
ក្រុមហ៊ុនក្នុងស្រុកចាប់ដៃគូជាមួយ Ssivix Lab លើសេវាសុខភាព e-Health MyCLNQ។ រូបថត Ssivix Lab
ភ្នំពេញៈ ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា (First Womentech Asia) ដែលកំពុងវិនិយោគកម្មវិធី «ពេទ្យយើង» បានចាប់ដៃគូធ្វើអាជីវកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលប្រទេសសិង្ហបុរី Ssivix Lab ដើម្បីបើកឱកាសឱ្យមន្ទីរពេទ្យ និងអ្នកផ្តល់សេវាព្យាបាលដែលជាដៃគូ និងអ្នកជំងឺកម្ពុជាអាចទទួលបានសេវាពិគ្រោះ និងព្យាបាលតាមប្រព័ន្ធឌីជីថល e-Health MyCLNQ ដែលជាកម្មវិធីធានាបាននូវសុវត្ថិភាព និងការសន្សំសំចៃ ខណៈគម្រោងនេះក៏មានទិសដៅពង្រីកទៅបណ្តាប្រទេសអនុតំបន់មេគង្គ និងអាស៊ីនៅចុងឆ្នាំនេះបន្ថែមទៀត។
e-Health MyCLNQ គឺជាប្រព័ន្ធច្រកចេញចូលតែមួយនៃសេវាកម្មបច្ចេកវិទ្យាសុខាភិបាលថែទាំសុខភាពនៅលើទូរស័ព្ទដៃទំនើបដំបូងគេ និងជាកន្លែងផ្តល់សេវាពិគ្រោះ និងព្យាបាលធំជាងគេក្នុងការផ្តល់ដំណោះស្រាយបញ្ហាសុខភាពជូនដល់ពលរដ្ឋកម្ពុជា និងប្រទេសក្នុងតំបន់។
e-Health MyCLNQ នឹងផ្តល់ឱ្យអ្នកជំងឺនូវសេវាថែទាំសុខភាពឆ្លាតវៃ រហ័ស ចំណេញពេលវេលា និងថវិកា ហើយផ្ដល់ដំណោះស្រាយឱ្យមន្ទីរពេទ្យដៃគូ និងអ្នកផ្ដល់សេវាសុខភាពបន្តនូវសេវាពិគ្រោះ និងព្យាបាលដល់អ្នកជំងឺបានពីគ្រប់ទីកន្លែង និងមានសុវត្ថិភាព។
លោកស្រី ប៉ុង លីមសាន សហស្ថាបនិក និងប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា បាននិយាយថា ក្នុងនាមក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលនៅកម្ពុជាដែលទទួលបានការគាំទ្រពីក្រុមវេជ្ជបណ្ឌិតរាប់ពាន់នាក់ លោកស្រីពិតជាមានមោទនភាពដែលបានចាប់ដៃគូជាមួយ Ssivix Lab ដែលជាក្រុមហ៊ុនផ្តល់សេវាព្យាបាល និងថែសុខភាពជាមួយសេវាពិសេសៗជាច្រើន តាមរយៈការយកសេវាទាំងនោះមកដាក់បញ្ចូលគ្នាដើម្បីផ្តល់ទៅឱ្យគ្លីនិក និងមន្ទីរពេទ្យដៃគូនូវសេវាពិគ្រោះ និងព្យាបាលអ្នកជំងឺ។
លោកស្រីថ្លែងថា៖ «អ្នកជំងឺអាចស្វែងរកសេវាព្យាបាលតាមរយៈកម្មវិធីសុខភាពឆ្លាតវៃ e-Health MyCLNQ លើទូរស័ព្ទដៃដែលជាកម្មវិធីគួរឱ្យទុកចិត្ត និងមានសុវត្ថិភាព»។
លោកស្រីបន្តថា តាមរយៈការសហការគ្នានេះ អ្នកជំងឺនៅកម្ពុជាអាចស្វែងរកសេវាពិគ្រោះ និងព្យាបាលឆ្លងប្រទេសបាន ជាពិសេសសេវាពិគ្រោះជាមួយមន្ទីរពេទ្យ និងវេជ្ជបណ្ឌិតដៃគូនៅសិង្ហបុរី ឥណ្ឌា និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។
សហស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Ssivix Lab លោក Anwar Rafique បាននិយាយថា ការចាប់ដៃគូជាមួយ ហ្វឺស វិម៉ិនថិក អាស៊ា គឺជាឱកាសដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន Ssivix Lab ក្នុងការអនុវត្តផែនការពង្រីកចក្ខុវិស័យសុខាភិបាលរួមគ្នានៅកម្ពុជា ដែលជាផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុននៅក្នុងតំបន់ និងជាចក្ខុវិស័យសុខាភិបាលសម្រាប់តំបន់អាស៊ី។
លោកអះអាងថា៖ «ខ្ញុំជឿថា e-Health MyCLINQ នឹងជួយឱ្យប្រជាជនកម្ពុជាទទួលបាននូវសេវាពិគ្រោះ និងសេវាព្យាបាលកាន់តែឆ្លាតវៃជាងមុន ងាយស្រួលជាងមុន និងមានតម្លៃសមរម្យ។ ជាមួយការប្រើប្រព័ន្ធដំណើរការដោយមានជំនួយពីបញ្ញាសិប្បនិម្មិត AI លើបច្ចេកវិទ្យាសុខាភិបាល យើងអាចជួយឱ្យអ្នកជំងឺស្វែងរកសេវាព្យាបាលពីវេជ្ជបណ្ឌិតមកពីគ្រប់កន្លែង និងអាចជ្រើសរើសយកសេវាព្យាបាលពីវេជ្ជបណ្ឌិតនៅតាមគ្លីនិក និងមន្ទីរពេទ្យនៅតំបន់របស់គាត់កំពុងរស់នៅ ឬនៅតំបន់នានានៅក្នុងស្រុក និងនៅក្រៅប្រទេស»។
លោកបន្ថែមថា e-Health MyCLINQ មិនត្រឹមជាប្រព័ន្ធភ្ជាប់ទំនាក់ទំនងផ្តល់សេវាព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែជាប្រព័ន្ធនៃបណ្ដុំផ្ដល់សេវាថែទាំសុខភាពគ្រួសារចម្រុះមួយដែលអាចជួយបំពេញរាល់តម្រូវការសេវាថែទាំសុខភាពចាំបាច់៕ LA