ភ្នំពេញៈ Visa Inc ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល បាន​ឱ្យ​ដឹងថា ចំនួន​ប្រតិបត្តិការ​នៃ​ការទូទាត់​តាម​បច្ចេកវិទ្យា​មិនចាំបាច់​ប៉ះពាល់​ផ្ទាល់​ (Contactless) និង​ប្រតិបត្តិការ​ដោយ​ប្រើប្រាស់ Visa Card នៅ​កម្ពុជា​បាន​កើនឡើង​ជាង​ ៧១ ​ភាគរយ​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការសិក្សា​អំពី​ឥរិយាបថ​ទូទាត់​ប្រាក់​របស់​អ្នក​ប្រើ Visa Card តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ៣១ ខែឧសភា​។

អ្នកស្រី ជុំ ម៉ូនីកា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា អតិថិជន​កម្ពុជា​កាន់តែ​ច្រើន​កំពុងតែ​ទទួលយក​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​ (២០២០-២០២១) ​មាន​ការកើន​រហូត​ដល់​ជាង ៧១ ​ភាគរយ​ដែល​នេះ​បង្ហាញ​ការរីកលូតលាស់​ក្នុង​វិស័យនេះ​យ៉ាងខ្លាំង​។

អ្នកស្រី​អះអាង​ថា​៖ «​នេះ​មានន័យថា Visa Card របស់​យើង​ប្រើប្រាស់​ទិញ​ទំនិញ​នៅតាម​ហាង​ទំនិញ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​»​។

របាយការណ៍​ចុងក្រោយ​ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យ​ដឹងថា បច្ចុប្បន្ន​មាន​ប្រជាជន​ខ្មែរ​ច្រើនជាង ៥៩ ​ភាគរយ​បានធ្វើ​ប្រតិបត្តិការ​ទូទាត់​តាមរយៈ​ប្រព័ន្ធ​អនឡាញ ដែល​នេះ​ឆ្លុះបញ្ចាំង​អំពី​ការលើកកម្ពស់​សេវា​ទូទាត់​ឌីជីថល​ស្របទៅ​នឹង​កិច្ចការងារ​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

អគ្គនាយិកា​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា លោកស្រី ជាសិរី បាន​លើក​ឡើង​ថា ក្នុង​នាម​អាជ្ញាធរ​ត្រួតពិនិត្យ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ការធ្វើ​កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ គឺជា​ផ្នែក​មួយ​ដ៏មាន​សារៈសំខាន់​នៃ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រទេស​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគរាតត្បាត​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​៖ «​នេះ​ជា​មូលហេតុ​ដែល​យើង​កំពុង​លើក​ទឹកចិត្ត​ប្រជាជន​ខ្មែរ​ទាំងអស់​ឱ្យប្រើ​កាបូប​អេឡិចត្រូនិក (E-Wallet) និង​កម្មវិធី​ទូទាត់​ដូចជា កម្មវិធី​បាគង​ជំនួស​ឱ្យ​ការទូទាត់​ជា​ក្រដាសប្រាក់ ដើម្បី​ចូលរួម​កាត់បន្ថយ​ការប៉ះពាល់ និង​ហានិភ័យ​នៃ​ការរាតត្បាត​ជំងឺ​ផ្សេងៗ​»​។

ក្នុង​សនិ្នសីទ​សារព័ត៌មាន​នេះ Visa ក៏បាន​បង្ហាញ​ពី​លទ្ធផល​ស្ទង់​មតិ​មួយ​ស្តីពី​ការសិក្សា​អំពី​ឥរិយាបថ​ទូទាត់​ប្រាក់​របស់​អ្នក​ប្រើ Visa Card ដែល​បាន​ស្ទង់​មតិ​លើ​មនុស្ស​ចំនួន​ជាង ៧ ៥០០ ​នាក់​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួមទាំង​កម្ពុជា​។

អ្នកស្រី ម៉ូនីកា លើកឡើងថា ចាប់តាំងពី​មាន​ការផ្ទុះ​ជំងឺ​កូវី​ ១៩ អ្នក​ប្រើប្រាស់​បាន​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការទិញ​ និង​ការជ្រើសរើស​វិធី​ទូទាត់​ប្រាក់​របស់​ពួកគេ​តាម​ប្រព័ន្ធ​ឌីជីថល​កើនឡើង​គួរឱ្យ​កត់សម្គាល់​។ ជាក់ស្តែង​ស្ថិតិ​ដែល​បានមកពី​ការស្ទង់មតិ​របស់​ក្រុមហ៊ុន Visa បង្ហាញថា អ្នកប្រើប្រាស់​ប្រមាណ ៤៤ ​ភាគរយ​ បាន​កាត់បន្ថយ​កាន់​សាច់ប្រាក់​សុទ្ធ​ជាប់​ខ្លួន បើ​ធៀប​នឹង​មុនពេល​មាន​ជំងឺ​កូវីដ​ ១៩​។

អ្នកស្រី​បន្ថែមថា​៖ «​សុវត្ថិភាព និង​បរិយាប័ន្ន​ហិរញ្ញវត្ថុ គឺជា​ហេតុផល​ចម្បង​សម្រាប់​ការប្រើប្រាស់​ការទូទាត់​តាម​ឌីជីថល​»​។

ស្ថិតិ​នេះ​បង្ហាញ​ទៀតថា អ្នក​ស្ទង់មតិ​ចំនួន ៣៤ ​ភាគរយ​បាន​ឆ្លើយថា​នឹង​ជួយ​កាត់បន្ថយ​ការចម្លង​មេរោគ និង ៣២ ភាគរយ​នឹង​ជួយ​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​។

ជាមួយ​គ្នា​នេះ រោគរាតត្បាត​បាន​បណ្តាល​ឱ្យមាន​ការកើនឡើង ៣១ ​ភាគ​នៃ​ការប្រើប្រាស់​កាត​ដែល​បំពាក់​បច្ចេកវិទ្យា Contactless ដោយ​ការទូទាត់​តាម​កាបូប​ប្រាក់​ឌីជីថល​មាន​ចំនួន ១៧ ​ភាគរយ និង​ការទូទាត់​តាម​កាត​មាន​ចំនួន ២៩ ​ភាគរយ​។ នេះ​បើតាម​ការស្ទង់មតិ​៕ LA