ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់ និង​ផលិតផល​ពី​ផ្លែស្វាយ​សរុប​ជាង ១៧,៦ ​ម៉ឺន​តោន​ជាមួយ​នឹង​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល ៥ ​ខែ ឆ្នាំ​ ២០២១ បន្ទាប់ពី​ប្រទេស​ចិន​បាន​បើកទ្វារ​ចំហ​សម្រាប់​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន ១៥៦ ៧២៤,៥២ តោន ក្នុង​រយៈពេល​ ៥ ​ខែ ដើមឆ្នាំ​ ២០២១ កើន ២៥៥,៣៩ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ចំណែក​តំណាប់​ស្វាយ​ត្រូវបាន​នាំចេញ​ចំនួន ១១ ០៤៨,៩៤ ​តោន កើន ១៩៨,៤២ ​ភាគរយ និង​ទឹកស៊ីរ៉ូ​ស្វាយ ២ ៨៦៩,៧៣ ​តោន​កើន ៣០,៩៥ ​ភាគរយ​។

ផ្លែស្វាយ​ស្រស់ និង​ផលិតផល​ពី​ផ្លែស្វាយ​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ជាង ១០ ដូចជា ប្រទេស​ចិន​សិង្ហបុរី ជប៉ុន ហ្វីលីពីន កូរ៉េ ម៉ាឡេស៊ី ថៃ វៀតណាម និង​អាមេរិក ជាដើម​។

លោក ហេង ស្រេង អ្នក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន បឹង កេត ផ្លេនធីង & អ៊ិនដាសស្ទ្រៀល បាន​កត់សម្គាល់​ថា ការនាំចេញ​នេះ​កើនឡើង​ដោយសារ​ទីផ្សារ​ស្វាយ​របស់​កម្ពុជា​កំពុងបើក​ធំ​ទូលាយ ពិសេស​ប្រទេស​ចិន​។

លោក​ឱ្យដឹងទៀតថា​៖ «​ទោះ​ទីផ្សារ​យើង​បានល្អ​ហើយ ប៉ុន្តែ​តម្លៃ​ស្វាយ​ស្រស់​នៅលើ​ទីផ្សារ​ហាក់​មិនសូវ​ល្អ​ទេ ព្រោះ​ប្រទេស​ចិន​ក៏​សម្បូរ​ស្វាយ​ច្រើន​ដែរ ហើយ​ម្យ៉ាង​ហាងឆេង​តម្លៃ​ស្វាយ​ឡើង​ចុះ​លឿន​បំផុត​មិន​ទៀងទាត់​»​។

លោក​បន្តថា រហូត​មក​ទល់​ពេលនេះ ក្រុមហ៊ុន​លោក​នៅ​ពុំទាន់​បាន​នាំចេញ​ជា​លើក​ទី​ ២ ​នោះទេ ព្រោះ​ផុត​រដូវ​ប្រមូលផល​ស្វាយ​។ ក្រុមហ៊ុន​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ជា​លើកដំបូង​ចំនួន ១ ​កុងតឺន័រ កាលពី​ខែឧសភា​។

លោក​និយាយថា​៖ «​ក្រុមហ៊ុន​ខ្ញុំ​បានចេញ​តំណាប់​ស្វាយ​កើនឡើង​ប្រហែល ២០ ​ភាគរយ​ក្នុង​រយៈពេល ៥ ​ខែ​មកនេះ​។ យើង​នឹង​បន្ត​នាំចេញ​ផ្លែស្វាយ​ស្រស់​នៅ​រដូវ​ប្រមូល​លើក​ក្រោយ​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ដែល​វិនិយោគ​លើ​ដំណាំ​ស្វាយកែវ​រមៀត​នៅ​ខេត្តកំពង់ស្ពឺ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​មុន​ថា ផ្លែស្វាយ​កម្ពុជា​នឹង​ក្លាយជា​ដំណាំ​កសិឧស្សាហកម្ម​មាន​សក្តានុពល​លើ​ទីផ្សារ បន្ទាប់ពី​ដំណាំ​ចេក ក្រោយពី​កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​ដោយផ្ទាល់​ទៅ​ទីផ្សារ​ចិន​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​គិតថា នៅពេល​អនាគត​ដំណាំ​ស្វាយ​នឹង​ក្លាយជា​ដំណាំ​មាន​សក្តានុពល​សម្រាប់​នាំចេញ​ដូច​ដំណាំ​ចេក​ដែរ ព្រោះ​ដំណាំ​ស្វាយ​កំពុង​ដាំដុះ​ច្រើន​»​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​ ៧ ខែឧសភា​និយាយថា កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ចិន​ជា​លើកដំបូង​ប្រមាណ ១០០ ​តោន​។ លោក​ជឿថា បរិមាណ​នាំចេញ​នឹង​បន្ត​កើនឡើង​ពី ១ ​ឆ្នាំ​ទៅ ១ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ​កំពុង​ដើរតួនាទី​មិនអាច​ខ្វះ​បាន​ដែល​ជា​ស្ពាន​ចម្លង​ផលិតផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​បរទេស​»​។

គិត​ត្រឹម​ឆ្នាំ​ ២០២០ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ស្វាយ ១៣ ​ម៉ឺន​ហិកតា ក្នុងនោះ​ផ្ទៃដី​ប្រមូល ៩១ ១០៤ ហិកតា ​ដែល​អាច​ផ្តល់​ផល​ជា​មធ្យម​ជាង ១,៣៨ លាន​តោន ក្នុង ១ ​រដូវ​។ នេះ​បើតាម​ក្រសួងកសិកម្ម​៕ LA

វីដេអូ៖