ភ្នំពេញ៖ វិចិត្រសាល ផ្ទះមេត្ដា នឹងបើកមហោស្រពភាពយន្ត «និយាយចេញមក បងប្អូនស្រី!» លើកទី២ នៅថ្ងៃទី ១១ ដល់ ១៦ ខែមិថុនា ដោយមានការចាក់ផ្សាយភាពយន្តខ្មែរ និងអន្តរជាតិជាច្រើនរឿង និងអំពីស្ត្រី។ ការបើកព័រណ៍នេះគឺបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងដ៏ជោគជ័យនៃមហោស្រពកាលពីខែកុម្ភៈ។
មួយថ្ងៃមុនមហោស្រពភាពយន្តនៅថ្ងៃទី១០ ខែមិថុនា វិចិត្រសាល ផ្ទះមេត្ដា នឹងបើកការតាំងពិព័រណ៍ពហុព័ត៌មាន «សំឡេង»។
ពិព័រណ៍នេះនឹងបង្ហាញពីការប្រមូលផ្ដុំរូបគំនូរ រូបថត ចម្លាក់ និងសិល្បៈឌីជីថលដ៏សម្បូរបែបរបស់វិចិត្រករស្ត្រី នី ស្រីរ័ត្ន, ស៊ូ សុភី, សុភ័ក្រ សៅ, វិចិត្រករ កុល, សុខ គ្រី សាប៊ុង និង ជិន ហ្វេងលីន រួមជាមួយនឹងសិល្បករខ្មែរ-អាមេរិកាំង អាមី សាន់ហ្វដ។
លោក Nicolaus Mesterharm នាយកផ្ទះមេត្ដា បាននិយាយថា៖ «ឆ្នាំនេះ ការរៀបចំកម្មវិធីទាំងអស់គឺត្រូវបានឧទ្ទិសដល់ស្ត្រី។ យើងបានរកឃើញថា ការផ្តោតលើបញ្ហាស្ត្រីមានសារៈសំខាន់ និងមានប្រយោជន៍សម្រាប់សង្គមកម្ពុជា»។
គម្រោងនេះបានសហការរៀបចំដោយកញ្ញា កុល វិច្ឆិកា ជាអ្នកចូលរួមយ៉ាងសកម្មក្នុងគម្រោងវប្បធម៌ និងសិល្បៈផ្សេងៗក្នុងប្រទេសកម្ពុជា និងកញ្ញា Emilia Emminghaus ជាអ្នករៀបចំកម្មវិធី «និយាយចេញមក បងប្អូនស្រី!» មហោស្រពភាពយន្ត (SOS) បង្ហាញខ្សែភាពយន្តដឹកនាំដោយស្ត្រីកម្ពុជា ដែលនិយាយអំពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រក្នុងសម័យខ្មែរក្រហម។
កញ្ញា វិច្ឆិកា បានបង្ហាញពីភាពសាទរដោយនិយាយថា៖ «ក្នុងនាមជាស្ត្រី ខ្ញុំជឿថា វាជាឱកាសដ៏មានតម្លៃក្នុងការស្តាប់ពីស្ត្រីដទៃទៀត និងរឿងរ៉ាវរបស់ពួកគេត្រូវបានបំផុសឡើង»។
កញ្ញាមានបំណងបំផុសគំនិតស្ដ្រីផ្សេងទៀតឱ្យបន្តចំណង់ចំណូលចិត្តរបស់ពួកគេ ទោះបីជាពួកគេនៅ ប្រឈមនឹងរនាំងសង្គមក៏ដោយ។ កញ្ញាលើកឡើងពីសិល្បករសហគមន៍ជនជាតិចាម្ប៍ម្នាក់ដែលស៊ូទ្រាំនឹងសម្ពាធដើម្បីដើរតាមក្តីស្រមៃចង់ក្លាយជាសិល្បករ។
កញ្ញា វិច្ឆិកា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «រឿងនេះធ្វើជាឧទាហរណ៍នៃការពង្រឹងអំណាចស្ដ្រី ដោយបង្ហាញថាការលះបង់ និងជំនឿលើខ្លួនឯងអាចនាំទៅរកភាពជោគជ័យ លើកទឹកចិត្តក្មេងស្រីផ្សេងទៀតឱ្យដើរតាមក្តីសុបិនរបស់ពួកគេ និងប្រជែងរនាំងប្រពៃណី»។
កញ្ញា Emminghaus បានសង្កត់ធ្ងន់លើលក្ខណៈពហុព័ត៌មាននៃការតាំងពិព័រណ៍ដោយកត់សម្គាល់ថា វារួមបញ្ចូលការរួមចំណែកពីអង្គការក្រៅរដ្ឋាភិបាល ដូចជា A21 និង Daughters of Cambodia។
កញ្ញានិយាយថា៖ «យើងមានគោលបំណងបង្ហាញពីរឿងរ៉ាវនៃការពង្រឹងអំណាច និងបទពិសោធន៍ចម្រុះរបស់ស្ត្រី រួមទាំងការតស៊ូ និងជ័យជម្នះរបស់ពួកគេ»។
Emminghaus បានបន្ដថា ការតាំងពិព័រណ៍នេះគឺជាផ្នែកមួយនៃគម្រោងធំជាងនេះក្នុងគោលបំណងដើម្បីទៅដល់សិល្បករស្ត្រីវ័យក្មេងកម្ពុជា។
កញ្ញាបានពន្យល់ថា ការរៀបចំកម្មវិធីនេះអនុញ្ញាតឱ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយសិល្បករទាំងនេះ ហើយពួកគេសង្ឃឹមថានឹងយកគម្រោងនេះទៅសាលារៀនទូទាំងប្រទេស។
កញ្ញា Emminghaus បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «សម្រាប់ខ្ញុំ ស្នាដៃសិល្បៈពីរដែលមានឥទ្ធិពលបំផុតគឺ ស្រីពៅ សិល្បករស្រីជនជាតិចាម្ប៍ដំបូងគេដែលបញ្ចប់ការសិក្សាពី RUFA និងបទពិសោធន៍ហិង្សារបស់នី ស្រីរ័ត្ន នៅប្រទេសថៃ»។
កញ្ញាបន្ដថា៖ «គំនូររបស់ ស្រីរ័ត្ន បង្ហាញអំពីទុក្ខលំបាករបស់គាត់នៅលើផ្ទាំងគំនូរយ៉ាងល្អឥតខ្ចោះក្នុងពិព័រណ៍សំឡេង ដើម្បីផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីដទៃទៀតក្នុងការចែករំលែកការតស៊ូរបស់ពួកគេ»។
វិចិត្រករកញ្ញា កើ ស្រីពៅ គឺជានិស្សិតបញ្ចប់ការសិក្សាដំបូងគេពីសហគមន៍ចាម្ប៍កម្ពុជា (ឥស្លាម) ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ស្រីពៅ មកពីសហគមចាម ភូមិចាន់គៀក ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង បានបញ្ចប់ការសិក្សាផ្នែកសិល្បៈពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំ២០២៣ គឺជាវិចិត្រករដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់ ដោយសារកញ្ញាជាសិល្បការិនីតែម្នាក់គត់ដែលមកពីសហគមន៍ចាម្ប៍។
ដោយមានចិត្ដស្រឡាញ់វិស័យគំនូរតាំងពីក្មេង កញ្ញា ស្រីពៅ មានគោលបំណងចង់ក្លាយជាវិចិត្រករស្រី ក៏ដូចជាចង់បង្ហាញពីវប្បធម៌ចាម្ប៍ដែលកំពុងតែប្រឈមការបាត់បង់ និងបន្ដខិតខំសិក្សាផ្នែកនេះរហូតដល់បញ្ចប់ការសិក្សា។
កញ្ញា ស្រីពៅ ដែលត្រៀមចូលរោងការនៅចុងខែមិថុនានេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ស្នាដៃគួរឱ្យកត់សម្គាល់ដំបូងរបស់ខ្ញុំ ពេលបញ្ចប់ការសិក្សា ខ្ញុំជ្រើសរើសពិធីបុណ្យហែលនំផ្កាម៉ាឡុត ទំហំ២ គុណ ១,៥ ម៉ែត្រ»។
នៅក្នុងពិព័រណ៍ «សំឡេង» នៅផ្ទះមេត្ដា កញ្ញា ស្រីពៅ បានឱ្យដឹងថា កញ្ញាមានគំនូរមួយផ្ទាំង ដែលរំលេចរូបភាពស្ដ្រីជនជាតិចាម្ប៍ពីរទម្រង់ គឺគ្រងក្រម៉ា (ច្បុត) សម្រាប់ចូលរួមកម្មវិធីនៅព្រះវិហារ និងឈុតកូនក្រមុំ។
កញ្ញា ស្រីពៅ បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ដមែនទែន ដែលបានចូលរួមការតាំងពិព័រណ៍នេះ។ ខ្ញុំមានឱកាសបានបង្ហាញពីវប្បធម៌ជនជាតិចាម្ប៍ដល់មហាជនទូទៅ ដែលបានចូលទស្សនាពិព័រណ៍ «សំឡេង» របស់ស្ដ្រី»។
លោក Mesterharm បានគូសបញ្ជាក់ពីការចូលរួមកាន់តែច្រើនឡើងរបស់ស្ត្រីក្នុងការគ្រប់គ្រងគម្រោងទាំងនេះ។
ដោយទទួលស្គាល់ការរួមចំណែករបស់សមាជិកក្រុមជាស្ដ្រី លោកបាននិយាយថា៖ «ឥឡូវនេះ យើងមានស្ត្រីជាច្រើនចូលរួមយ៉ាងសកម្ម និងដឹកនាំគំនិតផ្តួចផ្តើមទាំងនេះ»។
នៅក្នុងកម្មវិធីពិព័រណ៍ និងមហោស្រពភាពយន្ដ «សំឡេង» នេះនឹងមានការចូលរួមពីសិល្បការិនី ១៤ រូប ដោយមានការបង្ហាញស្នាដៃប្លែកៗគ្នា៕