ភ្នំពេញៈ កម្ពុជា​ទទួលបាន​ប្រាក់​ផ្ញើ​ពី​បរទេស​ចំនួន​ ១,២ ​ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​ ២០២០ ពី​ពលករ​ចំណាកស្រុក​នៅ​បរទេស ដោយ​ធ្លាក់ចុះ​យ៉ាងគំហុក​ប្រមាណ​ ២០ ​ភាគរយ បណ្តាល​មកពី​ការធ្លាក់ចុះ​សកម្មភាព​សេដ្ឋកិច្ច និង​ការរឹតបន្តឹង​ការធ្វើដំណើរ​នៅតាម​បណ្ដា​ប្រទេស​គោលដៅ​របស់​ពលករ​ចំណាកស្រុក​ដែល​កម្ពុជា​បញ្ជូនទៅ​បំពេញការងារ​។

យោងតាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា ប្រាក់​ផ្ញើ​ពី​បរទេស​បាន​ធ្លាក់ចុះ​ប្រមាណ​ ២០ ​ភាគរយ​ពី​ ១,៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​ ២០១៩ មក​នៅត្រឹម​ ១,២ ​ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​ ២០២០​។

របាយការណ៍​នោះបាន​ឱ្យដឹងថា ការផ្ញើ​ប្រាក់​ពី​ប្រទេស​ថៃ​ មាន​ចំនួន​ ២៣ ​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​សរុប​ដែល​កត់ត្រា​ការធ្លាក់ចុះ​ ១១ ​ភាគរយ​ពី​ប្រទេស​កូរ៉េ​មាន​ចំណែក​ ១៦ ​ភាគរយ ធ្លាក់ចុះ ៣០ ​ភាគរយ ពី​ប្រទេស​ជប៉ុន ​មាន​ចំណែក​ ៦ ​ភាគរយ ធ្លាក់ចុះ​ ៤ ​ភាគរយ និង​ពី​ប្រទេស​ម៉ាឡេស៊ី​មាន​ចំណែក​ ១,៤ ​ភាគរយ ធ្លាក់ចុះ​ ៥១ ​ភាគរយ​។

របាយការណ៍​បន្ត​៖ «​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច ជាពិសេស​ក្រុមហ៊ុន​ជាច្រើន ដែល​ជា​ហេតុ​ធ្វើឱ្យ​មាន​ការធ្លាក់ចុះ​តម្រូវការ​កម្លាំង​ពលកម្ម​។ ពលករ​ចំណាកស្រុក​ជាច្រើន​របស់​ប្រទេស​កម្ពុជា​បាន​វិលត្រឡប់​មក​ស្រុក​វិញ និង​មាន​ពលករ​ចំណាកស្រុក​ចំនួន​តិចតួច​ប៉ុណ្ណោះ​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ចំណាកស្រុក​ក្នុងអំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ​។ ចំនួន​ពលករ​ចំណាកស្រុក​កម្ពុជា​កាលពី​ឆ្នាំ​ ២០២០ មាន​ចំនួន​ ១,២ ​លាន​នាក់ ធ្លាក់ចុះ​ ៨ ​ភាគរយ​ធៀប​នឹង​ ១,៣ ​លាន​នាក់​កាលពី​ឆ្នាំ​ ២០១៩»​។

របាយការណ៍​ដែល​បាន​ពី​របាយការណ៍ TRIANGLE របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅក្នុង​កំណត់ហេតុ​សង្ខេប​ប្រចាំត្រីមាស​កម្មវិធី​អាស៊ាន ស្ដីពី​កម្ពុជា​ចាប់ពី​ខែមករា​ដល់​ខែមីនា​ឆ្នាំ​ ២០២១ បាន​អះអាងថា កម្ពុជា​គឺជា​ប្រទេស​ប្រភពដើម​ដ៏សំខាន់​មួយ​សម្រាប់​ពលករ​ចំណាកស្រុក មាន​ជាង​ ១១០០ ០០០ ​នាក់​ដែល​រស់នៅ​បរទេស​កាលពី​ឆ្នាំ​ ២០២០​។

ពលករ​ភាគច្រើន​ស្វែងរក​ការងារ​នៅក្រៅ​ប្រទេស ដោយសារ​តែ​កង្វះ​ឱកាស​ការងារ​គ្រប់គ្រាន់​ដែល​អាច​រកបាន​នៅក្នុង​ស្រុក និង​ភាពខុសគ្នា​នៃ​ប្រាក់​ឈ្នួល​ការងារ​នៅក្រៅ​ប្រទេស​។ ប្រទេស​ទិសដៅ​ចម្បង​សម្រាប់​កម្មករ​ចំណាកស្រុក​របស់​ប្រទេស​កម្ពុជា​គឺ​ប្រទេស​ថៃ និង​ជាទូទៅ​នៅក្នុង​វិស័យ​នេសាទ កសិកម្ម បសុសត្វ សំណង់ ផលិតកម្ម និង​សេវាកម្ម ដែល​រួមទាំង​ការងារ​ក្នុងស្រុក​ផងដែរ​។ នេះ​បើ​យោងតាម​របាយការណ៍​។

របាយការណ៍​បន្តថា​៖ «​ចាប់តាំងពី​ដើមឆ្នាំ​ ២០២០ ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល ដែល​រួមទាំង​តំបន់​អាស៊ាន​ផងដែរ​។ កម្មករ​ចំណាកស្រុក​ជា​ស្ដ្រី និង​បុរស​នៅក្នុង​តំបន់​នេះ​កំពុង​ខិតខំ​យ៉ាងខ្លាំង ដើម្បី​ការងារ ជីវភាព​រស់នៅ​ និង​សុខភាព​របស់​ពួកគេ​នៅក្នុង​វិបត្តិ​នេះ​។ ទោះយ៉ាងណា​មាន​មនុស្ស​ជាច្រើន​រង​ផលប៉ះពាល់​មិន​សមាមាត្រ​ ដោយសារ​ជំងឺ​កូវីដ​ ១៩ និង​ផលប៉ះពាល់​សេដ្ឋកិច្ច និង​សុខភាព​របស់ខ្លួន​»​។

កាលពី​ខែមីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ចិត្ត​លើកលែង​ការធ្វើ​ចត្តាឡីស័ក​នៅពេល​មកដល់​សម្រាប់​ពលករ​ចំណាកស្រុក​ស្ថិតក្នុង​ស្ថានភាព​សុខភាព​ល្អ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ តាមរយៈ​បណ្ដា​ខេត្ត​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​ថៃ បន្ទាប់ពី​ការរីករាលដាល​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​ថៃ​។ មាន​ពលករ​ចំណាកស្រុក​ជាង​ ១៥ ០០០ នាក់​នៅក្នុង​មជ្ឈមណ្ឌល​ចត្តាឡីស័ក​តាម​បណ្ដា​ខេត្ត​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​ថៃ​។

យោងតាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ដែល​បានចេញ​ផ្សាយ​នៅ​ខែសីហា​ឆ្នាំ​ ២០២០ សេដ្ឋកិច្ច​ពិភពលោក​អាច​ខាតបង់​ប្រាក់​ផ្ញើ​ពី​បរទេស​ជាង​ ១០០ ​ពាន់​លាន​ដុល្លារ ដោយសារ​តែ​កម្មករ​ចំណាកស្រុក​ស្ថិត​ក្នុងចំណោម​ក្រុម​ដែល​រង​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ខ្លាំង​បំផុត​។

របាយការណ៍​បន្តថា ការផ្ញើ​ប្រាក់​ពី​បរទេស​នៅ​តំបន់​អាស៊ី​ខាងត្បូង ត្រូវបាន​រំពឹងថា​ធ្លាក់ចុះ​បន្ថែមទៀត ចំនួន​ ២៨,៦ ​ពាន់​លាន​ ស្មើនឹង​ ២៤,៧ ​ភាគរយ​នៃ​ចំណូល​ឆ្នាំ​ ២០១៨​។ បន្ទាប់មក​ គឺ​អាស៊ី​កណ្ដាល មាន​ ៣,៤ ​ពាន់​លានដុល្លារ​ ស្មើ ២៣,៨ ​ភាគរយ អាស៊ីអាគ្នេយ៍​មាន ១១,៧ ​ពាន់​លាន​ដុល្លារ ស្មើ​ ១៨,៦ ​ភាគរយ​។

របាយការណ៍​របស់ ILO បានឱ្យដឹង​ទៀតថា បច្ចុប្បន្ន​កម្មករ​ចំណាកស្រុក​របស់​កម្ពុជា​ភាគច្រើន​គឺ​ធ្វើការ​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និង​ជប៉ុន​៕LA