The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កិច្ច​សម្ភាស​ជាមួយ​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​ទាក់​ទិន​នឹង​ព្រះ​មហាវីរក្សត្រ

កិច្ច​សម្ភាស​ជាមួយ​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​ទាក់​ទិន​នឹង​ព្រះ​មហាវីរក្សត្រ

កិច្ច​សម្ភាស​ជាមួយ​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​ទាក់​ទិន​នឹង​ព្រះ​មហាវីរក្សត្រ

Content image - Phnom Penh Post

ព្រះ ​អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​និង​ជា​អតីត​លេខា​ ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ ព្រះ​នរោត្តម សីហនុ​ដែល​បាន​ធ្វើ​ការ​បម្រើ​ព្រះ​អង្គ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​ បាន​ផ្តល់​បទ​សម្ភាស​ដល់​លោក ម៉ៃ ទិត្យថារ៉ា អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ទាក់​ទិន​ទៅ​នឹង​ស្នាព្រហស្ដ​របស់​អតីត​ព្រះ​មហាវីរក្សត្រ​និង​ទស្សនៈ​មួយ ចំនួន​ដែល​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​បន្ទាប់​ពី​ការ​យាង​សោយ ទិវង្គត​របស់​ព្រះ​មហាវីរក្សត្រ​ថា​តើ​នរណា​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ជំនួស​ព្រះ​អង្គ​ប្រសិន​បើ​មាន​បញ្ហា​ជាប់​គាំង​ផ្នែក​នយោបាយ​?

សូម​ព្រះ​អង្គមាន​បន្ទូល​រំឭក​ឡើង​វិញ​ចំពោះ​ព្រះ​រាជសកម្មភាព​របស់​ព្រះ​មហាវីរក្សត្រ​សម្រាប់​ប្រទេស​កម្ពុជា​?

ស្នា ព្រះ​ហស្ដ​របស់​ព្រះ​អង្គ​ដែល​បាន​ធ្វើ​គឺ​ព្រះ​រាជ​សកម្មភាព​ទាមទារ​ឯក រាជភាព​ជូន​ប្រទេស​ជាតិ​របស់​ព្រះ​អង្គ ទ្រង់​បាន​ចាប់​ផ្តើម​ធ្វើ​ព្រះ​រាជ​សកម្មភាព​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៥ ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​ពេល​ដែល​ជប៉ុន និង​បារាំង​វាយ​គ្នា​។ ជប៉ុន​ឈ្នះ​បាន​ដេញ​បារាំង​ចេញ​ពី​កោះ​ចិន ពេល​នោះ​ព្រះ​ករុណា​បាន​ឆក់ ឱកាស​ប្រកាស​នូវ​ឯករាជភាព​របស់​​កម្ពុជា​នៅ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​១៩៤៥ ដោយ​មាន​ការ​គាំទ្រ​ពី​ជប៉ុន​។ តែ​ឯករាជ្យ​នៅ​ពេល​នោះ​បាន​តែ​ប៉ុន្មាន​ខែ​ទេ​ ពីព្រោះ​បារាំង​បាន​ត្រឡប់​មក​វិញ​នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​១៩៤៥​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ព្រះករុណា​បាន​ចាប់​ផ្តើម​ចរចា​ទាមទារ​ឯករាជ្យ​ ពី​បារាំង​រហូត​ដល់​ឆ្នាំ​១៩៥៣​ ទើប​បាន​ទទួល​ឯករាជ្យ​ពី​បារាំង​ ហើយ​ឯករាជ្យ​ជា​ថ្មី​ម្តង​ទៀត​នៅ​ឆ្នាំ​១៩៩១​ ដែល​បាន​ចុះ​ហត្ថលេខា​ស្តី​ពី​កិច្ច​ព្រមព្រៀង​នៅ​ទីក្រុង​ប៉ារីស។ ក្រៅ​ពី​ការ​ទាមទារ​ឯក​រាជ្យ​ ព្រះអង្គ​ការពារ​បូរណភាព​ទឹកដី​គឺ​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ​១៩៦២​ តុលាការ​អន្តរជាតិ​បាន​ប្រកាស​សាលក្រម​ជូន​ប្រទេស​កម្ពុជា​ទទួល​ស្គាល់​ ប្រាសាទ​ព្រះ​វិហារ​ស្ថិត​ក្នុង​ទឹក​ដី​ខ្មែរ​។

ខ្ញុំ​សូម​រំឭក​ថា​ក្រោយ​ពី​បោះឆ្នោត​ឆ្នាំ​១៩៩៣ បើ​ពុំ​មាន​ព្រះ​ករុណា​ទេ​គឺ​យើង​មាន សង្គ្រាម​ទៀត​ហើយ។ ប្រសិន​បើ​ព្រះ​ករុណា​លោក​មិន​ជំរុញ​ឲ្យ​មាន​រដ្ឋាភិបាល​ចម្រុះ​ដោយ​មាន គ្រប់​បក្ស​នយោបាយ​មាន​អាសនៈ​នៅ​រដ្ឋសភា​ជាតិ​។ យើង​រំឭក​ស្នា​ព្រះហស្ដ​របស់​ព្រះ​អង្គ​ឆ្នាំ​១៩៥៣​ ឆ្នាំ​១៩៩​១​ តែ​អ្វី​ដែល​ធំ​បំផុត​ដែល​យើង​មិន​អាច​បំភ្លេច​បាន​គឺ​ក្រោយ​ពី​បោះឆ្នោត ឆ្នាំ​១៩៩៣ គឺ​ព្រះ​អង្គ​ជា​អ្នក​ការពារ​សន្តិភាព។

121031_14a
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រនិងជាអតីតលេខាផ្ទាល់របស់ព្រះមហាវីរក្សត្រ

រីឯ​នយោបាយ​អន្តរជាតិ​របស់​ព្រះអង្គ​គឺ​ក្នុង​គោលការណ៍​តែ​មួយ​គត់​ គឺ​ការពារ​បូរណភាព​ទឹក​ដី​និង​ការពារ​សន្តិភាព ស្ថិត​នៅ​លើ​លក្ខខណ្ឌ​ពីរ​នេះ នៅ​ពេល​ប្រទេស​ណា​មួយ​ចង់​ចង​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​កម្ពុជា​ គឺព្រះ​អង្គ​ឲ្យ​ទទួល​ស្គាល់​នូវ​ព្រំដែន​របស់​ប្រទេស​កម្ពុជា​ក្រោយ​ពី​ ឆ្នាំ​១៩៥៣ និង​ទី​ពីរ​គឺ​ទទួល​ស្គាល់​នូវ​ឯករាជ្យ​របស់​ខ្មែរ​គឺ​ព្រះ​អង្គ​បាន​ដើរ​នយោបាយ​អព្យាក្រឹត​ដើម្បី​ការពារ​សុខ​សន្តិភាព​ជូន​រាស្ត្រ​របស់​ព្រះអង្គ​ក្នុង​រយៈពេល​១៧​ឆ្នាំ​។

ព្រះ​អង្គ​បាន​ប្រកាន់​ទស្សនៈ​មួយ​ថា​យើង​អាច​នឹង​មាន​ការ​អភិវឌ្ឍ​បាន​លុះ​ត្រា​ណា​តែ​យើង​មាន​ការ​អប់រំ​ពីព្រោះ​ការ​អប់រំ​គឺ​ជា​មូលដ្ឋាន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។ ដូច្នេះ​ព្រះ​អង្គ​បាន​កសាង​មហាវិទ្យាល័យ​នៅ​គ្រប់​ខេត្ត​ទាំង​អស់​។ រីឯ​វិទ្យាល័យ​និង​អនុវិទ្យាល័យ​គឺ​មិន​ត្រឹម​នៅ​គ្រប់​ខេត្ត​ទេ​គឺ​គ្រប់​ ភូមិ​ ឃុំ​ទាំង​អស់​។ ​ប្រទេស​ខ្មែរ​គឺ​ជា​ប្រទេស​កសិកម្ម​ លោក​បាន​ប្រកាស​ថា​ការ​កសាង​ប្រទេស​ជាតិ​យើង គឺ​យក​វិស័យ​កសិកម្ម​ជា​មូលដ្ឋាន​ ដូច្នេះ​ហើយ​យើង​មាន​រោង​ចក្រ​នៅ​គ្រប់​កន្លែង​ដែល​រាប់​ស្ទើរ​តែ​មិន​អស់។

នៅ​ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ កាន់​ព្រះមរណទុក្ខ​រយៈពេល​១​សប្តាហ៍ មាន​ពលរដ្ឋ​មកពី​​គ្រប់​​ទិសទី​ដើម្បី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​របស់​ ព្រះ​មហាវីរក្សត្រ​តើ​ព្រះ​អង្គ​ម្ចាស់​យល់​យ៉ាង​ដូចម្តេច​ដែរ​?

រាជ​រដ្ឋា​ភិបាល​ក៏ដូច​ជា​ខាង​រាជវង្ស​ដែរ គឺ​ពុំ​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​មក​គោរព​ព្រះវិញ្ញាណក្ខន្ធ​របស់​មហាវីរក្សត្រ​ទេ​ក្រៅ​តែ​ពី​ឲ្យ​សិស្ស​និស្សិត​ចូល​រួម​ដង្ហែ​ព្រះ​បរម​សព​របស់​ ព្រះ​ករុណា​ពី​ប្រទេស​ចិន​។ ប្រជារាស្ត្រ​លោក​មក​ចូល​រួម​ច្រើន​នេះ​គឺ​លោក​ចង់​បង្ហាញ​នូវភាព ស្រឡាញ់​ស្នេហា​ព្រះ​ករុណា គឺ​ផុស​ចេញ​មក​ពី​ចិត្ត​តែ​ម្តង។ មូលហេតុ​អ្វី​ដែល​រាស្ត្រ​ស្រឡាញ់​ព្រះករុណា​គឺ​ដោយ​សារ​តែ​ព្រះ​ករុណា​លោក​ ស្រឡាញ់​រាស្ត្រ​ ដូច្នេះ​ប្រជារាស្ត្រ​ស្រឡាញ់​លោក​ស្មើ​នឹង​លោក​ស្រឡាញ់​ប្រជារាស្ត្រ។

រាជរដ្ឋាភិបាល​បាន​សម្រេច​សាង​ព្រះ​រូប​សំណាក​របស់​ព្រះ​មហាវីរក្សត្រ​នៅ​ ក្បែរ​វិមាន​ឯករាជ្យ​តើ​ព្រះ​អង្គ​ម្ចាស់​មាន​ព្រះ​តម្រិះ​យ៉ាង​ដូច​ម្តេច​ដែរ ?

រឿង​នេះ​ធ្លាប់​មាន​ហើយ​ ជា​ពិសេស​ពេល​នៅ​ក្នុង​សង្គម​រាស្ត្រ​និយម​គឺ​មាន​រូប​របស់​ព្រះ​ករុណា​នៅ​ គ្រប់​ខេត្ត​ ហើយ​ក្រោយ​មក​សម្តេច​នាយក​រដ្ឋ​មន្ត្រី​លោក​ក៏​បាន​ស្នើ​សុំ​ដាក់​តាំង​រូប​ សំណាក​ឡើង​វិញ​នៅ​ខាង​មុខ​ព្រះ​រាជ​ដំណាក់​របស់​ព្រះ​អង្គ​ដែល​ប្រសូត​ តែ​ព្រះ​ករុណា​លោក​បាន​បដិសេធ។ ​មូល​ហេតុ​ដែល​ព្រះ​អង្គ​បដិសេធ​នោះ​ គឺ​រូប​សំណាក​របស់​ព្រះ​អង្គ​នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​នៅ​ពេល​ដែល​គេ​ ធ្វើ​រដ្ឋ​ប្រហារ​ទៅ​គេ​វាយ​ចោល​ខ្ទេច​អស់​គ្មាន​សល់​។

មតិ​មួយ​ ចំនួន​បាន​លើក​ឡើង​ថា សម្តេច​ឪ​ជា​ព្រះ​បិតា​ផ្សះផ្សាជាតិ​ ជា​ពិសេស​នៅ​ពេល​ណា​ដែល​មាន​បញ្ហា​នយោបាយ​ជាប់​គាំង​ទ្រង់​តែង​តែ​សម្រប​ សម្រួល ហើយ​នៅ​ពេល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ​ថា​តើ​នរណា​ជា​អ្នក​ដោះស្រាយ​បញ្ហា​ នយោបាយ​ជាប់​គាំង​នេះ​ តើ​ព្រះ​អង្គម្ចាស់​អាច​បក​ស្រាយ​បាន​ទេ​អំពី​បញ្ហា​នេះ​?

ខ្ញុំ​សូម​ឆ្លើយ​ដោយ​ខ្លី ហើយ​កុំ​ថា​ខ្ញុំ​ធ្វើ​ការ​ឃោសនា​ ខ្ញុំ​គ្រាន់ ​ តែ​រំឭក​នូវ​ព្រះ​រាជ​ឱង្កា​របស់​ព្រះ​ករុណា ហើយ​ខ្ញុំ​សូម​ទុក​ពាក្យ​ហ្នឹង​ជា​ព្រះ​រាជ​បណ្តាំ​របស់​ព្រះ​ករុណា​គឺ​ក្រៅ ​ពី​លោក​គឺ​មាន​តែ​សម្តេច​នាយក​ហ៊ុន​ សែន​ ជា​អ្នក​បន្ត​ ហើយ​នេះ​ពុំ​មែន​ជា​ការ​និយាយ​លេង​ឬក៏​បញ្ជោរ​នោះ​ទេ​ គឺ​ដួង​ព្រះហទ័យ​របស់​ព្រះ​អង្គ ពីព្រោះ​លោក​ជា​ព្រះ​បិតា​ជាតិ​លោក​ឃើញ​គុណភាព​និង​សមត្ថភាព​របស់​សម្តេច​ ហ៊ុន សែន​ ដូច្នេះ​ភារ​នេះ គឺ​ធ្លាក់​មក​លើ​សម្តេច​ហ៊ុន សែន ហើយ​សម្តេច​នាយក​ បាន​សច្ចាប្រណិធាន​នៅ​មុខ​ព្រះ​បរម​សព​របស់​ព្រះ​អង្គថា​ ការពារ​រាជ​បល្ល័ង្ក​ ការពារ​កម្ពុជា​។

តើ​អ្វី​ជា​មេរៀន​ធំបំផុត​ដែល​អ្នក​នយោបាយ​គួរ​តែ​ធ្វើ​តាម​ព្រះ​មហាវីរក្សត្រ​?

ខ្ញុំ​សូម​និយាយ​យ៉ាង​ខ្លី​មួយ​ម៉ាត់​ លោក​ខិត​ខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ក្នុង​គោល​បំណង​ផ្តល់​សេចក្តី​សុខ​ដល់​ប្រជារាស្ត្រ ដូច្នេះ​អភិវឌ្ឍន៍​គឺ​ការពារ និង​ផ្តល់​សេចក្តី​សុខ​ដល់​រាស្ត្រ។ ព្រះអង្គ​ពុំ​ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​រង​ទុក្ខ​វេទនា​ក្នុង​ការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ទេ។​ នេះ​គឺជា មេរៀន​ធំបំផុត​របស់​ព្រះ​អង្គ​សម្រាប់​ឲ្យ​អ្នក​នយោបាយ​យក​គំរូ​តាម​គឺ​ ធ្វើ​យ៉ាង​ម៉េច​ការពារ​ក្តី​សុខ​របស់​រាស្ត្រ​ ហើយ​ក្នុង​ការ​កសាង​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ប៉ះ​សេចក្តី​សុខ​របស់​រាស្ត្រ ហើយ​កុំ​ឆ្ងល់​ថា​ ហេតុ​អី​បាន​ជា​រាស្ត្រ​ស្រឡាញ់​ព្រះអង្គ។​

មាន ទស្សនៈ​បាន​លើក​ឡើង​ថា​អនាគត​របស់​រាជានិយម​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​ របស់​គណបក្ស​ប្រជាជន តើ​ព្រះ​អង្គ​ម្ចាស់​អាច​ធ្វើ​ការ​បកស្រាយ​បាន​ទេ​ថា​តើ​អនាគត​របស់​ រាជានិយម​នឹង​ទៅ​ជា​យ៉ាង​ណា?

ខ្ញុំ​ពុំ​មាន​ការព្រួយ​បារម្ភ​ចំពោះ​ រាជានិយម​ ហើយ​ខ្ញុំ​ក៏សុំ​បដិសេធ​នូវ​បន្ទូល​របស់​អ្នក​អង្គ​ម្ចាស់​នរោត្ដម​ សោម៉ា ដែរ ហើយ​មូល​ហេតុ​ខ្ញុំ​មិន​ព្រួយបារម្ភ​រាជា​និយម​ គឺ​ថា​ រាជា​និយម​មិន​ស្ថិត​នៅ​ក្រោម​គណបក្ស​នយោបាយ​ណា​មួយ​ទេ​ គឺ​រាជា​និយម​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​មនុស្ស​គ្រប់​ៗ​គ្នា ​ដូចជា ព្រះ​ករុណា​លោក​យាង​ចូល​ទិវង្គត ប្រជារាស្ត្រ​ដែល​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​នោះ​ពុំ​មែន​កាន់​ កាត​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាជន​ឬគណបក្ស​នយោបាយ​ណា​ផ្សេង​ទៀត​ទេ​។ ខ្ញុំមិន​ព្រួយ​បារម្ភ​ទេ​ទៅ​អនាគត​ល្គិក​ណា​យើង​នៅ​មាន​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម​ សីហមុនី និង​សម្តេច​ម៉ែ។ ​

ក្នុង​នាម ដែល​ព្រះ​អង្គ​ម្ចាស់​ជា​អ្នក​ធ្វើ​ការ​ជា​ច្រើន​ទសវត្សរ៍​ជាមួយ ព្រះមហាវីរក្សត្រ តើ​ស្នា​ព្រះហស្ដ​អ្វី​របស់​ព្រះ​មហា​វីរក្សត្រ​​ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ម្ចាស់​មិន​អាច​បំភ្លេច​បាន?

មាន​ច្រើន​ តែ​បើ​និយាយ​សរុប​ទៅ​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​គឺ​ឯក​រាជ្យ​ សន្តិភាព​ ​និង​អធិបតេយ្យភាព៕

អត្ថបទគួរចាប់អារម្មណ៍