ទិន្នន័យ​អត្រា​អ្នកមាន​ការងារ​ធ្វើ (​ក្រៅពី​វិស័យ​កសិកម្ម​) ឬ Non-Farm Payrolls របស់​សហរដ្ឋអាមេរិក​នឹង​ត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​។ តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​គោលនយោបាយ​របស់​ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក ប្រសិនបើ​ទិន្នន័យ​ស្ថិតិ​ការងារ​ចេញមក​ល្អ​? ចុះបើ​ទិន្នន័យ​មិនល្អ​វិញ​?

ដោយសារ​ការបន្ដ​រីករាលដាល​នៃ​ជំងឺ​​កូវីដ​ ១៩ ធនាគារកណ្តាល​នៅក្នុង​ប្រទេស​ជាច្រើន​បាន​អនុវត្ត​វិធាន​ការចាក់​បញ្ចូល​សាច់ប្រាក់​ទៅក្នុង​ទីផ្សារ ដោយ​ប្រមូល​ទិញ​មូលបត្រ​បំណុល​រដ្ឋាភិបាល និង​មូលបត្រ​ដែលមាន​ទ្រព្យ​បញ្ចាំ​ក្នុង​ចំនួន​ដ៏ច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ គោលនយោបាយ​ខាងលើនេះ​កើតឡើង​បន្ទាប់ពី​អត្រា​ការប្រាក់​ត្រូវបាន​កាត់បន្ថយ​ជិត​ដល់​សូន្យ (​ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​មូលនិធិ ពង្រីក​ផលិតកម្ម និង​ពង្រឹង​ប្រតិបត្តិការ​អាជីវកម្ម​) ហើយ​មិនអាច​កាត់បន្ថយ​បាន​ទៀត​។

សប្តាហ៍​នេះ ទីផ្សារ​កំពុង​ផ្តោតលើ​ការចេញ ផ្សាយ​ទិន្នន័យ Non-Farm Payrolls ហើយ​លទ្ធផល​នេះ​នឹង​ជះឥទ្ធិពល​ដល់​ការប្រែប្រួល​ទីផ្សារ​ហិរញ្ញវត្ថុ និង​ការសម្រេចចិត្ត​របស់​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​លើ​វិធានការ​ចាក់​បញ្ចូល​សាច់ប្រាក់​ទៅក្នុង​ទីផ្សារ​។

ការចេញផ្សាយ​ទិន្នន័យ Non-Farm Payrolls កាលពី​ខែ​មុន​បាន​ធ្វើឱ្យ​តម្លៃ​ប្រាក់​ដុល្លារ​ធ្លាក់ចុះ ដោយសារ​លទ្ធផល​អវិជ្ជមាន​មិនគួរ​ឱ្យ​ជឿ​នៃ​ទិន្នន័យ​នេះ​។ ប្រសិនបើ​ស្ថិតិ​ការងារ​សម្រាប់​ខែឧសភា​មិនមាន​ភាពល្អប្រសើរ​ទេ ធនាគារកណ្តាល​នឹង​ទំនងជា​ប្រកាន់ខ្ជាប់​នូវ​វិធានការ​បច្ចុប្បន្ន​របស់​ខ្លួន​។

ផ្ទុយទៅវិញ ប្រសិន​បើ​សូចនាករ​សេដ្ឋកិច្ច ឬ​ស្ថិតិ​ការងារ​ចេញមក​មាន​តួលេខ​ល្អ​នៅ​ថ្ងៃ​សុក្រ​នេះ ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក​នឹង​កាត់បន្ថយ​ការទិញ​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ (​មូលបត្រ​បំណុល​រដ្ឋាភិបាល និង​មូលបត្រ​ដែលមាន​ទ្រព្យ​បញ្ចាំ​) ពី​គោលនយោបាយ​ចាក់​បញ្ចូល​សាច់ប្រាក់​ទៅក្នុង​ទីផ្សារ ដែល​វិធានការ​នេះ​ត្រូវ​បាន​ហៅថា Tapering​។

ខណៈ​ដែល Tapering នឹង​ត្រូវបាន​អនុវត្ត​លឿន​ជាង​មុន វា​នឹង​បង្កឱ្យមាន​ការឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ហើយ​ផលិតផល​ដូចជា មាស រូបិយប័ណ្ណ និង​ទំនិញ​កសិកម្ម​នឹង​ត្រូវ​បាន​លក់​ចេញ​។

ដូច្នេះ​សូម​យកចិត្តទុកដាក់​ចំពោះ​ការចេញផ្សាយ​ទិន្នន័យ Non-Farm Payrolls នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​មើលថា តើ​វា​នឹង​នាំទៅរក Tapering ដែរឬទេ​។ ទន្ទឹម​នឹង​នេះ វិនិយោគិន​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការធ្លាក់ចុះ​នៃ​ប្រាក់​អឺរ៉ូ ប្រាក់​យ៉េន​ជប៉ុន និង​តម្លៃ​មាស​៕