ភ្នំពេញៈ ធនាគារតៃវ៉ាន់ Taiwan Cooperative Bank បានបើកសាខាលើកដំបូងក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញដែលបានធ្វើឲ្យក្លាយជាធនាគារពាណិជ្ជទី៣៤និងជាធនាគារតៃវ៉ាន់ទីពីរនៅកម្ពុជាក្រោយពីការបើកធនាគារពាណិជ្ជអន្តរជាតិរបស់តៃវ៉ាន់កាលពីខែកញ្ញាឆ្នាំ២០១១។
វត្តមានរបស់ធនាគារតៃវ៉ាន់នៅកម្ពុជាកំពុងឆ្លុះបញ្ចាំងពីការកើនឡើងនៃពាណិជ្ជកម្មតៃវ៉ាន់ទីនេះជាពិសេសនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ។
តាមសេចក្ដីប្រកាសព័ត៌មានពីធនាគារឲ្យដឹងថាធនាគារនេះទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៦ ខែមីនា ២០១៣ បន្ទាប់ពីការទទួលការយល់ព្រមជាគោលការណ៍នៅខែកញ្ញា។
លោក Ling-long Shen ប្រធានធនាគារតៃវ៉ាន់បានថ្លែងថា៖ «សាខានៅភ្នំពេញគឺជាការចាប់ផ្ដើមរបស់ធនាគារនេះជាការពង្រីករបស់ខ្លួនលើឧបទ្វីបឥណ្ឌូចិន»។ លោក Shen បន្ថែមថា៖ «ធនាគារនេះនឹងការពារនិងប្រើប្រាស់បទពិសោធរបស់ខ្លួនក្នុងប្រទសកម្ពុជាដើម្បីទទួលបានការរីកចម្រើននាពេលអនាគត។ សាខាភ្នំពេញគឺជាទីតាំងដ៏រឹងមាំទីពីរក្នុងបណ្ដាប្រទេសអាស៊ានទាំង១០ខណៈធនាគារមានសាខាមួយរួចទៅហើយនៅហ្វីលីពីន»។
លោកស្រីអ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានថ្លែងថាការបើកសាខារបស់ធនាគារតៃវ៉ាន់ក្នុងប្រទេសកម្ពុជាកំពុងតែបញ្ជាក់ជំនឿចិត្តពីវិស័យឯកជនចូលមកក្នុងឧស្សាហកម្មធនាគារនិងហិរញ្ញវត្ថុរបស់កម្ពុជា។ លោកស្រីបន្តថាធនាគារនេះនឹងនាំមកនូវបច្ចេកវិទ្យាថ្មីអ្នកជំនាញថ្មីបង្កើតការងារថ្មីដើម្បីជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោក Ling-long Shen ថ្លែងថាធនាគារនេះមានបទពិសោធខាងឧស្សាហកម្មអង្ករក្នុងប្រទេសតៃវ៉ាន់ដូច្នេះការិយាល័យកណ្ដាលរបស់ធនាគារគ្រោងយុទ្ធសាស្ដ្រពាណិជ្ជកម្មមួយសម្រាប់ឲ្យត្រូវគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោក Shen បានបន្តថា៖ «ក្រៅពីការបម្រើដល់អ្នកជំនួញជនជាតិតៃវ៉ាន់ក្នុងស្រុកវានឹងបង្កើនដល់អ្នកជំនួញនិងពាណិជ្ជករក្នុងស្រុករបស់កម្ពុជាផងដែរ»៕ PB