
ភ្នំពេញៈ ធនាគារ Hong Leong Bank ដែលមានមូលដ្ឋាននៅម៉ាឡេស៊ី និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong Financial Group Berhad មានផែនការបើកដំណើរការនៅកម្ពុជាក្នុងពេលណាមួយនៅឆ្នាំនេះ។ធនាគារនេះនឹងក្លាយជាធនាគាររបស់ម៉ាឡេស៊ីទី៤និងជាធនាគារពាណិជ្ជទី ៣៣ ក្នុងឧស្សាហកម្មធនាគារដ៏ចង្អៀតរបស់កម្ពុជា។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Hong Leong Bank ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារ Hong Leoung Bank ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខមួយក្នុងប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា។
លោកស្រី ងួន សុខា អគ្គនាយិកាធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារនេះបានស្នើសុំអាជ្ញាប័ណ្ណកាលពីឆ្នាំមុន។
លោកស្រីបានបន្ថែមថា៖ «ពួកគេបានដាក់ពាក្យស្នើសុំប្រហែលជាងមួយឆ្នាំមកហើយប៉ុន្តែធនាគារនេះទើបទទួលបានការយល់ព្រមជាគោលការណ៍កាលពីខែមុន។យើងកំពុងពិនិត្យនិងធ្វើការលើផែនការពាណិជ្ជកម្មរបស់ពួកគេព្រោះយើងចង់ឲ្យប្រាកដថាតើពួកគេមានលក្ខណៈគ្រប់គ្រាន់តាមតម្រូវការរបស់យើងហើយឬនៅ»។
លោកស្រីមានប្រសាសន៍ថា៖«ខ្ញុំមិនអាចនិយាយបានថាតើនៅពេលណាដែលយើងនឹងអនុម័តសំណើពួកគេទេដោយសារតែយើងត្រូវការត្រួតពិនិត្យឲ្យបានលម្អិតអំពីផែនការពាណិជ្ជកម្មរបស់ពួកគេ។ ប្រសិនបើមានអ្វីមួយដែលពួកគេមិនបានឆ្លើយតបតាមតម្រូវការរបស់យើងនោះយើងនឹងជូនដំណឹងដល់ពួកគេឲ្យកែប្រែឡើងវិញ»។
លោកស្រីបានបញ្ជាក់ថាពេលនេះយើងកំពុងគិតពិចារណាលើការអនុម័តនេះប៉ុន្តែយើងនឹងធ្វើវាក្នុងឆ្នាំនេះ»។
ធនាគារ Hong Leong Bank បានបើកដំណើរការក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេលជាង១០០ឆ្នាំមកហើយ។ កាលពីឆ្នាំ២០១១ធនាគារនេះបានបញ្ចប់ការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន EON Bank Group។ ការច្របាច់បញ្ចូលគ្នានេះ បានផ្លាស់ប្តូរធនាគារនេះទៅជាក្រុមហ៊ុនដ៏ធំមួយដែលមានទ្រព្យសកម្មជាង១៤៥ ពាន់លានរីងហ្គីដ (ប្រហែល ៤៦,៩២ពាន់លានដុល្លារ) និងពង្រីកបណ្ដាញសាខាចំនួន៣២៩ទូទាំងប្រទេស។
សព្វថ្ងៃនេះ Hong Leong Bank មានសាខាក្នុងប្រទេសសិង្ហបុរី និងទីក្រុងហុងកុងព្រមទាំងមានក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានភាគហ៊ុន១០០ភាគរយនៅវៀតណាមនិងនៅក្នុងប្រទេសចិនមានភាគហ៊ុន២០ភាគរយក្នុងធនាគារ Bank of Chengdu Co.,Ltd. នៅខេត្តស៊ីឈួន។
លោកស្រីងួន សុខា បានថ្លែងថាភាពប្រសើរឡើងនាពេលបច្ចុប្បន្ននេះក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគពីប្រទេសម៉ាឡេស៊ីនៅកម្ពុជាគឺជាចំណុចសំខាន់ដើម្បីទាក់ទាញឲ្យធនាគារមកពីម៉ាឡេស៊ី។
អគ្គនាយិកាធនាគារជាតិនៃកម្ពុជាបានថ្លែងថា៖ «ទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគមកពីប្រទេសម៉ាឡេស៊ីកំពុងមានកំណើនយ៉ាងខ្លាំងដូចនេះវត្តមានរបស់ធនាគារម៉ាឡេស៊ីថ្មីនេះនឹងជួយបំពេញកំណើនតម្រូវការរបស់វិនិយោគិនមកពីប្រទេសម៉ាឡេស៊ីឬក៏ពាណិជ្ជករទាំងអស់នៅទីនេះ។ខ្ញុំគិតថាទោះជាមានធនាគារចំនួនបួនមកពីប្រទេសម៉ាឡេស៊ីហើយក៏ដោយក៏វត្តមានរបស់ Hong Leong Bank ក្នុងទីផ្សារគឺនៅតែល្អដោយសារយើងមានឱកាសច្រើនសម្រាប់ពួកគេ»។
ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថាកាលពីដំណាច់ឆ្នាំមុនកម្ពុជាមានធនាគារពាណិជ្ជចំនួន ៣៣ ដែលក្នុងចំណោមនេះធនាគារចំនួន១៣ជាធនាគារក្នុងស្រុក ហើយធនាគារបរទេសមានចំនួន៩ និង១០ ជាធនាគារបុត្រសម្ព័ន្ធរបស់ធនាគារបរទេស៕ PB