ខេត្ត​កែប៖ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) សហការ​ជាមួយ «​សិល្បៈ​ដើម្បី​កែប​» នឹង​បង្ហាញ​នូវ​​កម្មវិធី «CIFF 360» នៅ​ខេត្ត​កែប ជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ដើម្បី​នាំយក​ភាព​អស្ចារ្យ​នៃ​វិស័យ​ភាពយន្ត​មក​បណ្តា​ខេត្ត​នានា​របស់​កម្ពុជា​។

ចាប់ពី ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥​ ព្រឹត្តិការណ៍​ចុង​សប្តាហ៍​មួយ​នេះ​ កម្មវិធី​ថ្មីស្រឡាង​ «CIFF 360» ដាក់បញ្ចាំង​ភាពយន្ត​ដោយ​ឥតគិតថ្លៃ និង​សកម្មភាពជា​ច្រើន​នៅក្នុង​បរិយាកាស​រស់​រវើក​នៃ​វប្បធម៌​នៃ​ខេត្ត​កែប ដោយមាន​វត្តមាន​ចូលរួម​ពី​សមិទ្ធិ​ករ​ភាពយន្ត និង​ភ្ញៀវ​ពិសេស​ជាច្រើនរូប​ផងដែរ​។​

លោក Cedric Eloy នាយក​មហោស្រព​ភាពយន្ត CIFF បាន​ឱ្យដឹង​ថា​៖ «CIFF 360 នៅ​ខេត្ត​កែប គឺ​និយាយ​អំពី​វិមជ្ឈការ​ក្នុង​ការចូល​ប្រើប្រាស់​វប្បធម៌ និង​​​ភាពយន្ត ដើម្បី​អប់រំ បំផុសគំនិត និង​ភ្ជាប់​សហគមន៍​។ យើង​ពិតជា​រំភើប​រីករាយ​ក្នុងការ​អបអរសាទរ​ទេពកោសល្យ​កម្ពុជា និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​នៅក្នុង​ខេត្ត​ដ៏​ស្រស់ស្អាត​នេះ»​។

យោងតាម​អ្នករៀបចំ​កូន​មហោស្រពនេះ បាន​បង្ហាញថា ​កម្មវិធី CIFF 360 នៅ​ខេត្ត​កែប នឹង​រៀប​ចំការ​បញ្ចាំង​នៅ​ទីតាំង​ល្បីៗ រួមមាន The Wave @ Kep West និង The Lounge @ Kep West Wellness Center នៅពេល​ថ្ងៃ ដែល​បង្កើត​បរិយាកាស​ស្និទ្ធស្នាល និង​គួរអោយ​ទាក់ទាញ​។

មហោស្រព​ចាប់ផ្តើម​ជាមួយនឹង​កម្មវិធី Opening Night នៅ ថ្ងៃទី ២៣​ ឧសភា ដែល​បង្ហាញ​ពី​ភាពយន្ត​ឯកសារ​ដ៏​ល្បី​របស់​សមិទ្ធិ​ករ​ភាពយន្ត​អាមេរិក​លោក John Pirozzi ​ក្រោម​​ចំណងជើង​ថា «​កុំ​ស្មាន​បង​ភ្លេច ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​» ដែល​រំឭក​នូវ​អនុស្សាវរីយ៍ វិស័យ​តន្ត្រី​ដ៏​រស់​រវើក​នៃ​ប្រទេស​កម្ពុ​ជាមុន​សម័យ​ខ្មែរក្រហម​។

ចំណុច​ពិសេសៗ ​រួមមាន ភាពយន្ត​ខ្មែរ​-​កាណាដា Loot: A Story of Crime and Redemption ​ជា​ការ​ខិត​ខំ​ស្ដារ​ឡើងវិញ​នូវ​បេតិកភណ្ឌ​វប្បធម៌ ដែល​បង្ហាញ​វត្តមាន​របស់​សហ​អ្នកនិពន្ធ​កម្ពុជា​លោក អ៊ុច មករា រួម​ជាមួយនឹង​ភាពយន្ត​ឯកសារ​ខ្លីៗ និង​ភាពយន្ត​ជនជាតិដើម​ភាគតិច​កម្ពុជា ស្តីពី​ជីវិត​កម្ពុជា ដែល​ផលិត​ដោយ​ផលិតករ​វ័យក្មេង ដែល​បានទទួល​ការបណ្តុះបណ្តាល​នៅ មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា ការបង្ហាញ​ទេពកោសល្យ​ប្លែកៗ​។​

រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កម្មវិធី​ភាពយន្ត​តាម​ខេត្ត​សាកល្បង​នេះ​ត្រូវបាន​រៀបចំ​ដោយ មជ្ឈមណ្ឌល​បុប្ផា​ណា សិល្បៈ សម្រាប់​ខេត្ត​កែប គណៈកម្មការ​ភាពយន្ត​កម្ពុជា និង នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ។ ដៃគូ​ផ្លូវការ​រួមមាន អង្គការសហប្រជាជាតិ​នៅ​កម្ពុជា UNDP, Kep West និង Knai Bang Chatt​។

ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​លើកកម្ពស់​កិច្ចសន្ទនា​វប្បធម៌ និង​ការផ្សារភ្ជាប់​សហគមន៍​តាមរយៈ​ខ្សែភាពយន្ត​នៅ​ទីកន្លែង​នានា​ទូទាំង​ខេត្ត​កែប ដែល​ត្រូវបាន​ពង្រឹង​ដោយ​វត្តមាន​របស់​ផលិតករ​ភាពយន្ត និង​ភ្ញៀវ​ពិសេស​។​

លោក Jef Moons ស្ថាបនិក​សិល្បៈ​ខេត្ត​កែប បាន​និយាយថា​៖ «​កែប​តែងតែ​ជា​កន្លែង​នៃ​សម្រស់​ធម្មជាតិ និង​ថាមពល​ច្នៃប្រឌិត​។ ជាមួយនឹង​កម្មវិធី CIFF 360 យើង​នឹង​ប្រែក្លាយ​វា​ទៅជា​ដំណាក់កាល​វប្បធម៌ ដែល​រឿង​រ៉ាវ​មានជីវិត សំឡេង​​យុវជន​សម័យថ្មី​ត្រូវ​បានឮ ហើយ​សហគមន៍​ប្រមូលផ្តុំ​មិន​ត្រឹមតែ​ដើម្បី​មើល​ភាពយន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​អារម្មណ៍​បំផុសគំនិត​ពី​ពួកគេ​ផងដែរ​»។​

ការចូល​ទស្សនា​ភាពយន្ត​និង​កម្មវិធី​នានា​គឺ មិន​គិតថ្លៃ​នោះទេ សម្រាប់​អ្នក​មក​មុន និង​ទទួលបាន​សំបុត្រ​មុន​​។ សំបុត្រ​នឹងមាន​​នៅ​បញ្ជរ CIFF មួយ​ម៉ោង​មុន​ការ​បញ្ចាំង​នីមួយៗ​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.facebook.com/cambodiaiff/