ភ្នំពេញៈ ក្រុមហ៊ុន CP ALL Plc ដែលជា​ប្រតិបត្តិករ​ហាង​ទំនិញ​លក់រាយ​ធំជាងគេ​នៅ​ប្រទេស​ថៃ​បាន​ឱ្យ​ដឹងថា ខ្លួន​នឹង​បើក​ដំណើរការ​ផ្សារ 7-Eleven នៅ​ទីក្រុង​ភ្នំពេញ​ក្នុងពេល​ឆាប់ៗ​។ នេះ​បើតាម​លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​។

លោក អ៊ូក សោភ័ណ្ឌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែ​មិថុនា ថា បើតាម​បុគ្គលិក​របស់​ក្រុមហ៊ុន CP ALL នៅ​ប្រទេស​ថៃ​ឱ្យដឹងថា ក្រុមហ៊ុន CP ALL Cambodia គ្រោង​នឹង​បើក​សាខា​ហាង​លក់ទំនិញ​រាយ​ឱ្យបាន​យ៉ាងតិច ៦ ទីតាំងនៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ នេះ ដោយ​សាខា​ដំបូង​មាន​ទីតាំងនៅ​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ PTT ខណ្ឌ​ព្រែក​ព្នៅ​។ ទីតាំង​នេះ​គ្រោង​នឹង​បើក​នៅ​ពាក់កណ្តាល​ខែ​មិថុនា​នេះ ចំណែក​សាខា​ទី​ ២ ស្ថិតនៅក្នុង​បុរី​ប៉េងហួត សង្កាត់​ព្រែកលៀប តាម​បណ្តាយ​ផ្លូវជាតិ​លេខ​ ៦ គ្រោង​នឹង​បើក​ក្នុង​ខែសីហា ឆ្នាំ​ ២០២១​។

លោក​លើកឡើងថា ការវិនិយោគ​របស់​ក្រុមហ៊ុន CP ALL ថៃ នៅ​កម្ពុជា គឺជា​រឿង​ល្អ ដោយសារ​ទី​១ វា​បាន​ដើរ​ស្រប​នឹង​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​កម្ពុជា ដែល​បាន​ផ្តួចផ្តើម និង​ដាក់ឱ្យ​អនុវត្ត​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មាន​ការគាំទ្រ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទី​២ ក្រុមហ៊ុន​នេះ​នឹង​ជួយផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាត់បង់​ការងារ​ដោយសារ​ជំងឺ​កូវីដ​ ១៩ និង​ទី​៣ ក្រុមហ៊ុន​នឹង​ទទួល​យក​ផលិតផល​ខ្មែរ​មួយចំនួន​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​យ៉ាងតិច ៥០ ​ភាគរយ​ដើម្បី​ដាក់លក់​ប្រដំប្រសង​ជាមួយ​ផលិតផល​ថៃ ដូចដែល​ក្រុមហ៊ុន​ធ្លាប់បាន​សន្យា​ជាមួយ​នឹង​រូបលោក និង​លោក​អនុព័ន្ធពាណិជ្ជកម្ម​នាពេល​កន្លងមក​។

លោក​ថ្លែង​ថា​៖ «​បើសិន​ផលិតផល​ខ្មែរ​មាន​គុណភាព​ស្តង់ដា និង​តម្រូវការ​ខ្ពស់ ក្រុមហ៊ុន​នឹង​ពិចារណា​នាំមក​លក់​នៅតាម​សាខា 7-Eleven ទូទាំងប្រទេស​ថៃ ដែលមាន​ជាង ១២ ០០០ ​ហាង​ថែមទៀត​។ ដូច្នេះ​នេះ​ជា​ឱកាស​សម្រាប់ SMEs កម្ពុជា​ក្នុង​ការចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន CP ALL ដែលមាន​បណ្តាញ​ហាង​លក់ទំនិញ​ធំ​បំផុត​លើ​ពិភពលោក​»​។

លោក សោភ័ណ្ឌ បាន​បញ្ជាក់ថា នៅ​ប្រទេស​ថៃ ​មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​ (CBC) ដែល​ទើប​បង្កើតឡើង​ ដើម្បី​បម្រើ​ជា​កន្លែង​ជំរុញ​ផ្សព្វផ្សាយ​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ ព្រមទាំង​ផ្លាស់ប្តូរ​ព័ត៌មាន និង​ចំណេះដឹង​ផ្សេងៗ​រវាង​សមាជិក​រាប់​តាំងពី​ការធ្វើ​អាជីវកម្ម ការលើកកម្ពស់​គុណភាព​ទំនិញ ឬ​សេវាកម្ម ការជំរុញ​ផលិតកម្ម និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​ថៃ និង​កម្ពុជា​ព្រម​ទាំង​ការសម្របសម្រួល និង​ចរចា​ជាមួយ​ស្ថាប័នរដ្ឋ​នៅក្នុង​ប្រទេស​ទាំង​ ២ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​វិស័យ​ឯកជន​ដែលជា​សមាជិក​ថែមទៀត​។

ក្រុមហ៊ុន CP ALL បាន​ជូនដំណឹង​ថា ក្រុមហ៊ុន​បាន​ពង្រីក​កិច្ចព្រមព្រៀង Master Agreement នៃ​ផ្សារម៉ាត 7-Eleven នៅ​ស្ថានីយប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន PTT Oil and Retail Business Public Company Li-mited ក្នុង​រយៈពេល​ ១០ ឆ្នាំ​បន្តទៀត បន្ទាប់ពី​កិច្ចសន្យា​ចាស់​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​ផ្ញើ​ទៅ​ប្រធាន​ផ្សារហ៊ុន​ថៃ​កាលពី​ថ្ងៃទី​ ២៥ ខែឧសភា​។

បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​ដំណើរការ​ហាង 7-Eleven សរុប ១២ ២២៥ នៅ​ប្រទេស​ថៃ​។ ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ខ្លួន​បាន​វិនិយោគ​ប្រាក់​ចន្លោះ​ពី ១១,៥ ​ពាន់​លាន​បាត​ទៅ ១២ ​ពាន់​លាន​បាត​ នៅ​ឆ្នាំ​ ២០២០ ដើម្បី​បើក​ដំណើរការ​ហាង​ថ្មី ជួសជុល​កែលម្អ​ហាង​ដែល​មាន​ស្រាប់ និង​បើក​ដំណើរការ​គម្រោង​ថ្មីៗ​៕ LA