The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ថានភាព​កម្ចី​បញ្ញើ​នៅ​តែ​ល្អ​នៅ​ឆមាស​ទី​១

ស្ថានភាព​កម្ចី​បញ្ញើ​នៅ​តែ​ល្អ​នៅ​ឆមាស​ទី​១

ស្ថានភាព​កម្ចី​បញ្ញើ​នៅ​តែ​ល្អ​នៅ​ឆមាស​ទី​១

130716_11
បុគ្គលិកធនាគារអេស៊ីលីដាកំពុងរាប់លុយ កម្ចី និងបញ្ញើនៅតាមធនាគារពាណិជ្ជនៅតែបន្តកើនឡើង ហេង ជីវ័ន

ភ្នំពេញៈ ធនាគារ​ពាណិជ្ជ​ធំ​ៗ នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​ប្រាក់កម្ចី និង​ការ​ទទួល​ប្រាក់​បញ្ញើ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ឆមាស​ទី​មួយ​ឆ្នាំ​នេះ។

លោក Grant Knuckey ប្រធាន​នាយកប្រតិបត្តិ​ធនាគារ ​ANZ Royal បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ម្សិលមិញ​ថា គិត​មក​ត្រឹម​ដំណាច់​ខែ​មិថុនា​ឆ្នាំ​នេះ​តម្រូវការ​សេវាកម្ម​ធនាគារ​នៅ​បន្ត​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង​។ អត្រា​កំណើន​ប្រាក់​កម្ចី​នៅ​ក្នុង​ធនាគារ​ ANZ Royal គិត​មក​ត្រឹម​ដំណាច់​ឆមាស​ទី​មួយ​ឆ្នាំ​នេះ​មាន ១៣ ភាគរយ ខណៈ​ប្រាក់​បញ្ញើ​បាន​កើន​ ១៩ ភាគរយ​បើ​ធៀប​នឹង​ពី​ដំណាច់​ឆមាស​ទី​មួយ​ឆ្នាំ​មុន​។

លោក​លើក​ឡើង​ថា​៖​«​វិស័យ​ធនាគារ​នៅ​តែ​មាន​កំណើន​និង​មាន​ភាព​រឹងមាំ​នៅ​ក្នុង​ឆមាស​ទី​មួយ​ឆ្នាំ​នេះ។ ​តែ​ទន្ទឹម​នឹង​នេះ​អត្រា​ប្រាក់​ចំណេញ​មិន​មាន​ការ​កើនឡើង​ខ្លាំង​ដូច​កំណើន​ប្រាក់​កម្ចី​នោះ​ទេ»។ លោក​ចង់​សំដៅ​ដល់​ការ​បង្ខំ​ចិត្ត​ផ្តល់​ជូន​សេវាកម្ម​ឬ ផលិតផល​ក្នុង​អត្រា​ចំណេញ​តិចតួច​ដោយសារ​សម្ពាធ​នៃ​ការ​ប្រកួតប្រជែង​កាន់​តែ​ខ្លាំង​។

អេស៊ីលីដា ដែល​ជា​ធនាគារ​ធំ​ជាង​គេ​មួ​យ​នៅ​កម្ពុជា​ក៏​ទទួល​បាន​កំណើន​ខ្លាំង​ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ​នេះ​ផង​ដែរ​។ គិត​ដល់​ដំណាច់​ខែ​មិថុនា​នេះ ទំហំ​កម្ចី​សរុប​មាន​ ១,៣៩ ពាន់​លាន​ដុល្លារ កើន ​២២,៦ ​ភាគរយ​បើ​ធៀប​ដំណាច់​ខែ​មិថុនា​ឆ្នាំ​មុន។ ប្រាក់​បញ្ញើ​មាន​ចំនួន ១,៥៩​ ពាន់​លាន​ដុល្លារ​កើន​ ២០ ភាគរយ​។

អ្នកស្រី សូ ផនណារី អនុប្រធាន​នាយកប្រតិបត្តិ ធនាគារ​អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា​ការ​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច​និង មធ្យម​មាន​ចំនួន​ច្រើន​ជាង​គេ​ដែល​ជា​កត្តា​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​ប្រាក់​កម្ចី បន្ទាប់មក​កម្ចី​ផ្នែក​កសិកម្ម​ដែល​មាន​អត្រា​កំណើន​ប្រមាណ​ ៣៤,៦ ភាគរយ​ប្រៀបធៀប​ទៅ​ដំណាច់​ឆមាស​ទី​មួយ ​កាល​ពី​ឆ្នាំ​មុន។

អ្នកស្រី​បាន​បន្ត​ថា​៖​«​ការ​ផ្តល់​កម្ចី​និង​ការ​ទទួល​ប្រាក់​បញ្ញើ​នៅ​ធនាគារ​អេស៊ីលីដា​មាន​ការ​កើនឡើង​យ៉ាង​ល្អ ហើយ​និន្នាការ​នេះ​នៅ​បន្ត​ទៀត»។

ធនាគារ​សហពាណិជ្ជ ក៏​ទទួល​បាន​កំណើន​ខ្លាំង​ផង​ដែរ​។

លោក​យុម​ស៊ីសាង ប្រធាន​គ្រប់គ្រង​ទូទៅ​ធនាគារ​សហពាណិជ្ជ​បាន​ឲ្យ​ដឹង​ថា​ប្រាក់កម្ចី​ដែល​ផ្តល់​ទៅ​អតិថិជន​របស់​ធនាគារ​នេះ មាន​ចំនួន​សរុប ២០០ លាន​ដុល្លារ គិត​ត្រឹម​ដំណាច់​ឆមាស​ទី​មួយ ពោល​គឺ​កើនឡើង​៤៤ ភាគរយ​ពី​១៣៩ លាន​ដុល្លារ​កាល​ពី​ដំណាច់​ឆមាស​ទី​មួយ​ឆ្នាំ​មុន។ ប្រាក់​បញ្ញើ​មាន​១៧១​លាន​ដុល្លារ កើនឡើង​២៤ ភាគរយ។

តាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ការ​ផ្តល់​កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​គិត​មក​ត្រឹម​ដំណាច់​ខែ​មីនា​ឆ្នាំ​នេះ​មាន​ចំនួន​សរុប ​៦,១៤ ពាន់​លាន​ដុល្លារ គឺ​កើនឡើង​ពី​ចំនួន​ ៤,៦៥ ពាន់​លាន​ដុល្លារ ​កាល​ខែ​មីនា​ឆ្នាំ​មុន។ ស្រប​ពេល​ជាមួយ​គ្នា​ទំហំ​ប្រាក់​បញ្ញើ​សរុប​បាន​កើន​ដល់​ ៦,៣៩ ពាន់​លាន​ដុល្លារ​។

លោក Grant Knuckey បាន​អះអាង​ថា ការ​រីកចម្រើន​ផ្នែក​ប្រព័ន្ធ​ធនាគារ​ទាំង​ខាង​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​រំពឹង​ថា​តម្រូវការ​សេវាកម្ម​ហិរញ្ញវត្ថុ​នឹង​នៅ​បន្ត​កើនឡើង​ថែម​ទៀត​ជាពិសេស​នៅ​ត្រីមាស​ចុង​ក្រោយ ព្រោះ​នឹង​មាន​សកម្មភាព​វិនិយោគ​កាន់​តែ​ច្រើន​បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​បាន​កន្លង​ផុត»៕

អត្ថបទគួរចាប់អារម្មណ៍