ភ្នំពេញៈ សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) សន្យា​នឹង​បន្ត​គាំទ្រ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro) ក្នុង​ការរៀបចំ​ជំនួប​ពាណិជ្ជកម្ម​រវាង​ធុរកិច្ច​កម្ពុជា និង​ធុរកិច្ច​ជប៉ុន​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។

ការសន្យា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ងួន ម៉េងតិច អគ្គនាយក CCC និង​លោកស្រី Marisa Haruta ប្រធាន​តំណាង Jetro ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ២ ខែមិថុនា​។

លោក ងួន ម៉េងតិច បាន​ថ្លែងថា កន្លងមក ស្ថាប័ន​ទាំង ២ ​បាន​រៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​រួមគ្នា​ជាច្រើន​ដើម្បី​សំដៅ​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ជំនួប​ពិភាក្សា​នេះ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​គួរឱ្យ​កត់សម្គាល់​។ យើង​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​មាន​កាន់តែច្រើន​»​។

លោកស្រី Marisa Haruta បាន​ថ្លែង​អំណរគុណ​ដល់​សភាពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​សហការ​រៀបចំ​កម្មវិធី​ពិព័រណ៍ និង​ជំនួប​ពាណិជ្ជកម្ម​ផលិតផល​គុណភាព​ខ្ពស់​របស់​ជប៉ុន​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ ប្រកបដោយ​ជោគជ័យ​។ ជាមួយ​គ្នា​នេះ​លោកស្រី​ក៏បាន​ស្នើឱ្យ​បន្ត​ជួយ​គាំទ្រ​រៀបចំ​កម្មវិធី​ប្រហាក់ប្រហែល​គ្នា​នេះ​នៅ​ចុងឆ្នាំ​នេះ​ដោយ​ផ្តោតលើ​វិស័យ​កសិកម្ម​។

លោកស្រី​និយាយថា​៖ «​ក្រៅពីនេះ ខ្ញុំ​ក៏​ស្នើឱ្យ​សភា​ពាណិជ្ជកម្ម​កម្ពុជា​សហការ​ជួយ​រៀបចំ​កម្រង​ឯកសារ​វីដេអូ​ស្តីពី​សក្តានុពល​កម្ពុជា ដោយមាន​ការចូលរួម​ពី​ធុរជន​សំខាន់ៗ​នៅ​កម្ពុជា​ ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​សហគមន៍​ធុរកិច្ច​ជប៉ុន​»​។

របាយការណ៍ Jetro ឱ្យ​ដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ មានតម្លៃ ៦៣៣,១២ ​លាន​ដុល្លារ កើន ៧,៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ក្នុង​នោះ​ការនាំ​ពី​កម្ពុជា​មាន​តម្លៃ ៤៨៩,៦២ ​លាន​ដុល្លារ កើន ២,៩ ​ភាគរយ​ពី ៤៧៥,៧៦ ​លាន​ដុល្លារ និង​នាំចូល ១៤៣,៥ ​លាន​ដុល្លារ កើន ២៨,៥ ​ភាគរយ​ពី ១១១,៧១ ​លាន​ដុល្លារ​។

ផលិតផល​កម្ពុជា​នាំទៅ​កាន់​ជប៉ុន​មានដូចជា សម្លៀកបំពាក់ គ្រឿង​ផ្គុំ​អគ្គិសនី និង​គ្រឿង​ផ្គុំ​អេឡិចត្រូនិក ចំណែក​ការនាំចូល​ពី​ជប៉ុន​មាន​គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​។

លោក លឹម ហេង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ហេង មាន អ៊ិនវេសមេន ឯ.ក ដែល​វិនិយោគ​លើ​ចម្ការកៅស៊ូ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំនួប​នេះ​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត​ បន្ទាប់ពី​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង ២ បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន​។

លោក​ប្រាប់ថា​៖ «​វិនិយោគិន​ជប៉ុន​ជាច្រើន​កំពុង​រង់ចាំ​ឱ្យ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ធូរស្រាល ដើម្បី​អាចមក​វិនិយោគ​នៅ​ប្រទេស​យើង ដោយ​ភាគច្រើន​ពួកគេ​ចាប់អារម្មណ៍​លើ​វិស័យ​កសិឧស្សាហកម្ម ដើម្បី​ផលិត​កែច្នៃ​ផលិតផល​កសិកម្ម​របស់​យើង​ដែល​មាន​ស្រាប់​សម្រាប់​នាំចេញ​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ ២ ១០១,៧៨ ​លាន​ដុល្លារ​ធ្លាក់ចុះ ៨,៣៥ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០១៩ ក្នុងនោះ​ការនាំចេញ​មាន ១ ៦១៧,០៨ ​លាន​ដុល្លារ ធ្លាក់ ៦,៦ ​ភាគរយ និង​នាំចូល ៤៨៤,៧០ ​លាន​ដុល្លារ ធ្លាក់​ ១៣,៨ ​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី Jetro​។

ចាប់ពី​ឆ្នាំ​ ១៩៩៤ ដល់​ឆ្នាំ ២០១៨ មាន​គម្រោង​វិនិយោគ​ជប៉ុន ១៣៧ នៅ​កម្ពុជា​ដោយ​មាន​ទុនវិនិយោគ​សរុប ២ ៤៨៦ លាន​ដុល្លារ​៕ LA