
អ្នកម្ដាយកូនមួយរូបនេះ បានលាតត្រដាងនូវអាថ៌កំបាំងរបស់ខ្លួនដោយឥតលាក់លៀមថា៖ «នៅពេលថ្ងៃ ខ្ញុំប្រើផលិតផល Olay ដើម្បីឲ្យមុខមានសំណើម។ ខ្ញុំក៏ប្រើហ្វមលាងមុខម៉ាកនេះដើម្បីលាងសម្អាតម៉ាគីយេដែរ»។
ដើម្បីជូតសម្អាតផ្ទៃមុខ អ្នកនាងជ្រើសរើសយកឡូសិន Vichy។ ជារៀងរាល់ពេលចូលដំណេក អ្នកនាងតែងបំប៉នផ្ទៃមុខជាមួយនឹងសេរ៉ូមម៉ាក Revelon ដែលអ្នកនាងទិញពីប្រទេសបារាំង។ បន្ទាប់ពីនោះ អ្នកនាងក៏ប្រើក្រែមលាបមុខ Olay សម្រាប់លាបពេលចូលនិទ្រាផងដែរ។
សម្រាប់ស្បែកដងខ្លួន តារាដែលជាម្ចាស់ហាងកែសម្ផស្ស និងសម្អាងការរូបនេះ បានឲ្យដឹងថា នាងនិយមប្រើឡេ Vaseline មកពីសហរដ្ឋអាមេរិក។
បើនិយាយដល់គ្រឿងម៉ាគីយេវិញ អ្នកនាង ខាត់ សុឃីម ប្រើចម្រុះម៉ាកតែម្ដង។ អ្នកនាងបានរៀបរាប់ថា៖ «ខ្ញុំប្រើម្សៅផាត់មុខ Revelon ក្រេមលាបមាត់ម៉ាក Chanel ឬ Shiseido។ សម្រាប់ម៉ាស្ការ៉ា និងអាយឡាញនើ វិញ ខ្ញុំចូលចិត្តម៉ាក Lancome»។
នៅពេលសួរថា តើអ្នកនាងនិយមទិញផលិតផលទាំងនេះនៅឯណាទៅ? អ្នកនាង ខាត់ សុឃីម ឆ្លើយថា៖ «ខ្ញុំច្រើនទិញនៅផ្សារសូរិយា មជ្ឈមណ្ឌល យូឃែរ ផ្សារផេនសល និងផ្សារបឹងកេងកង»។
អ្នកនាងចំណាយប្រមាណជា ២០០ ដុល្លាររាល់ខែសម្រាប់ការថែរក្សាសម្ផស្សរបស់ខ្លួន៕