ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​បានឱ្យដឹង​នៅក្នុង​ការត្រួតពិនិត្យ​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២០ (FSR 2020) ​ថា ដោយសារតែ​ស្ថានការ​ជំងឺ​កូវីដ​ ១៩ និង​ភាពតានតឹង​ពាណិជ្ជកម្ម​អន្តរជាតិ​បន្ត​រយៈពេល​យូរ ចក្ខុវិស័យ​កំណើន​របស់​កម្ពុជា​នៅតែ​មិន​ច្បាស់លាស់​។

ក្នុងនាម​ជា​ប្រទេស​តូច​មួយ​ដែល​ពឹង​ផ្អែកលើ​ទីផ្សារ​ខាងក្រៅ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​ក្នុង​ឆ្នាំ​ ២០២១ នឹង​ពឹង​ផ្អែកលើ​ការស្ទុះ​ងើបឡើង​វិញ​របស់​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក ការវិវត្ត​ស្ថានការណ៍​ជំងឺ​កូវីដ​ ១៩ និង​ភាពតានតឹង​ពាណិជ្ជកម្ម​អន្តរជាតិ ជាពិសេស​រវាង​អាមេរិក និង​ចិន​។

ទោះយ៉ាងណា NBC បាន​ឱ្យ​ដឹងថា ភាពតានតឹង​នេះ​អាច​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​ធ្វើ​ពិពិធកម្ម​ការផលិត​របស់​ពួកគេ​នៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត និង​តំបន់​អាស៊ាន ដែល​រួមទាំង​ទីផ្សារ​កម្ពុជា​អាច​ជា​កន្លែង​ដ៏មាន​សក្ដានុពល​មួយ​សម្រាប់​ក្រុមហ៊ុន​ទាំងនោះ​ដែល​បង្វែរ​ការវិនិយោគ​។

FSR 2020 ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៣១ ខែឧសភា បញ្ជាក់ថា​៖ «​ទោះបី​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​កំពុងស្ថិត​ក្នុង​ហានិភ័យ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្នុង​សហគមន៍ ការចាក់​វ៉ាក់សាំង​នឹង​ជួយ​សម្រាល​ស្ថានការណ៍​នេះ​»​។

បន្ទាប់ពី​ព្រឹត្តិការណ៍​ថ្ងៃទី​ ៣ និង​ទី ​២៨ ខែ​ វិច្ឆិកា ឆ្នាំ​ ២០២០ កម្ពុជា​បានទទួល​រង​ផលប៉ះពាល់​ ដោយសារ​តែ​ការផ្ទុះ​ឡើង​ក្នុង​សហគមន៍​ជាថ្មីទៀត​កាលពី​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២១​។ លើសពី​នេះ ជំងឺ​កូវីដ ​១៩ ជាពិសេស​ជាមួយនឹង​វីរុស​ប្រភេទ​ថ្មី នៅតែ​ជាការ​គំរាមកំហែង​ដ៏ធំ​មួយ​ដល់​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម FSR 2020​។

FSR 2020​ត្រូវបាន​ដកស្រង់​សម្តី​ថា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ លើ​ក្រុមហ៊ុន និង​កម្មករ​នៅក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​បានដាក់​ឱ្យប្រើ​ប្រាស់​វិធានការ​សារពើពន្ធ​ជុំ​ទី​ ៨ ដែល​រួម​មាន​ការលើកលែង​ពន្ធ ការផ្ទេរ​សាច់ប្រាក់ ការឧបត្ថម្ភ​ធន​ប្រាក់​ឈ្នួល ផែនការ​ហិរញ្ញវត្ថុ ផែនការ​ធានា​ឥណទាន ជាដើម​។

FSR 2020 បន្ត​៖ «​ជំងឺ​កូវីដ​ ១៩ ​ដែល​អូសបន្លាយ​ពេលវេលា​កាន់តែ​យូរ អាចដាក់​សម្ពាធ​លើ​ថវិកា​រដ្ឋាភិបាល​នៅក្នុង​កាលបរិច្ឆេទ​លើក​ក្រោយ​។ ការកើនឡើង​ខ្លាំង​លើ​បំណុល​ឯកជន​ត្រូវបាន​អង្កេត​ឃើញ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ ដូច​បានបង្ហាញ​ដោយ​អនុបាត​ឥណទាន​ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ស្ថានការណ៍​ជំងឺ​កូវីដ​ ១៩ ​ដែល​អូស​បន្លាយពេល​កាន់តែ​យូរ​អាច​បណ្ដាលឱ្យ​គ្រួសារ និង​ក្រុមហ៊ុន​មួយចំនួន​ធ្លាក់ចូល​ទៅក្នុង​ស្ថានការណ៍​បំណុល​វ័ណ្ឌក និង​អាច​បង្កើន​អនុបាត​កម្ចី​សង​ត្រឡប់​មិនទាន់​ពេល (NPL) និង​ការរៀបចំ​ឥណទាន​ឡើងវិញ​។ ទោះយ៉ាងណា លទ្ធភាព​ទទួលបាន​វ៉ាក់សាំង​នៅពេល​ថ្មីៗ​នេះ នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​ដែល​បានលើកឡើង​ទាំងនេះ​»​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ Cambodia Investment Management Co Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពីដើម​ខែឧសភា​ថា ដោយសារ​តែ​ការកើនឡើង​ខ្លាំង​អ្នក​ឆ្លង​ជំងឺ​ប្រចាំថ្ងៃ ជាមួយ​នឹង​ការធ្វើ​តេស្ដ​នៅមាន​កម្រិត ការបិទខ្ទប់​កន្លងមក​គឺ​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការរីករាលដាល ដែល​ឈាន​ដល់​កម្រិត​រំខាន​ដល់​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​ការណ៍​នេះ​ [​បិទខ្ទប់​កន្លងមក​] ​គឺជា​យុទ្ធសាស្ដ្រ​នៃ​ការធ្វើឱ្យ​មាន​តុល្យភាព រក្សា​ដង្ហើមរស់​សេដ្ឋកិច្ច ខណៈ​ទប់ស្កាត់​ការរីករាលដាល និង​ជម្រើស​ដែល​អាចមាន​ចំពោះ​រដ្ឋាភិបាល​នៅពេលនេះ ដោយសារតែ​ការឆ្លង​ជំងឺ​កាន់តែខ្លាំង​ឡើង​»​។

យោងតាម​ការស្ទង់មតិ​ទំនុកចិត្ត​អាជីវកម្ម​ចុងក្រោយ​បំផុត​ឆ្នាំ​ ២០២១ របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham) សន្ទស្សន៍​ទំនុកចិត្ត​អាជីវកម្ម​ឆ្នាំ​ ២០២១ របស់​កម្ពុជា​ធ្លាក់​ចុះមក​នៅត្រឹម​ ៤៦,១ ​ភាគរយ​ធៀប​នឹង​ ៥២,៩ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩​។ ទោះយ៉ាងណា ក្រុមហ៊ុន​ជាច្រើន​មាន​សុទិដ្ឋិនិយម​អំពី​ការស្ទុះ​ងើប​ឡើងវិញ​នៅពេល​អនាគត ខណៈ​ ៥៦ ​ភាគរយ គ្រោង​នឹង​វិនិយោគ​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ១២ ​ខែក្រោយ​។

ខ្លឹមសារ​ដែល​បានលើកឡើង​ក្នុង​របាយការណ៍ FSR 2020 របស់ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាងថា កំណើន​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ ត្រូវបាន​ព្យាករ​ថា នឹង​ស្មើ​ ៤ ​ភាគរយ ហើយ​កំណើន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ការកើនឡើង​ដែល​រំពឹងទុក​នៃ​លក្ខខណ្ឌ​ខាងក្រៅ និង​ការធ្វើ​ពិពិធកម្ម​លើ​ការនាំចេញ​។

របាយការណ៍ FSR 2020 បានឱ្យដឹងថា ទិសដៅ​ទីផ្សារ​នាំចេញ​ឈានមុខ​គេ​របស់​កម្ពុជា ដូចជា​អាមេរិក អឺរ៉ុប ជប៉ុន ត្រូវបាន​រំពឹងថា នឹង​ស្ទុះ​ងើប​ឡើងវិញ​បណ្ដើរៗ ដោយសារ​តែ​លទ្ធផល​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង និង​គោលនយោបាយ​គាំទ្រ​បន្ថែម​នៅតាម​បណ្តា​ប្រទេស​ទាំងនោះ​៕ LA