The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្លូវ​ល្បឿន​លឿន និង​ផ្លូវជាតិ​លេខ ៣ សុទ្ធតែ​សង់​លឿន​ជាង​ផែនការ




ផ្លូវ​ល្បឿន​លឿន និង​ផ្លូវជាតិ​លេខ ៣ សុទ្ធតែ​សង់​លឿន​ជាង​ផែនការ

Content image - Phnom Penh Post
ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៥១,៣៥% ដែលមានប្រវែង ១៨៧,០៥០គីឡូម៉ែត្រ។ រូបថត MPWT

ផ្លូវ​ល្បឿន​លឿន និង​ផ្លូវជាតិ​លេខ ៣ សុទ្ធតែ​សង់​លឿន​ជាង​ផែនការ

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យដឹងថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី ភ្នំពេញ-ទៅ​ក្រុងព្រះសីហនុ តម្លៃ​ជិត ២ ០០០ លាន​ដុល្លារ​សម្រេចបាន ៥១,៣៥ ​ភាគរយ​ហើយ ខណៈ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ ៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត តម្លៃ​ជិត ២២០ ​លានដុល្លារ​សម្រេចបាន ៩៨,០៤ ​ភាគរយ ដែល​ទាំងនេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ពិពិធកម្ម​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​។

លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា​នេះ​ត្រូវបាន​កំណត់​កាលបរិច្ឆេទ​ដំណើរការ​នៅ​ឆ្នាំ​ ២០២៣ ប៉ុន្តែ​តាម​ល្បឿន​នៃ​ការស្ថាបនា គម្រោង​នេះ​អាច​បញ្ចប់​ការសាងសង់​មុនពេល​វេលា​កំណត់​។

លោក​បាន​បន្ថែមថា​៖ «​គម្រោង​នេះ​នឹង​ជួយ​ជំរុញ​វិស័យ​ដឹកជញ្ជូន និង​ពាណិជ្ជកម្ម​តាមរយៈ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ក្រុងព្រះសីហនុ​»​។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ប្រទេស​ចិន Cambodia PPSHV Expressway Co.,Ltd ក្នុងតម្លៃ​ប្រមាណ ១,៩​ ពាន់​លាន​ដុល្លារ និង​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមីនា ឆ្នាំ​ ២០១៩​។ ផ្លូវ​នេះ​មាន​ចម្ងាយ​សរុប ១៩០,៣ ​គីឡូម៉ែត្រ និង​ទទឹង ២៤,៥ ​ម៉ែត្រ ដែល​ការស្ថាបនា​ផ្លូវ​នេះ​នឹងត្រូវ​អនុវត្តតាម​គម្រោង BOT​។

ដោយឡែក​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​ ៣ តម្លៃ​ជាង ២១៩ ​លាន​ដុល្លារ​ដែល​ជា​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន និង​ថវិកាបដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា ក៏​សម្រេច​បាន​ ៦០ ​ភាគរយ​នៃ​គម្រោង​ទាំងមូល​។

គម្រោង​នេះ​ប្រើ​រយៈពេល​សាងសង់ ៤៨ ​ខែ និង​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ​ ២០១៨​។ គម្រោង​នេះ​មាន​ប្រវែង​ ១៣៤ ​គីឡូម៉ែត្រ​សាងសង់​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd​។

ក្រសួង​បានឱ្យ​ដឹងថា​៖ «​បច្ចុប្បន្ននេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ខិតខំ​ប្រឹងប្រែង​យក​ចិត្ត​ទុកដាក់​ពន្លឿន​ការងារ បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​យានយន្ត កាមេរ៉ា​សុវត្ថិភាព ជញ្ជីង​ថ្លឹង​ទម្ងន់​ក្រោម​ដី និង​ជញ្ជីង​ថ្លឹង​ទម្ងន់​នៅក្នុង​ស្ថានីយ ហើយ​ស្ពាន​អាកាស​ថ្មើរជើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៣ ម្ដុំ​ត្រាំខ្នា​គ្រោង​នឹង​បញ្ចប់​ការងារ​ទាំងស្រុង​នៅ​ចុងខែ​មិថុនា ឆ្នាំ​ ២០២១ ​ខាងមុខ​»​។

បើតាម លោក សុរិយា គម្រោង​នេះ​ត្រូវបាន​សាងសង់​លឿន​ជាង​ផែនការ​ក្នុង​រយៈពេល ១ ​ឆ្នាំ​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​បាន​សង្កេតឃើញ​ថា​គម្រោង​ទាំងនេះ​គឺជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​ដ៏សំខាន់​តភ្ជាប់​ទៅ​កំពង់ផែ​ក្រុងព្រះសីហនុ​។

លោក​ថ្លែងថា​៖ «​ផ្លូវ​ទាំងនេះ​គឺជា​ផ្លូវ​វាង​ដ៏សំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ពិសេស​តំបន់​មាត់សមុទ្រ ហើយ​តាម​បណ្តោយ​ផ្លូវ​ទាំងនេះ​មាន​បណ្តា​រោងចក្រ សហគ្រាស​ជាច្រើន អ៊ីចឹង​ខ្ញុំ​គិតថា​វិស័យ​ដឹកជញ្ជូន​នឹងមាន​សក្តានុពល​ខ្លាំង​»៕LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍