ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង អប់រំ យុវជន និង​កីឡា​បាន​អំពាវនាវ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទាំងអស់​បន្ត​អនុវត្ត​នូវ​ស្តង់ដា​អនាម័យ​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ដើម្បី​​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ក្នុង​ពេល​បើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ឡើងវិញ​ទូទាំង​​ប្រទេស​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​បែបនេះ​ក្នុង​ពេល​ចុះ​ពិនិត្យមើល​នៅ​តាម​សាលារៀន​នានា​ក្នុង​ខេត្ត​សៀមរាប​ក្នុង​ថ្ងៃ​ចូលរៀន​ឡើងវិញ​លើក​ដំបូង​កាលពី​ម្សិលមិញ​បន្ទាប់ពី​បាន​បិទទ្វារ​គ្រឹះស្ថានសិក្សា​អស់​រយៈពេល​ ៦ ​ខែ​កន្លងមក ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា​។

លោក ណារ៉ុន ថ្លែងថា​៖ «​ខ្ញុំ​សូម​លើក​ទឹកចិត្ដ​ឲ្យ​គណៈ​គ្រប់គ្រង​សាលា​បន្ត​អនុវត្ដ​នូវ​ស្តង់ដា​អនាម័យ​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ដែល​ក្រសួង​បាន​ដាក់​ចេញ​ទៅ​ឲ្យ​បាន​ខ្ពស់​។ សាលារៀន​សាធារណៈ​របស់​រដ្ឋ​យើង​មាន​សិស្ស​ច្រើន ដូច្នេះ​យើង​បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​សាលា​ក្នុងនោះ សាលា​មត្ដេយ្យ​សិក្សា​គឺ​ឲ្យ​រៀន​បែងចែក​ចេញ​ជា​ ២ ​វេន [​សិស្ស ១ ​ថ្នាក់​មាន ២០ ទៅ ៣០ នាក់ ដូច្នេះ​បែងចែក​ជា ២ ​វេន​ក្នុង​ ១ ​ថ្នាក់​មាន​សិស្ស​រៀន​ត្រឹម ១៥ ​នាក់​ប៉ុណ្ណោះ​]»​។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែងថា​៖ «​ចំណែក​ថ្នាក់បឋមសិក្សា​បាន​បែងចែក​ចេញ​ជា ៣ ​វេន គឺ​ក្នុង ១ ​សប្ដាហ៍​សិស្ស​រៀន​តែ ២ ​ថ្ងៃ​ទេ​នេះ​ជា​ការបើក​សាកល្បង​។ បើ​ការបើក​សាកល្បង​នេះ ដំណើរការ​បាន​ជោគជ័យ​នៅ​ថ្ងៃក្រោយ​ក្រសួង​នឹង​ពិនិត្យ​ការបើក​ឡើងវិញ​ដើម្បី​ឲ្យ​សិស្ស​បាន​រៀន​រឹតតែ​ច្រើន​ថែមទៀត​»​។

យោង​តាម​ក្រសួង​អប់រំ គ្រឹះស្ថាន​សិក្សា​សាធារណៈ​ចាប់ពី​ថ្នាក់​ទី ៩ និង​ថ្នាក់​ទី ១២ នៅ​ទូទាំង​ប្រទេស​ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ប៉ុន្តែ​គ្រឹះស្ថានសិក្សា​សាធារណៈ​ដែល​អាច​បើក​ដំណើរការ​ឡើងវិញ​គ្រប់​កម្រិតសិក្សា គឺ​មាន​តែ ៤ ប៉ុណ្ណោះ​គឺ​ទី​រួម​ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ទី​រួម​ខេត្ត​មណ្ឌលគិរី​ព្រោះ​ខេត្ដ​ទាំងនេះ​កម្រិត​ហានិភ័យ​ទាប​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ ក្រៅ​ពី​នេះ​ក្រសួងអប់រំ បាន​និង​បន្ត​ពិនិត្យ​លទ្ធភាព​ជាក់​ស្ដែង​បើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​តាម​រាជធានី-ខេត្ត​ផ្សេង​ទៀត​តាម​ទ្រង់ទ្រាយ​តូច និង​រៀន​ឆ្លាស់​វេន​គ្នា។

លោក​រដ្ឋមន្ដ្រី​ថ្លែង​ថា​៖ «​ក្នុង​ថ្ងៃ​បើក​ឡើងវិញ​ដំបូង​នេះ ខ្ញុំ​សង្កេតឃើញ​សិស្ស​ខ្លះ​ពួកគាត់​ហាក់បី​ដូចជា​ភ្លេច (​មេរៀន​) ជាពិសេស​សិស្ស​នៅ​ថ្នាក់បឋមសិក្សា​ថ្នាក់​ទី​ ១- ​ទី ​២​។ ប៉ុន្ដែ​សម្រាប់​សិស្ស​ពី​ថ្នាក់​ទី​ ៥ ថ្នាក់​ទី​ ៦ ពួកគាត់​មិន​សូវ​ភ្លេច​ទេ ព្រោះ​ពួកគាត់​អាច​រៀន​បាន​ដោយ​ខ្លួនឯង​នៅផ្ទះ និង​រៀន​តាម​អនឡាញ ដូច្នេះ​ការបើក​ដំណើរការ​ឡើង​វិញ​នេះ​ក៏បាន​ជួយ​កុំ​ឲ្យ​សិស្ស​ភ្លេច​មេរៀន សិស្ស​អាច​ចូលរៀន​វិញ​បាន​»​។

លោក​រដ្ឋមន្ដ្រី​បាន​អះអាង​ថា គណៈ​គ្រប់គ្រង​សាលា​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​បើក​សាលា​ឡើងវិញ​ដោយ​គោរព​តាម​ស្ដង់ដា​អនាម័យ​ដែល​ក្រសួង​បាន​ណែនាំ ហើយ​បាន​អំពាវនាវ​បន្ត​ដល់​គណៈគ្រប់គ្រង និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ អប់រំ​សិស្សានុសិស្ស​ឲ្យ​បន្ត​អនុវត្ដ​ស្ដង់ដា​អនាម័យ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​សិស្ស និង​ចូលរួម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​។

ក្រសួង​អប់រំ​ក៏​បាន​កំណត់​ឲ្យ​អនុវត្ត​ស្តង់ដា​អនាម័យ​ដល់​សាលារៀន ត្រូវ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកប​ដោយ​សុវត្ថិភាព បរិយាប័ន្ន ផាសុកភាព និង​មេត្រីភាព កៅអី​ការអង្គុយ​សម្រាប់​សិស្សានុសិស្ស​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោចណាស់​ ២ ​ម៉ែត្រ និង​រៀបចំ​ចំណុះ​ថ្នាក់​ដោយ​កំណត់​សិស្ស​មិន​ឱ្យ​លើសពី​ ១៥ ទៅ ២០ នាក់​ក្នុង ១ ​ថ្នាក់​។ សិស្សានុសិស្ស​ទាំងអស់ មុន​ពេល​ចូល​សាលា​តម្រូវ​ឲ្យ​មាន​ការវាស់​កម្តៅ វាយត្រា​សម្គាល់ លាងសម្អាត​ដៃ​កម្ចាត់​មេរោគ ពាក់​ម៉ាស់ ឬ​របាំងមុខ​កាត់​បន្ថយ​ការប្រមូលផ្ដុំ​ជាដើម​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា ការអនុញ្ញាត​ឲ្យ​ចូល​រៀន​គ្រប់​កម្រិត​គឺ​សម្រាប់តែ​គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​រួម​ខេត្ត​ចំនួន ៤ រួមមាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​ដែល​ខេត្ដ​ទាំងនោះ​មាន​អត្រា​ឆ្លង​កូវីដ​ ១៩ ក្នុង​កម្រិត​ទាប​។

លោក​ថ្លែងថា​៖ «​នៅក្នុង​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​នៅ​ដំណាក់កាល​ទី​ ២ ​នេះ​គឺ​គណៈ​គ្រប់គ្រង​សាលារៀន​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ដ​នូវ​ស្តង់ដា​អនាម័យ និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ យុវជន និងកីឡា ចុះថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០»​។

រដ្ឋាភិបាល​បាន​ប្រកាស​បិទ​សាលារៀន​ទាំងអស់​នៅ​ទូទាំង​ប្រទេស​តាំងពី​ខែមីនា ដោយ​តម្រូវឱ្យ​សិស្ស​ទាំង​នៅ​ទីក្រុង និង​ជនបទ​សិក្សា​ពី​ចម្ងាយ តាមរយៈ​កម្មវិធី​បង្រៀន​តាម​ទូរទស្សន៍ ឬ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការឆ្លង​ជំងឺ​កូវីដ ១៩​។ ចំណែក​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​គឺ​ត្រូវ​ចែកចេញ​ជា ៣ ដំណាក់កាល​គឺ​ដំណាក់កាល​ទី​ ១ សម្រាប់​សាលា​ដែល​មាន​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់ ទី ២ សម្រាប់​សាលា​មាន​ស្ដង់ដា​សុវត្ថិភាព​មធ្យម​ និង​ទី ៣ សម្រាប់​សាលារៀន​ដែល​មាន​ស្ដង់ដា​អប្បបរមា​៕

វីដេអូ៖