
តារាចម្រៀង និងជាតារាម៉ូដែល Nikki Nikki និងអ្នកឌីហ្សាញលោក Drewe Taylor បង្ហាញខ្លួនលើវេទិកាម៉ូដែល។ រូបថត សហការី
ភ្នំពេញ៖ សហគមន៍អ្នកច្នៃម៉ូដបានប្រមូលផ្តុំគ្នានៅថ្ងៃទី ៣០ និង ៣១ ខែឧសភា សម្រាប់ព្រឹត្តិការណ៍ហ្វេសសិនដែលដំណើរការយូរជាងគេបំផុតមួយនៅកម្ពុជាគឺ Phnom Penh Designers Week ដោយបង្ហាញនូវស្នាដៃនិទាឃរដូវ និងរដូវក្តៅ ឆ្នាំ២០២៥ នៅ Salon One នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ។
កម្មវិធីនេះស្ថិតក្រោមប្រធានបទ «បេតិកភណ្ឌផុយស្រួយ» ដោយបំផុសគំនិតលើកទឹកចិត្តអ្នកច្នៃម៉ូដឱ្យផ្ដោតលើរឿងរ៉ាវសាវតាផ្ទាល់ខ្លួន ជាជាងការតោងចាប់យកនិន្នាការម៉ូដសកលដ៏ច្រំដែល បាត់បង់អត្តសញ្ញាណ និងការច្នៃប្រឌិតបែបលេចធ្លោរខុសគេប្រកបដោយភាពជឿជាក់។
រាត្រីបង្ហាញសំលៀកបំពាក់ស្ត្រីនៅថ្ងៃទី ៣០ ខែឧសភា មានការប្រមូលផ្ដុំពីប្រ៊េនក្នុងស្រុក A.N.D, ESSK, SCT, និង Alfredo Vaez ដែលផ្តល់ជូននូវភាពចម្រុះពីសម្លៀកបំពាក់ប្រចាំថ្ងៃរហូតដល់ឈុតពេលល្ងាចបែបរាត្រីសមោសរដ៏ទាក់ទាញ។
ឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូស្រាល ក្រណាត់ផ្កា ពណ៌ផ្ទៃមេឃ រហូតដល់កម្រងពណ៌បែបងងឹត ត្រូវបានគ្រងដោយបវរកញ្ញា តារាម៉ូដែលជាតិ និងអន្តរជាតិ អមដោយសម្លេងហ៊ោរសាទរ និងស្នូរទះដៃពីភ្ញៀវកិត្តិយសដែលសុទ្ធសឹងជាអ្នកស្រឡាញ់វិស័យហ្វេសសិន។
តារាចម្រៀង និងជាតារាម៉ូដែល Nikki Nikki បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយវត្តមានរបស់នាងឆ្នាំនេះ ហើយនាងបានបន្លឺឡើងថា៖ «សូមអរគុណ Drewe Taylor Designs ដែលបានឱ្យខ្ញុំបិទ និង ESSK ដែលបានឱ្យខ្ញុំបើកកម្មវិធីរបស់អ្នក!”។
នៅថ្ងៃទី ៣១ខែឧសភា ទោះបីជាថ្ងៃនោះត្រូវបានប្រកាសថាជា រាត្រីសម្លៀកបំពាក់បុរសក៏ដោយ ក៏ការបង្ហាញពីប្រ៊េន Ambre Men, Drewe Taylor Designs និង Don Protasio បានពាំនាំនូវសម្លៀកបំពាក់នារីមកបង្ហាញផងដែរ។

អ្នកនាង ចាន់ គង្ការ (អង្គុយថតទូរស័ព្ទ) លើកទឹកចិត្តតារាម៉ូដែលនៅលើផ្លូវរត់នោះ បានអភិវឌ្ឍអាជីពរបស់នាងតាមរយៈកម្មវិធី Phnom Penh Designers Week កាលពីប៉ុន្មានឆ្នាំមុន។ រូបថត សហការី
តារាម៉ូដែលមួយរូប អ្នកនាង ចាន់ គង្ការ ដែលអង្គុយនៅជួរមុខ ដើម្បីលើកទឹកចិត្តតារាម៉ូដែលនៅលើផ្លូវរត់នោះ បានអភិវឌ្ឍអាជីពរបស់នាងតាមរយៈកម្មវិធី Phnom Penh Designers Week កាលពីប៉ុន្មានឆ្នាំមុន។ នាងតែងតែមានអារម្មណ៍ថាជាការត្រលប់មកផ្ទះវិញក្នុងការចូលរួមព្រឹត្តិការណ៍ម៉ូដនេះ។
អ្នកនាងបានលើកឡើងថា៖ «សម្រាប់អ្នកដែលស្រឡាញ់វិស័យច្នៃម៉ូដមានអារម្មណ៍ថាវ៉ាវ! ប្លែកភ្នែក។ សម្រាប់គាត់ដែលជាអ្នកចូលចិត្តម៉ូដសម្លៀកបំពាក់សាមញ្ញ ត្រឹមតែសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលមិនចូលចិត្តភាពប្លែកចម្លែកៗ ប្រាកដជាមានអារម្មណ៍ថា អូយ ស្អីគេហ្នឹង ចម្លែកម្ល៉េះ ហើយមើលម៉េចឃើញស្អាត? ចាស ប្រាកដជាមានអារម្មណ៍បែបហ្នឹង ហើយមានអារម្មណ៍អាចគិតមួយទៀតថា ដូចឆ្កួតៗអីអ៊ីចឹង»។
អ្នកនាង គង្ការ បានលើកឡើងថា ហ្វេសសិនវិញ អ្នកទាំងអស់គ្នា ហ្វេសសិនគឺជាសិល្បៈនៃការរចនាសម្លៀកបំពាក់ គ្រឿងតុបតែង និងស្បែកជើងជាដើម។ អ៊ីចឹងរាល់ការរចនា គឺប្រាកដណាស់ យើងត្រូវការនូវគំនិតអ្វីដែលថ្មីៗសម្រាប់ការស្លៀកដើរបង្ហាញម៉ូដជាពិសេស។
ឧស្សាហកម្មម៉ូដបាននិងកំពុងរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសាលារចនាម៉ូដកាន់តែច្រើន និងអ្នករចនាម៉ូដវ័យក្មេងដែលកំពុងលេចធ្លោ ប៉ុន្តែសហគមន៍ម៉ូដនៅកម្ពុជានៅតូចនៅឡើយ ហើយផ្នត់គំនិតចំពោះហ្វេសសិននៅនៅមានកម្រិតផងដែរ។
អ្នកនាង គង្ការ បានកត់សម្គាល់អំពីចំណុចនេះ ហើយចង់លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃម៉ូដក្នុងព្រះរាជាណាចក្រកម្ពុជា។
អតីតជយលាភី Cambodia's Next Top Model រដូវកាលដំបូងរូបនេះបាននិយាយថា៖ «បើយើងក្រឡេកមកមើលការដើរបង្ហាញម៉ូដវិញ អ្នកទាំងអស់គ្នាឃើញប្លែកភ្នែកអត់? គឺប្លែកជាងអ្វីដែលយើងធ្លាប់ឃើញ ឬក៏ការស្លៀកពាក់របស់មនុស្សប្រចាំថ្ងៃ ហើយនេះគឺជាគោលបំណងរបស់ អ្នកឌីហ្សាញនិងអ្នករៀបចំកម្មវិធីតែម្ដង»។

សម្រាប់អ្នកច្នៃម៉ូដ គឺគាត់តែងតែខំប្រឹងច្នៃប្រឌិតយ៉ាងណាឱ្យមានភាពប្លែកទាក់ទាញ ពីមួយរដូវកាល ទៅមួយរដូវកាល។ គំនិតច្នៃប្រឌិតរបស់គាត់គឺត្រូវតែលើសពីអ្វីដែលយើងធ្លាប់ឃើញជាប្រចាំថ្ងៃ។
អ្នកនាងបន្តថា៖ «ដូច្នេះហើយបានយើងឃើញមានគេហៅថាការពាក់ត្រួតគ្នាច្រើន ឬក៏ការថែមគ្រឿងអលង្ការលើគ្រឿងអលង្ការ ស្បែកជើងចេញបែបអ៊ីចេះបែបអ៊ីចុះគឺដើម្បីចំណាប់អារម្មណ៍ ហើយនិងបង្ហាញពីគំនិតច្នៃប្រឌិតថ្មីរបស់គាត់»។
គួររំឭកផងដែរថា Phnom Penh Designers Week ត្រូវបានផ្ដួចផ្ដើមគំនិតដោយលោក Don Protasio អ្នកច្នៃម៉ូដជនជាតិហ្វីលីពីន ដែលបានសហការបង្កើតកម្មវិធី ជាមួយលោក Sophea Ke ក្នុងឆ្នាំ ២០១៣។ កម្មវិធីនេះបានក្លាយជាវេទិកាមួយដ៏សំខាន់ក្នុងការលើកស្ទួយវិស័យហ្វេសសិននៅកម្ពុជា។
ព្រឹត្តិការណ៍បង្ហាញម៉ូដនេះត្រូវបានរៀបចំឡើងដោយ Fashion Lab សហការជាមួយ Rosewood Phnom Penh ទូរទស្សន៍ Minerva ទស្សនាវដ្តី Sovrin និង The Phnom Penh Post៕
