ភ្នំពេញៈ ដោយសារ​តែ​ភាពមិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ជុំវិញ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ សន្ទស្សន៍​ទំនុកចិត្ត​អាជីវកម្ម​ឆ្នាំ ២០២១ របស់​ប្រទេស​កម្ពុជា​ធ្លាក់​ចុះមក​នៅត្រឹម​ ៤៦,១ ​ភាគរយ​ធៀប​នឹង ​៥២,៩ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩​។

នេះ​បើ​យោងតាម​ការស្ទង់មតិ​ទំនុកចិត្ត​អាជីវកម្ម​ចុងក្រោយ​បំផុត​ឆ្នាំ​ ២០២១ នៅក្នុងពេល​ជំងឺ​កូវីដ​ ១៩ ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ (EuroCham)​។

ទោះយ៉ាងណា ក្រុមហ៊ុន​ជាច្រើន​មាន​សុទិដ្ឋិនិយម​អំពី​ការស្ទុះ​ងើបឡើង​នៃ​សេដ្ឋកិច្ច​នៅពេល​អនាគត​ ខណៈ​គម្រោង​ប្រមាណ​ ៥៦ ​ភាគរយ​នឹង​ត្រូវបាន​វិនិយោគ​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ១២ ​ខែក្រោយ​។

យោងតាម​ការស្ទង់មតិ ដែល​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ២៦ ខែវិច្ឆិកា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ១១ ​ខែ​មករា​ឆ្នាំ​ ២០២១ ​របស់ EuroCham សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ភាពធន់ ការធ្វើ​បាន​ល្អ​ជាង​ការធ្លាក់ចុះ​ដែល​បាន​ព្យាករ និង​ដោយ​មាន​ការស្ទុះ​ងើបឡើង​យ៉ាងខ្លាំង​ដែល​បាន​រំពឹងទុក​ក្នុង​ឆ្នាំ​ ២០២១​។

ខណៈ​ដែល​ការបង្ហាញ​ពី​ភាពជម្នះ​នៃ​ក្រុមហ៊ុន​ក្នុង​ពេលវេលា​ដ៏ពិបាក បណ្តាល​មកពី​ការរីករាលដាល​លើ​ពិភពលោក​នៅតែ​ផ្តល់​ការរំខាន​យ៉ាងខ្លាំង​។ ឆ្នាំ​ ២០២០ គេ​បាន​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ ៣ ​ទសវត្សរ៍ និង​វិស័យ​សំខាន់ៗ​ជាច្រើន​ដូចជា ទេសចរណ៍ សំណង់ និង​ផលិតកម្ម ត្រូវបាន​រង​ផលប៉ះពាល់​ខ្លាំង​ជាងគេ​។

ការស្ទង់មតិ​បង្ហាញថា​៖ «​យោងតាម​សមាជិក​របស់​យើង ទំនុក​ចិត្ត​នៅលើ​ទីផ្សារ​កម្ពុជា​បាន​ធ្លាក់ចុះ​តែ​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ បញ្ហា​ប្រឈម​សេដ្ឋកិច្ច ភាពស្មុគស្មាញ និង​ភាព​មិន​ច្បាស់លាស់ ដែល​បាន​បណ្ដាល​មកពី​ជំងឺ​កូវីដ​ ១៩ ទំនងជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​ការធ្លាក់ចុះ​នេះ​។ ទោះយ៉ាងណា ដោយសារ​តែ​ថា សមាជិក​របស់​យើង​បាន​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​វិស័យ​នានា​ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ជំងឺ​កូវីដ​ ១៩ (​សេវាកម្ម អប់រំ ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​) ការធ្លាក់ចុះ​ទំនុកចិត្ត មិន​ធ្ងន់ធ្ងរ​ជាង​ការរំពឹងទុក​នោះទេ​»​។

ការស្ទង់មតិ​នេះ​បង្ហាញថា មាន​ការធ្លាក់ចុះ​ការយល់ដឹង​ពី​ភាពងាយស្រួល​នៃ​ការធ្វើ​អាជីវកម្ម ដោយ​ ១២ ​ភាគរយ​ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើន ពិចារណា​ថា វា​នឹង​មាន​ភាព​កាន់តែ​ងាយស្រួល ធៀប​នឹង​ ១៨ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ខណៈ​អាជីវកម្ម​ចំនួន​ច្រើន​ដល់​ ៧៧ ​ភាគរយ​ធៀប​នឹង​ ៣២ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ​ធ្វើ​មិន​បានល្អ​ធៀប​នឹង​ទិសដៅ​កំណត់​ប្រាក់ចំណេញ​របស់​ពួកគេ​ក្នុង​រយៈពេល​ ១២ ​ខែ​កន្លងមក ខណៈ​ដែល​មានតែ​ ២១ ​ភាគរយ​ប៉ុណ្ណោះ​សម្រេចបាន​តាម​ទិសដៅ​កំណត់​របស់​ពួកគេ​ធៀប​នឹង​ ៣២ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ឱ្យដឹងថា ទោះបីជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ ក៏​បរិយាកាស​ការធ្វើ​អាជីវកម្ម​របស់​កម្ពុជា​នៅតែ​ល្អ និង​មាន​អំណោយផល​។

លោក​បញ្ជាក់​៖ «​ជាមួយ​នឹង​ការគោរព​ចំពោះ​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ខ្ញុំ​ពេញចិត្ត​យ៉ាងខ្លាំង​ជាមួយ​នឹង​បរិយាកាស​អាជីវកម្ម ដោយសារ​តែ​ខ្ញុំ​ស្ថិតក្នុង​អាជីវកម្ម​ធនាគារ​ចាប់តាំងពី​ឆ្នាំ​ ២០២០​។ អាជីវកម្ម​របស់​ធនាគារ​គឺ​ល្អ​បំផុត ហើយ​វា​បន្ត​កើនឡើង​ជា​វិជ្ជមាន​»​។

យោងតាម​ការស្ទង់មតិ ក្រុមហ៊ុន​ជាច្រើន​មើលឃើញ​ការប្រកួតប្រជែង​ក្នុង​តំបន់​របស់​ប្រទេស​កម្ពុជា​មាន​ភាពវិជ្ជមាន​កាន់តែច្រើន​។ ដោយ​ ៤៨ ​ភាគរយ​គិតថា អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​របស់​កម្ពុជា​ត្រូវ​បាន​ប្រៀបធៀប​ជា​មធ្យម​ចំនួន​ ៣៨ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ខណៈ​អ្នក​ផ្សេងទៀត​មើលថា​ «​ខ្សោយ​» ​បាន​ធ្លាក់ចុះ​ពី​ ៤៥ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ មក​នៅត្រឹម​ ៣៧ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១​។

ភាគច្រើន​ ៦៧ ​ភាគរយ​គិតថា​អាជីវកម្ម​ពួកគេ​មិនត្រូវ​បាន​រង​ផលប៉ះពាល់​ដោយ​ការដកចេញ​មួយផ្នែក​នៃ​ផែនការ​អនុគ្រោះ​ពន្ធ (EBA) ​របស់​សហភាព​អឺរ៉ុប​ឡើយ ប៉ុន្តែ​ ៣០ ​ភាគរយ​គិតថា ការសម្រេចចិត្ត​នេះ​បាន​ធ្វើឱ្យ​ពួកគេ​រង​ផលប៉ះពាល់​អវិជ្ជមាន​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ៣១ ខែឧសភា ថា ជាមួយ​នឹង​ភាពអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ កម្ពុជា​នៅតែ​ទទួលបាន និង​ជា​កន្លែង​មួយ​ដែល​មាន​ការទាក់ទាញ​សម្រាប់ ការវិនិយោគ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​បន្ត​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​។ នៅពេល​បញ្ហា​ជំងឺ​កូវីដ​ ១៩ ស្ថិតក្រោម​ការគ្រប់គ្រង ខ្ញុំ​មាន​ទំនុកចិត្ត​ថា កម្ពុជា​នឹង​បន្តធ្វើ​ជា​កន្លែង​ដែល​គួរឱ្យ​ទាក់ទាញ សម្រាប់​វិនិយោគិន​។ អ្នក​វិស័យ ទំនិញ​អ្នកធ្វើដំណើរ​នឹង​កាន់តែ​ទាក់ទាញ​ជាងគេ​»​។

ទោះបីជា​ចំនួន​អាជីវកម្ម​តិចជាង​មុន​ (៥៦ ​ភាគរយ​) ​ព្យាករ​កំណើន​ក្នុង​រយៈពេល​ ១២ ​ខែក្រោយ ធៀប​នឹង​ឆ្នាំ​ ២០១៩ (៧២ ​ភាគរយ​) ត្រូវបាន​ចាត់ទុក​ថា ជា​សូចនាករ​វិជ្ជមាន​មួយ ដោយសារ​តែ​បញ្ហា​ប្រឈម​ជាច្រើន​ដែល​កើនឡើង​ដែល​បាន​បង្កឡើង​ដោយ​ជំងឺ​កូវីដ ១៩​។

ក្រុមហ៊ុន​ជាច្រើន​មាន​សុទិដ្ឋិនិយម​អំពី​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅពេល​អនាគត​តាម​ផែនការ​ ៥៦ ​ភាគរយ​ក្នុង​ការពង្រីក​អាជីវកម្ម​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ១២ ​ខែក្រោយ​។

ការស្ទង់មតិ​ឱ្យដឹង​ដែរ​ថា​ ៩០ ​ភាគរយ​នៃ​អ្នកឆ្លើយ​សំណួរ​ត្រូវ​បាន​រង​ផលប៉ះពាល់​អវិជ្ជមាន​ដោយ​ជំងឺ​កូវីដ​ ១៩ ដោយ​ជិត​ ១ ​ភាគ​ ៣ (២៩ ​ភាគរយ​) ​រង​ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងខ្លាំង​។ ម្យ៉ាងវិញទៀត​ ១០ ​ភាគរយ​នៃ​អ្នកឆ្លើយ​សំណួរ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​នោះទេ ហើយ​ក្នុង​ចំណោម​នេះ​ ៤ ​ភាគរយ​ត្រូវ​រង​ផលប៉ះពាល់​វិជ្ជមាន​នៅក្នុង​វិស័យ​នានា​ដូចជា ពាណិជ្ជកម្ម​អេឡិចត្រូនិក​។

ឯកសារ​ស្ទង់មតិ​នេះ​បាន​កត់សម្គាល់​ផងដែរ​៖ «​ជាមួយនឹង​វិនិយោគិន​ដែល​អនុលោម​តាមច្បាប់​កាន់តែច្រើន​ចូលក្នុង​ទីផ្សារ​នេះ ដើម្បី​ប្រើប្រាស់​អត្ថប្រយោជន៍​ប្រកួតប្រជែង​របស់​កម្ពុជា​»៕LA