គេមិនទាន់អាចនិយាយថាជាគូស្វាមីភរិយាស្របច្បាប់ទេ ប្រសិនបើសហព័ន្ធន៍ទាំងពីរមិនបានធ្វើសំបុត្រអាពាហ៍ពិពាហ៍ស្របតាមច្បាប់កំណត់ទេនោះ។ សំបុត្រអាពាហ៍ពិពាហ៍នេះ មានប្រយោជន៍យ៉ាងច្រើនសម្រាប់គូភរិយា ដើម្បីឲ្យការរួមរស់ជាមួយគ្នាសុខក្សេមក្សាន្ត។

គូស្វាមីភរិយាថ្មីជូនភ័ស្តុភារ បណ្ណាការជូនដល់មាតាបិតារបស់ខ្លួន។ បន្ទាប់ពីមង្គលការ គូស្វាមីភរិយាគួរទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍។ រូបថត សុវណ្ណ ភីឡុង
សំបុត្រអាពាហ៍ពិពាហ៍ ជាការបញ្ជាក់ថា សហព័ន្ធន៍ទាំងពីរ បានសុខចិត្តព្រមព្រៀងគ្នាជាឱឡារិកទទួលយកគ្នាធ្វើជាគូស្វាមីភរិយា ទៅតាមផ្លូវច្បាប់។
គ្រប់គូស្វាមីភរិយាទាំងអស់ ក្រោយពីពួកគេរៀបអាពាហ៍ពិពាហ៍រួចហើយ ត្រូវបំពេញ កាតព្វកិច្ចមួយសំខាន់ទៀតគឺ ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ពីព្រោះសំបុត្រនេះមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់គូ ស្វាមីភរិយានិងក្រុមគ្រួសាររបស់គេផងដែរ។
អ្វីជាសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិល?
លោក សេង ឡឹង ជាទីប្រឹក្សាផ្នែកច្បាប់នៅក្រុមហ៊ុន ឌីហ្វែស ឌីអែល (DFDL) បាននិយាយឲ្យដឹងថា នៅក្នុងអត្រានុកូលដ្ឋានមានលិខិតសំខាន់ចំនួនបី គឺ លិខិតកំណើត លិខិតអាពាហ៍ពិពាហ៍ និងលិខិតមរណៈ។ លោកទីប្រឹក្សាផ្នែកច្បាប់រូបនេះ បានមានប្រសាសន៍ប្រាប់អំពីនិយមន័យនៃលិខិតអាពាហ៍ពិពាហ៍ ឬ សំបុត្រអាពាហ៍ពិពាហ៍ ឬបញ្ជីអាពាហ៍ពិពាហ៍ ថា ៖ «វាគឺជាលិខិតមួយដែលសហព័ទ្ធន៍ទាំងពីរ (ប្តីប្រពន្ធ) បានសុខចិត្តព្រមព្រៀងគ្នាជាឱឡារិកទទួលយកគ្នាជាគូស្វាមីភរិយាទៅតាមផ្លូវច្បាប់»។
បើនិយាយពីសំបុត្រ ឬ បញ្ជីអាពាហ៍ពិពាហ៍ មានប្រជាជនកម្ពុជាជាច្រើននាក់នៅមានចម្ងល់ថា ស្អីទៅជាសំបុត្រអាពាហ៍ពិពាហ៍ ឬបញ្ជីអាពាហ៍ពិពាហ៍? ប៉ុន្តែ ប្រសិនបើនិយាយថា អេតាស៊ីវិល នោះប្រាកដណាស់ថា ប្រជាជនកម្ពុជាភាគច្រើននឹងស្គាល់ថា វាជាអ្វី។
គុណតម្លៃនៃសំបុត្រ ឬបញ្ជីអាពាហ៍ពិពាហ៍
លោក គង់ ថេម ប្រធានភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានមានប្រសាសន៍ឲ្យដឹងថា ការចុះបញ្ជីអាពាហ៍ពិពាហ៍នេះមានអត្ថប្រយោជន៍ណាស់សម្រាប់ភរិយាស្វាមីដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយ។ ហេតុអ្វីបានស្វាមីភរិយាទាំងអស់ត្រូវធ្វើសំបុត្រ អាពាហ៍ពិពាហ៍? លោកប្រធានភូមិរូបនេះបានមានប្រសាសន៍ថា៖ «សំបុត្រអាពាហ៍ពិពាហ៍ នេះមានអត្ថប្រយោជន៍ណាស់សម្រាប់ពួកគេជាប្តីប្រពន្ធ និងកូនចៅរបស់គេផងដែរ ដូចជាការសម្គាល់ឈ្មោះបុរសស្ត្រីជាប្តីប្រពន្ធ ជាភស្តុតាងសម្រាប់ធ្វើការលែងលះគ្នា សម្រាប់ទាមទារប្រាក់អាហារកិច្ចដល់កូនពួកគេ សម្រាប់ប្រើប្រាស់ចំពោះមុខច្បាប់ជាដើម»។
លោកគង់ ថេម បានពន្យល់បន្តថា អត្ថប្រយោជន៍ របស់វាមួយទៀតនោះគឺកូនដែលកើតមក នោះជាកូនមានខាន់ស្លា ព្រោះឪពុកម្តាយរបស់ពួកគេមានសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ប៉ុន្តែចំពោះគូស្វាមីភរិយាណាមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិលតាមផ្លូវច្បាប់នោះទេ កូនដែលកើតមកគេហៅថា «កូនឥតខាន់ស្លា»។
ដូចគ្នាទៅនឹងលោកប្រធានភូមិខាងលើនេះ លោកមេធាវី ពុទ្ធ ធាវី មានប្រសាសន៍ថា ការចុះសំបុត្រអាពាហ៍ ពិពាហ៍ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមគ្រួសារ ក្នុងការបញ្ជាក់ថា ពួកគេរៀបអាពាហ៍ពិពាហ៍ស្របទៅតាមអ្វីដែលច្បាប់បានចែង។ ម៉្យាងវិញទៀត វាមានសារៈប្រយោជន៍សម្រាប់កូនៗ មរតក ទ្រព្យសម្បត្តិរួម រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។
នៅក្នុងការទទួលបាននូវសំបុត្រអាពាហ៍ពិពាហ៍នេះមិនមែនមនុស្សទាំងអស់ចង់បានហើយ ពួកគេទទួលបាននោះទេ ។ វាមានលក្ខខ័ណ្ឌជាច្រើនដែលពួកគេត្រូវបំពេញមុនពេលទទួលបានសំបុត្រអាពាហ៍ពិពាហ៍នេះ។
លោកគង់ ថេមមានប្រសាសន៍ឲ្យដឹងពីចំណុចនេះថា៖ «លក្ខខ័ណ្ឌក្នុងការចុះបញ្ជីអាពាហ៍ពិពាហ៍ បុរសត្រូវមានអាយុ ២០ ឆ្នាំ និងស្ត្រីមានអាយុ ១៨ ឆ្នាំ ដែលពួកគេស្ម័គ្រចិត្តទទួលយកគ្នាជាប្តីប្រពន្ធ ទើបពួកគេត្រូវបានអនុញ្ញាតឲ្យចុះបញ្ជី អាពាហ៍ពិពាហ៍ ឬសំបុត្រអាពាហ៍ពិពាហ៍។ គូស្វាមីភរិយាអាចធ្វើសំបុត្រអាពាហ៍ពិពាហ៍ បាននៅសាលាឃុំ-សង្កាត់ ដោយពួកគេត្រូវនាំសាក្សីពីរនាក់មកជាមួយផង ដើម្បីមើល និង ធ្វើជាសាក្សីបញ្ជាក់ថា គូស្វាមីភរិយានេះពិតជាបានធ្វើសំបុត្រអាពាហ៍ពិពាហ៍ប្រាកដមែន»។
ទាក់ទងទៅនឹងវ័យ ឬអាយុនេះផងដែរ លោកប្រធានភូមិបានបញ្ជាក់ឲ្យដឹងថា ចំពោះស្ត្រី ដែលមានអាយុក្រោម ១៨ ឆ្នាំ ក៏អាចធ្វើសំបុត្រអាពាហ៍ពិពាហ៍នេះបានដែរ ក្នុងករណី ដែល ស្ត្រីនោះបានរួមរស់ជាមួយបុរសជាដៃគូរហូតមានផ្ទៃពោះ នោះពួកគេក៏អាចទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍បានដែរ។
ការចុះសំបុត្រអាពាហ៍ពិពាហ៍មិនបានកំណត់ថ្ងៃទេថា គូស្វាមីដែលទើបតែរៀបការរួចហើយ ត្រូវតែទៅធ្វើបែបបទចុះបញ្ជីអាពាហ៍ពិពាហ៍នោះទេ។ ស្វាមីភរិយាអាចទៅធ្វើសំបុត្រ អាពាហ៍ពិពាហ៍ ពេលណាក៏បាន ឬនៅពេលដែលពួកគេមានកូនពីរ ឬបីនាក់ហើយក៏ដោយ ក៏អាចទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍នេះបានដែរ។ នេះបើយោងទៅតាមប្រសាសន៍ដូចគ្នា របស់លោក គង់ ថេម និងលោកមេធាវី ពុទ្ធ ធាវី។
គួរបញ្ជាក់ថា ការចុះសំបុត្រអាពាហ៍ពិពាហ៍ នេះ ពួកគេអាចធ្វើបាននៅឃុំ-សង្កាត់ខាងប្តី ឬនៅឃុំសង្កាត់ខាងប្រពន្ធក៏បានដែរ។
សំបុត្រអាពាហ៍ពិពាហ៍អស់សុពលភាពនៅពេលណា?
សំបុត្រអាពាហ៍ពិពាហ៍ដែលធ្វើហើយមិនអាចលុបចោល ឬហែកចោលតាមទំនើងចិត្តបាន នោះទេ។ អ្នកដែល អាចលុបចោលឬអស់សុពលភាពបាន គឺមានតែតុលាការទេ ដែលមាន សិទ្ធិគ្រប់គ្រាន់ក្នុងការចេញសាលក្រមរំសាយចោល។
លោកប្រធានភូមិ គង់ ថេម បាន មានប្រសាសន៍ថា៖ «ក្នុងករណីដែលគូភាគីទាំងពីរសុំធ្វើ ការលែងលះគ្នា គូ ស្វាមីភរិយាទាំងពីរត្រូវប្តឹងទៅតុលាការ ដើម្បីឲ្យតុលាការសម្រេច និងចេញ សេចក្តីប្រកាសថា ពួកគេលែងជាប្តី ប្រពន្ធតទៀតហើយ ពេលនោះសំបុត្រអាពាហ៍ពិពាហ៍ របស់ពួកគេ គឺគ្មានសុពលភាពបញ្ជាក់ថា ពួកគេជាគូស្វាមីភរិយានឹងគ្នាទៀតទេ»។ សាលក្រមសម្រេចឲ្យស្ត្រីមេម៉ាយ ឬបុរសពោះម៉ាយ បានក្នុងរយៈពេល ៣០០ ថ្ងៃ បន្ទាប់ពី នោះគឺពួកគេអាចរៀបការជាមួយស្ត្រី ឬបុរសផ្សេងទៀតបាន។
លោកបានធ្វើការបញ្ជាក់ថា បើពួកគេគ្រាន់តែធ្វើជាពិធីភ្ជាប់ពាក្យ ជប់លៀង ឬរៀបការ តែ ពួកគេមិនបានធ្វើសំបុត្រអាពាហ៍ពិពាហ៍នោះ នៅពេលដែលពួកគេប្តឹងសុំធ្វើការលែងលះ គឺ តុលាការនឹងមិនចេញសាលក្រមឲ្យពួកគេបានទេ ព្រោះពួកគេគ្មានសំបុត្រអាពាហ៍ពិពាហ៍។ ប៉ុន្តែពួកគេអាចសម្រេចលែងលះគ្នាដោយចិត្តរបស់គេ បានដោយទៅឃុំសង្កាត់ដើម្បី ប្រកាសឲ្យដឹងថា ពួកគេសុំធ្វើការលែងលះគ្នាចំណែកទ្រព្យសម្បត្តិរបស់ពួកគេ គឺមិនមាន នរណាអាចសម្រេចបែងចែកឲ្យពួកគេបានទេ។
ពួកគេជាអ្នកចាត់ចែងដោយខ្លួនឯង។ ប៉ុន្តែ ប្រសិនបើពួកគេមានសំបុត្រអាពាហ៍ពិពាហ៍ នោះតុលាការមានសិទ្ធិបែងចែកទ្រព្យសម្បត្តិ ឲ្យពួកគេបានដោយតុលារនឹងធ្វើការសាកសួរ តើប្តីធ្វើអ្វី ប្រពន្ធធ្វើអ្វី។ ដូចនោះ តុលាការនឹង ធ្វើការបែងចែកទៅតាមនោះតែម្តង។
លោក ជា សុវណ្ណ អាយុ ៤០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ ដែលបានបែកបាក់គ្នាជាមួយ ភរិយាបានរៀបការនិងរួមរស់ជាមួយគ្នាជាង១០ ឆ្នាំ រហូតមានកូនចំនួនបីនាក់នៅក្នុងបន្ទុក ទៀត តែលោកមិនទាន់មានសំបុត្រអាពាហ៍ពិពាហ៍នៅឡើយទេ។
លោកបានមានប្រសាសន៍ ថា៖ «ខ្ញុំគិតថា វាមិនសំខាន់សម្រាប់ខ្ញុំទេ ហើយមួយវិញទៀតវាមានភាពងាយស្រួលសម្រាប់ ខ្ញុំផងដែរនៅពេលខ្ញុំបែកបាក់គ្នា គឺខ្ញុំមិនចាំបាច់ចំណាយពេលច្រើនក្នុងការឡើងតុលាការសុំ ធ្វើការលែងលះគ្នា»។
លោក សុវណ្ណ បន្តថា លោកដឹងថា សំបុត្រអាពាហ៍ពិពាហ៍ មានសារៈសំខាន់ ប៉ុន្តែការដែល មិនធ្វើក៏មានគុណសម្បត្តិម្យ៉ាងដែរសម្រាប់លោក។ លោកនិយាយថា៖«សំខាន់គឺស្ថិតនៅលើខ្លួនខ្ញុំទេ ថាមួយណាល្អ និងមួយណាងាយស្រួលជាង»៕