ជាមេធាវីកម្ពុជានិងជាទីប្រឹក្សារដ្ឋាភិបាលលោក សុក ស៊ីផាណា ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជ្រើសរើសឲ្យធ្វើជាតំណាងកម្ពុជាក្នុងការប្រកួតប្រជែង បោះឆ្នោតធ្វើជានាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO)។
អង្គការ UNIDO ជាទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្មសម្រាប់ការកាត់បន្ថយភាពក្រីក្រសាកលភាវូបនីយកម្មនិងនិរន្តរភាពបរិស្ថាន។
លោក សុក ស៊ីផាណា បានផ្តល់ ឱកាសធ្វើបទសម្ភាសនេះសម្រាប់ កម្មវិធី «Cambodia in the Larger World» ដើម្បីប្រកាសពីបេក្ខភាពរបស់លោកសម្រាប់តួនាទីនេះនិងជំរុញឲ្យមានគំនិតថា បទពិសោធអភិវឌ្ឍន៍កម្ពុជានៅថ្នាក់កំពូលៗរបស់អ.ស.ប.នឹងមានប្រយោជន៍ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពិភពលោក។
បើសិនសុន្ទរកថារបស់លោកថ្លែងទៅកាន់ក្រុមប្រឹក្សានាយកអង្គការអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់សហប្រជាជាតិនៅថ្ងៃទី២០ មីនា ឆ្នាំ២០១៣ នៅទីក្រុងវីយេនទទួលបានជោគជ័យនិងមានការបញ្ចុះបញ្ចូលគេបានគ្រប់គ្រាន់ដើម្បីឲ្យលោកជាប់តំណែងនេះនៅពេលបោះឆ្នោតនៅខែមិថុនាខាងមុខ វានឹងក្លាយជាលើកទីមួយហើយដែលជនកម្ពុជាត្រូវបានជ្រើសរើសសម្រាប់ការងារកំពូលមួយនេះនៅក្នុងអង្គការសហប្រជាជាតិ។
បេក្ខជនប្រកួតប្រជែងតំណែងនេះគឺមកពីប្រទេសចិន ប៉ូឡូញ និងអ៊ីតាលី។
លោកបានថ្លែងថា បើសិនជាលោកជាប់ឆ្នោតនៅពេលនោះមែន លោកនឹងមានស្វាមីភក្តិចំពោះអង្គការសហប្រជាជាតិ។
លោកបានលើកឡើងថា លោកមានចំណាប់អារម្មណ៍ខ្លាំងចំពោះការចូលកាន់ការងារកំពូលនៅអ.ស.ប. ព្រោះលោកត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យធ្វើការងារនេះ។
លោកបានបន្ថែមថា៖ «រដ្ឋមន្ត្រីឧស្សាហកម្មលោក ស៊ុយ សែម បានសរសេរលិខិតផ្ញើជូនទៅលោកនាយករដ្ឋមន្ត្រី ដោយស្នើសុំឲ្យខ្ញុំធ្វើជាបេក្ខជនពិតប្រាកដហើយលោកនាយករដ្ឋមន្ត្រីបានអនុម័តយល់ព្រមចំពោះការស្នើសុំនេះ។ បេក្ខភាពផ្លូវការរបស់ខ្ញុំត្រូវបានដាក់ជូនទៅអ.ស.ប. រួចហើយ។
ដោយហេតុតែតំណែងនេះជាទូទៅជាតំណែងសាកលលោក សុក ស៊ីផាណា បានបញ្ជាក់ថា ចក្ខុវិស័យរបស់លោកត្រូវតែមានលក្ខណៈជាសាកលផងដែរមិនគិតតែកម្ពុជាប៉ុណ្ណោះទេ។
លោកបានបន្ថែមថា៖ «ខ្ញុំកើតមកជាខ្មែរត្រូវតែមានឆន្ទៈជួយអភិវឌ្ឍប្រទេសហើយខ្ញុំបានមើលឃើញប្រទេសខ្ញុំងើបចេញពីចំណុចសូន្យ។ យើងកំពុងចាប់ផ្ដើមធ្វើឧស្សាហូបនីយកម្ម។ ខ្ញុំមានបទពិសោធចំពោះការអភិវឌ្ឍនេះ»។លោកបានបន្តថា លោកកំពុងនាំយកចំណេះដឹង បទពិសោធនិងឆន្ទៈក្នុងការអភិវឌ្ឍឆ្ពោះទៅបម្រើកិច្ចការនេះ។
លោកបានបន្តថា៖ «ជីវិតមានផាសុកភាពណាស់នៅទីនេះហើយការអនុវត្តច្បាប់របស់ខ្ញុំកំពុងតែមានជាបណ្ដើរៗ។ ចំពោះខ្ញុំវាជាការលះបង់ជីវិតផ្ទាល់ខ្លួនមួយដែលត្រូវតែបំពេញភារកិច្ចតាមលក្ខខណ្ឌចំពោះបេក្ខជនពិភពលោក»។
បើបានជាប់ឆ្នោតមែន លោកនឹងត្រូវរស់នៅក្នុងទីក្រុងវីយេនរយៈពេល៤ឆ្នាំក្រោយ។
លោក ស៊ីផាណា បានបន្តឲ្យដឹងថា៖ «នេះជាឱកាសប្រវត្តិសាស្ត្រមួយចំពោះខ្ញុំដែលបានចូលរួមចំណែកនឹងការអភិវឌ្ឍពិភពលោក។ ឱកាសនេះកើតឡើងតែម្ដងគត់ក្នុងមួយជីវិត។ ខ្ញុំគ្មានការភាន់ច្រឡំទេ។ កម្ពុជាជាប្រទេសដ៏តូចមួយហើយនៅពេលអ្នកជាបេក្ខជនម្នាក់មកពីប្រទេសតូចណាមួយអ្នកគួរតែមានភាពប្រាកដនិយមព្រោះអ្នកកំពុងឡើងប្រកួតជាមួយបេក្ខភាពមកពីប្រទេសធំៗដែលមានធនធាននិងឥទ្ធិពលនយោបាយខ្លាំងជាង។ វាអាស្រ័យលើសមត្ថភាពតែវានៅតែជាការសម្រេចចិត្តខាងនយោបាយ»។
អ្នកមានយុទ្ធសាស្ត្រប្រយុទ្ធលោក ស៊ីផាណា ថ្លែងថា លោកជឿលើប្រព័ន្ធក្រមកិត្តិយសដែលបានចងជាឃ្លាថា «សូមឲ្យការខិតខំទទួលបានជោគជ័យ»។
លោកបានលើកឡើងថា៖ «ខ្ញុំនឹងខិតខំអស់ពីលទ្ធភាពបង្ហាញពីឆន្ទៈរបស់ខ្ញុំលើកទង់ជាតិកម្ពុជា និងធ្វើឲ្យគេដឹងថា យើងឥឡូវនេះស្ថិតនៅក្នុងតួនាទីមួយរួមចំណែកនិងបម្រើអង្គការពិភពលោកដូច្នេះ។ យើងមានសមត្ថភាពដូចអ្នករាល់គ្នាអ៊ីចឹងដែរ»។
លោក សុក ស៊ីផាណា បានអះអាងថា លោកនឹងបញ្ជាក់ពីតួនាទីវិស័យឯកជននៅក្នុងពិភពកំពុងអភិវឌ្ឍព្រមទាំងនិរន្តរភាពផងដែរ។ «ខ្ញុំមើលឃើញខ្លួនឯងថាបានឈានទៅដល់វិស័យឯកជនជាប្រភពចំណេះដឹងមួយនវានុវត្តន៍គំនិតច្នៃប្រឌិតនិងរួមបញ្ចូលកម្លាំងជាមួយអ.ស.ប. ដើម្បីជួយដល់វិស័យឯកជនក្នុងការអភិវឌ្ឍប្រទេសផ្ទាល់ខ្លួនពួកគេ។ វាគឺជាប្រព័ន្ធសេដ្ឋកិច្ច SMEs ដែលជួយផ្លាស់ប្ដូរប្រទេសនេះ។ វាគឺជាម៉ាស៊ីនកិនស្រូវខ្នាតតូចដែលឥឡូវនេះកំពុងខិតខំយល់ដឹងពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ»។
លោកបានមើលឃើញសេណារីយោដែលក្នុងនោះពាណិជ្ជករខ្នាតតូចដូចអ្នកបង្កើតម៉ាស៊ីនកិនស្រូវជាដើមត្រូវបានបញ្ជូនឲ្យទៅចូលរួមក្នុងសិក្ខាសាលាដើម្បីសិក្សាពីកម្មវិធីកាត់បន្ថយការបំភាយឧស្ម័ន។
លោកបានបញ្ជាក់ថា៖ «ទីភ្នាក់ងារទាំងអស់អាចនិយាយថា យើងមានកម្មវិធីជួយអ្នកកាត់បន្ថយការបំភាយឧស្ម័នដោយនាំអ្នកទៅកាន់សិក្ខាសាលាជាទី ដែលអ្នកអាចសិក្សាពីការអនុវត្តិដ៏ប្រសើរបំផុតរបស់ប្រទេសផ្សេងៗទៀត។ នេះជាអ្វីដែលខ្ញុំមើលឃើញការកាត់បន្ថយភាពក្រីក្រថាជាការកាត់បន្ថយប្រសើរបំផុត។ ជាឧទាហរណ៍អ្នកបង្កើតម៉ាស៊ីនកិនស្រូវអាចសិក្សាបានកាន់តែប្រសើរដោយធ្វើដំណើរទៅប្រទេសថៃជាជាងទៅដល់ អាមេរិក»។

លោកបានបន្តថា ដោយហេតុតែផលប៉ះពាល់នៃការផ្លាស់ប្ដូរនេះនឹងប៉ះពាល់ច្រើនបំផុតនៅក្នុងប្រទេសតូចជាងនិងកំពុងអភិវឌ្ឍនោះចាំបាច់ត្រូវតែមានចក្ខុវិស័យពីភាពជាដៃគូក្រុមការងារ និងរបៀបនាំមកនូវទីភ្នាក់ងារផ្សេងៗល្អបំផុតប្រទេសផ្សេងទៀតដើម្បីនាំមកនូវការរួមបញ្ចូលគ្នាក្នុងការជួយដល់ការអភិវឌ្ឍមានលក្ខណៈតិចតួចនៅតាមប្រទេសកំពុងអភិវឌ្ឍន៍តូចៗ។
លោកបានថ្លែងថា៖ «នៅក្នុងបរិបទបម្រែបម្រួលអាកាសធាតុភាពងាយរងគ្រោះនឹងធ្លាក់ច្រើនបំផុតទៅលើប្រទេសកំពុងអភិវឌ្ឍន៍តូចៗ។ បើសិនអ្នកចង់កុំឲ្យមានសង្គ្រាម អ្នកគួរតែនាំមកនូវភាពរុងរឿងដល់ពួកគេ។ នៅពេលប្រជាជនក្រីក្រ ពួកគេនឹងកាន់តែមានសង្ក្រាមច្រើន។អង្គការ UNIDO អាចធ្វើរឿងរ៉ាវមួយចំនួនដូចជាការបង្កើនការងារបច្ចេកវិទ្យា និងការធ្វើឲ្យប្រសើរចំពោះវិស័យកសិកម្ម។ ខ្ញុំគិតថា គេចង់បានមេដឹកនាំមួយដែលអាចយល់ដល់ពីបេះដូងនៃបញ្ហានេះ។ខ្ញុំដឹងពីជីវិតជនភៀសខ្លួនការអភិវឌ្ឍ ការអស់សង្ឃឹមចំពោះការអភិវឌ្ឍ។ ខ្ញុំមិនមែនកំពុងមកពីក្រុម Ivy League នោះទេ»។
លោក សុក ស៊ីផាណា ថ្លែងថា ការនិយាយជាសាធារណៈនឹងធ្វើឲ្យក្រុមបេក្ខជនចាប់ផ្ដើមគំនិតពួកគេពីរបៀបខិតចូលទៅជិតការងារនេះ។ របៀបផ្ទាល់ខ្លួនរបស់លោកគឺការយកបទពិសោធរបស់កម្ពុជានិងការដាក់ពាក្យទៅកាន់ប្រទេសផ្សេងទៀតដែលចង់បានជំនួយអភិវឌ្ឍន៍។
លោកបានបញ្ជាក់ថា៖«លេខមួយគឺថាអង្គការ UNIDO ត្រូវការសំឡេងប្រទេសមានការអភិវឌ្ឍតិចបំផុត (LDC)»។
លោកបានថ្លែងថា៖ «នេះមិន មែនសម្រាប់តែប្រទេសធំៗនោះទេ។ អង្គការ UNIDO ជាអង្គការមួយដែលជួយអភិវឌ្ឍប្រទេស LDC ហើយកម្ពុជាជាប្រទេសមួយដែលមើលទៅទំនងជាចូលក្នុងក្រុមប្រទេសនោះ។ យើងស្ថិតនៅក្រោយវិបត្តិនោះ។ យើងកំពុងបង្កើនសេដ្ឋកិច្ចរបស់យើងក្នុងអត្រាជិត១០ភាគរយ។ ការនាំចេញរបស់យើងកំពុងកាក់កបហើយការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់យើងក៏កំពុងមានលក្ខណៈល្អប្រសើរផងដែរនា ពេលនេះ»។
អ្នករួចផុតពីរបបខ្មែរក្រហមលោក ស៊ីផាណា បានថ្លែងថា បទពិសោធជីវិតពិតអាចធ្វើឲ្យមានភាពខុសប្លែកច្រើននៅក្នុងការសម្រេចចិត្តពីអ្វីដែលប្រទេសកំពុងអភិវឌ្ឍន៍ចង់បាន។
លោកបានលើកឡើងថា៖ «ខ្ញុំជាបេក្ខជនមួយរូបដែលមានបទពិសោធជីវិតពិតមិនមែនត្រឹមតែមានជាទឹ្រស្តីនោះទេ។ បើសិនខ្ញុំទទួលបានការងារនេះជាការពិតខ្ញុំនឹងចង់ធ្វើការជាមួយប្រទេសតូចៗជាច្រើនទៀតដើម្បីបន្ថែមការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈឧស្សាហកម្មដែលបានការពារនិងទ្រទ្រង់បរិស្ថាន»។
នៅពេលលោកចង់បានការងារនេះនិងលោកគិតថា បទពិសោធកម្ពុជានឹងធ្វើឲ្យលោកអាចធ្វើអ្វីមួយបានដោយជោគជ័យនោះ លោក ស៊ីផាណា បានមានប្រសាសន៍ថា លោកនឹងមិនប្រើតួនាទីលោកផ្ដោតតែទៅលើកម្ពុជាប៉ុណ្ណោះទេ។
លោកបានបន្តលើកឡើងថា៖ «ខ្ញុំនឹងក្លាយជាពលរដ្ឋពិភពលោក។ ខ្ញុំនឹងកំពុងធ្វើការស្បថស្បែបម្រើពិភពលោក។ កម្ពុជាជាប្រទេសមួយ។ យើងជាប្រទេសមួយដែលបានងើបមុខមាត់រយៈពេល២០ឆ្នាំចុងក្រោយនេះគឺ បន្ទាប់ពីពេលមានវិបត្តិ។ បើសិនកម្ពុជាអាចផលិតបានបេក្ខជនមានសមត្ថភាពឲ្យចូលទៅក្នុងការប្រកួតប្រជែងក្នុងពិភពលោកនោះគឺជាសមិទ្ធផលមួយ។ មានប្រទេសច្រើនទៀតក្រោយពីមានវិបត្តិដូចជាប្រទេស Rwanda ជាដើមដែលមិនអាចចេញពីវិបត្តិនេះ»។
ជាឧទាហរណ៍បើធៀបនឹងប្រទេសអាហ្វ្រិកខ្លះដែលនៅក្នុងតំបន់ Sub Sahara លោកបានថ្លែងថា កម្ពុជាមានសំណាងជាង។
លោកបានឲ្យដឹងថា៖ «ប្រទេសផ្សេងទៀតនៅអាហ្វ្រិកតំបន់ Sub Sahara មិនមានសំណាងដូច្នោះទេពួកគេមិនអាចធានាពីកំណើនជាក់លាក់ដែលអ្នករាល់គ្នាពេញចិត្តនឹងមាន។ យុទ្ធសាស្ត្រគឺថាតើអ្នកនាំមកនូវការងារនិងភាពរុងរឿងដែលអាចកាត់បន្ថយភាពក្រីក្រព្រមទាំងបង្កើតឱកាសសម្រាប់យុវជនទាំងនោះបានយ៉ាងដូចម្ដេច? ដោយធ្លាប់ជាពលរដ្ឋកម្ពុជាដែលធ្វើដំណើរទៅអាមេរិកជាជនភៀសខ្លួនខ្ញុំបានមើលឃើញភាពក្រីក្រហើយ ខ្ញុំដឹងពីភាពលំបាក ព្រមទាំងអាចយល់ដឹងពីរឿងនោះ»។
លោកបានថ្លែងថា វាសំខាន់ដែលត្រូវយល់ពីស្ថានការណ៍នេះថាពលរដ្ឋមានភាពក្រីក្រដូច្នេះហើយត្រូវដឹងពីវិធីល្អបំផុតក្នុងការដោះស្រាយបញ្ហានេះ។
លោកបានថ្លែងថា៖ «ខ្ញុំដឹងថាអ្វីជាភាពក្រីក្រ ហើយខ្ញុំដឹងពីវិធីត្រូវដោះស្រាយតាមបទពិសោធជីវិតពិតនិងឱកាសធ្វើឲ្យមានគំនិតផ្ដួចផ្ដើម។ ខ្ញុំកំពុងនិយាយពីការបង្កើតទ្រព្យសម្បត្តិជាជាងការកាត់បន្ថយភាពក្រីក្រ។ ការធ្វើឲ្យពលរដ្ឋលែងក្រីក្រមិនមែនជាដំណោះស្រាយនោះទេ។ អ្នកត្រូវបង្កើតទ្រព្យសម្បត្តិសម្រាប់ប្រជាពលរដ្ឋ មិនមែនត្រឹមតែធ្វើឲ្យពួកគាត់ចេញពីភាពក្រីក្រនោះទេហើយយុទ្ធសាស្ត្រគឺត្រូវធ្វើឲ្យស្មើគ្នា ទាំងនោះជាវិធីដែលធ្វើឲ្យអ្នកមានស្ថិរភាពសង្គមហើយ»។
អង្គការ UNIDO ជាទីភ្នាក់ងារជំនាញខាងបច្ចេកទេសមួយដែលធ្វើការជាមួយរដ្ឋាភិបាលក្នុងការ បង្កើតកម្មវិធីធ្វើឲ្យប្រទេសរីកចម្រើន។
លោកបានលើកឡើងថា៖
«យើងមិនកំពុងរក្សាសន្តិភាពទេ។ បន្ទាប់ពីសន្តិភាពត្រូវបានធានារួចហើយ យើងធ្វើការអភិវឌ្ឍន៍ប្រទេស»។
លោក សុក ស៊ីផាណា ដែលមុននេះបានធ្វើជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដោយបានជួយកម្ពុជាឲ្យបានចូលរួមនឹងអង្គការពាណិជ្ជកម្មពិភពលោក បានថ្លែងថា លោកចង់ឲ្យបេក្ខភាពរបស់លោកមានការទទួលស្គាល់ដោយត្រឹមត្រូវ។
លោកថ្លែងថា៖ «យើងបានធ្វើការចរចាគ្នារួចហើយដោយប្រមូលផ្ដុំប្រទេសទាំងមូលឲ្យធ្វើការ ផ្អែកតាមគោលនយោបាយនិងសេរីភាវូបនីយកម្ម»។
លោកបានអះអាងថា៖ «វាសំខាន់ណាស់ដែលអ្នកកំពុងមកពីប្រទេសតូចៗតែអ្នកត្រូវការអ្នកណាម្នាក់ដែលមានឆន្ទៈក្នុងការអភិវឌ្ឍដែលចង់ជួយប្រទេសផ្សេងទៀតដែលចង់ចេញពីភាពក្រីក្រ។ខ្ញុំចង់ឲ្យពួកគេជួបមនុស្សពោរពេញដោយឆន្ទៈ»។
លោកបានថ្លែងថា ឥឡូវថា កម្ពុជាបានចេញពីភាពក្រីក្រមួយផ្នែកធំហើយដែលការជួយជ្រោមជ្រែងពីពិភពលោកវាដល់ពេលសម្រាប់កម្ពុជាផ្ដល់ត្រឡប់មកវិញហើយ។
«ដោយរស់នៅឆ្លងកាត់វាលពិឃាត ជំរំជនភៀសខ្លួននោះ ខ្ញុំដឹងថាបើមិនមានមនុស្សជាច្រើនជួយខ្ញុំទេ ខ្ញុំនឹងមិនរួចផុតពីភាពក្រីក្រឡើយ។ ខ្ញុំចង់ធ្វើអ្វីជាការតបស្នងទៅវិញ»។
លោកបានបន្ថែមថា៖ «នៅពេលខ្ញុំឃើញការទម្លាក់គ្រាប់បែកនិងមនុស្សម្នាកំពុងជួបវិបត្តិតាមទូរទស្សន៍CNN វាធ្វើឲ្យខ្ញុំនឹកឃើញពីបញ្ហានោះ។ អ្នកដែលមិន ធ្លាប់ឆ្លងកាត់បញ្ហានោះពួកគេគ្រាន់តែមើលឃើញរូបភាពនៅលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ»។
ទោះជាកម្ពុជាដើរដល់ណាក្ដីលោក សុក ស៊ីផាណាបានលើកបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវតែចាប់ផ្ដើមផ្លាស់ប្ដូរគំរូពីសមានចិត្តដល់ផលិតភាព។
អ្នកត្រូវផ្លាស់ប្ដូរផ្នត់គំនិតអ្នកពីប្រទេសការងារថោក ទៅជាប្រទេសមួយដែលមានវិស្វករក្មេងៗនិងជាងមេកានិកដែលអាចធ្វើការបាន។ តើអ្នកចង់កាត់បន្ថយភាពក្រីក្រឬក៏បង្កើនទ្រព្យសម្បត្តិ? ការបង្កើតទ្រព្យសម្បត្តិគឺចង់និយាយពីការធ្វើឲ្យយុវជនអាយុ១៨ឆ្នាំ ទទួលបាន នូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រឹមត្រូវជំនាញភាសាអាហារូបករណ៍និងផ្ដល់ផលត្រឡប់មកវិញនិងទទួលបានការងារដែលមិនមែនជាការងារកម្រិតភាពក្រីក្រនោះទេ។
លោកបានអរគុណដល់ប្រព័ន្ធអ៊ីនធឺណិតសហគ្រិនក្មេងៗដែលទទួលបានព័ត៌មានដែលពួកគេមិនធ្លាប់មានពីមុនមក។
លោកបន្តថា៖«នេះជាសករាជប្រព័ន្ធបច្ចេកវិទ្យា Google និង Facebook ។ នោះមិនអាចនិយាយថា ពួកគេមិនមានព័ត៌មាននោះឡើយ។ សព្វថ្ងៃនេះអ្វីគ្រប់យ៉ាងគឺនៅនឹងម្រាមដៃអ្នក។ ភាពជោគជ័យគឺអាស្រ័យលើខ្លួនអ្នកហើយភាពបរាជ័យធ្វើឲ្យអ្នកទទួលរងនូវការរិះគន់ព្រោះអ្នកមិនខិតខំរៀនសូត្រឲ្យបានខ្លាំង។ យើងគួរចាប់ផ្ដើមដោយជំរុញឲ្យយុវជនកម្ពុជាខិតខំរៀនអានបន្ថែមទៀតហើយវានឹងធ្វើឲ្យពិភពចំណេះដឹងមានភាពទូលំទូលាយចំពោះពួកគេ»៕PN