​ចំនួន​សរុប​២៣ ១៦៥​នាក់​នៅ​ចុង​ខែ​មិថុនា​ឆ្នាំ​២០១៣​ដោយ​កើន​ពី​២១ ៧១៦​នាក់​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១២។

លោក ស៊ឹម សេនាជាតិ​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​និយាយ​ថា​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​ក្នុង​តំណែង​ល្អ​និស្សិត​ត្រូវ​តែ​ផ្ដោត​លើ​គុណភាព​ចំណេះដឹង​ឲ្យ​បាន​ច្រើន​ប្រសើរ​ជាង​ការ​ផ្តោត​តែ​លើ​ការ​មាន​សញ្ញាបត្រ​។ លោក​បន្ត​ថា​៖​«​មាន​និស្សិត​ទើប​នឹង​បញ្ចប់​ការ​សិក្សា​ជាច្រើន​កំពុង​ស្វែងរក​ការងារ​នៅ​ពេល​នេះ​។​វា​មាន​ការ​ពិបាក​បន្តិច​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​បទពិសោធ​ខាង​ធនាគារ​សម្រាប់​មុខ​តំណែង​ខ្ពស់​ៗ​»។​លោក​លើក​ឧទាហរណ៍​ថា​បើ​យើង​ប្រកាស​ជ្រើសរើស​មន្រ្តី​ឥណទាន​១០០​នាក់​នឹង​មាន​អ្នក​ដាក់​ពាក្យ​ជាង​២ ០០០​នាក់ ។

លោក Grant Knuckey អគ្គនាយក​ធនាគារ​ANZ Royal​បាន​ថ្លែង​ថា​វិស័យ​ធនាគារ​កម្ពុជា​មាន​បញ្ហា​ខាង​ធនធាន​មនុស្ស​ខណៈ​ទីផ្សារ​នេះ​តាម​ពិត​គឺ​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​។ លោក​បន្ថែម​ថា​៖ «​នៅ​ធនាគារ ANZ Royal​យើង​តែងតែ​ដំឡើង​តួនាទី​ដល់​បុគ្គលិក​ដែល​សម​នឹង​ទទួល​បាន​តំណែង​ជា​ជាង​រយៈពេល​នៃ​ការ​បម្រើ​ការងារ​»៕​PB

អត្ថបទគួរចាប់អារម្មណ៍