លោកយាយ ដំ ប្លេ អាយុ ៧៥ ឆ្នាំជាជនជាតិព្នងនៅខេត្តរតនគិរីបានរ៉ាយរ៉ាប់ឲ្យដឹងថា ពិធី រៀបការរបស់ជនជាតិព្នងដំណើរការទៅបាន លុះត្រាតែឪពុកម្តាយខាងប្រុស មានអាយុច្រើនជាងឪពុកម្តាយខាងស្រីទើបពិធីមង្គលការអាចរៀបចំទៅបាន។
ចំពោះវប្បធម៌របស់ជនជាតិភាគតិចគឺកូនៗមានសិទ្ធិសម្រេចដោយខ្លួនឯង។ ត្រង់ចំណុចនេះ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី លោក ស៊្រុន ផល្លី បានឲ្យដឹងថា៖ «ប្រសិនបើឪពុកម្តាយរបស់ពួកគេបង្ខំកូនឲ្យរៀបការទាំងពួកគេមិនព្រមនោះ ពួកគាត់នឹងត្រូវ មេកុលសម្ព័ន្ធរឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់ពួកគាត់។
ចំពោះពិធីរៀបការជនជាតិភាគតិចមិនត្រូវបានលួចធ្វើឡើងដោយស្ងាត់ៗនោះទេ គឺគ្រួសារទាំងសងខាងត្រូវស្គាល់គ្នាយ៉ាងហោចក៏ជិត ២ ឆ្នាំសិនដែរ ទើបអនុញ្ញាតឲ្យនាំចាស់ទុំចូលទៅចែចូវតែម្តង។
ពិធីចែចូវ និងស្តីដណ្តឹង
ពិធីចែចូវរបស់ជនជាតិភាគតិចគឺតម្រូវឲ្យមានស្ត្រីវ័យចំណាស់ម្នាក់ចូលទៅសាកសួរសុំការអនុញ្ញាតពីគ្រួសារខាងស្រី ដោយនាំយកទៅជាមួយនូវស្រាសមួយលីត្រ។
លោកយាយ ដំ ប្លេ បានមានប្រសាសន៍ទៀតថា បន្ទាប់ពីធ្វើការចែចូវហើយ ព្រមទាំងមានការយល់ព្រមគ្នាហើយនោះ ពួកគេនឹងចាប់ផ្តើមពិធីស្តី។ ពិធីនេះ តម្រូវឲ្យសាមីខ្លួនខាងប្រុសនាំយកនូវគ្រាប់អង្កាំ ខ្សែកទំហ៊ូ សម្លៀកបំពាក់ល្អៗក្រាស់ កញ្ចក់ និងក្រមា។ ចំណែកឪពុកម្តាយត្រូវនាំមកជាមួយនូវមេជ្រូកមួយក្បាល ក្រឡ លំពែង កូនកាំបិត ស្រាបីឪទិន។ រាល់បណ្ណាការទាំងនោះត្រូវមេកុលសម្ព័ន្ធយកទៅជូនខាងស្រីជួសមុខឲ្យខាងប្រុស។
ពិធីរៀបមង្គលការ
លោក សាក់ ឡយ៉ាប់ផ្លង់ អ្នកស្រុកជនជាតិភាគតិច នៅក្នុងខេត្តរតនគីរី បាននិយាយជា ភាសាខ្មែរមួយៗថា ការរៀបការរបស់ជនជាតិភាគតិចគឺមិនបាច់រកថ្ងៃខែឆ្នាំល្អនោះទេ សំខាន់ឲ្យតែពិភាក្សាត្រូវរ៉ូវគ្នា គេរៀបចំការភ្លាម។
មង្គលការនេះរយៈពេលពី ៣ ទៅ ៤ ថ្ងៃ។ នៅថ្ងៃដំបូង មានការរៀបពិធីចូលរោងដោយរៀបគ្រឿងរណ្តាប់ដើម្បីសែនព្រេនជីដូនជីតា។
នៅពីមុខផ្ទះពួកគេមានដាំដើមរកាមួយដើម ទុកសម្រាប់ចងគោក្របី មាន់ និងជ្រូក។ ល្ងាចនោះភ្ញៀវនាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយ ហើយពិភាក្សារឿងពិធីថ្ងៃស្អែក។
លោក សាក់ ឡយ៉ាប់ផ្លង់ បានមានប្រសាសន៍រ៉ាយរ៉ាប់ឲ្យដឹងទៀតថា នៅថ្ងៃបន្ទាប់ ដំបូងឡើយយើងត្រូវសម្លាប់សត្វទាំងអស់នោះដើម្បីយកទៅចងនៅនឹងគល់ដើមរកា។
នៅពេលព្រឹកភ្ញៀវនឹងមកដល់ជាបណ្តើរៗ កូនកំលោះកូនក្រមុំត្រូវឈរនៅរង់ចាំទទួល ស្វាគមន៍ភ្ញៀវ។ អ្វីដែលចម្លែកនោះគឺ នៅពេលដែលភ្ញៀវមកដល់ គូស្វាមីភរិយាត្រូវស្តោះទឹកមាត់ចូលទៅក្នុងត្រឡោងដូងដែលមាន ដាក់ឈាមសត្វដែលបានសម្លាប់នោះ ហើយពួកគេត្រូវយកត្រឡោកដូងនោះទៅខោកក្បាលភ្ញៀវដែលចូលមកនោះគ្រប់ៗ គ្នា។ នេះមិនមែនជាការមើលងាយទៅដល់ភ្ញៀវរបស់ពួកគេនោះទេ តែវាជានិមិត្តសញ្ញានៃអំណោយ និងការជូនពរដល់ភ្ញៀវ ចំណែកពួកគេក៏មិនត្រូវការអ្វីពីភ្ញៀវទាំងនោះដែរ។
លោកបន្តទៀតថា នៅថ្ងៃទីបីជាការរៀបចំពិធីបិតស្រា ដែលពិធីនេះគឺកូនកំលោះក្រមុំ លោកមេបាទាំងសងខាង និងមេកន្ទ្រាញអង្គុយក្រឡឹងជុំវិញថាសដាក់សាច់ និងស្រាមួយឪទិនដើម្បីប្រសិទ្ធិពរដល់សាមីខ្លួនកូនប្រុសស្រីទាំងពីរ។
លោកស៊្រុន ផល្លី បាននិយាយថា ក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ពីរបីថ្ងៃ រួចមក ស្វាមីត្រូវនាំភរិយារបស់គេទៅលេងផ្ទះឪពុកម្តាយ ដើម្បីឲ្យស្គាល់សាច់ញាតិ។ បន្ទាប់ពីត្រឡប់មកវិញ កូនកំលោះត្រូវរស់នៅផ្ទះខាងស្រីរហូតអស់មួយជីវិត ដោយមិនអាចទៅលេងផ្ទះរបស់ខ្លួនទៀតបានឡើយ លុះត្រាតែឪពុកម្តាយ ខ្លួនមានជំងឺ៕