ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វណ្ណដេត ឱ្យដឹងថា កង្វះ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​វិស័យ​ទូរគមនាគមន៍​បាន​នាំឱ្យ​រអាក់រអួល​ទៅដល់​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត​នៅ​កម្ពុជា​។

ការលើកឡើង​នេះ​ត្រូវ​បាន​ធ្វើ​ ដើម្បី​ឆ្លើយតប​នឹង​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ​ចំពោះ​ភាពរអាក់រអួល​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត​កាលពី​ថ្ងៃទី​ ២ ខែ មិថុនា ឆ្នាំនេះ​។

ចំពោះ​ការរអាក់រអួល​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត និង​ប្រតិបត្តិករ​ផ្តល់​សេវា​អ៊ីនធឺណិត​ (ISP) មួយចំនួន​មិនបាន​វិនិយោគ​បន្ថែម​ទៅលើ​ការដំឡើង​បង្គោល​អង់តែន​ឱ្យបាន​ច្រើន​ដើម្បី​បំពេញតម្រូវការ​កំណើន​របស់​អ្នកប្រើប្រាស់​ឡើយ​។

លោក​និយាយថា​៖ «​កន្លងមក ក្រុមហ៊ុន​ដាំ​បង្គោល​អង់តែន​មួយ​ ដើម្បី​បម្រើសេវា​សម្រាប់​មនុស្ស ៣ ​ពាន់​នាក់ ប៉ុន្តែ​តំបន់​នោះ​ឥឡូវ​ចំនួន​មនុស្ស​កើន​ដល់ ១ ​ម៉ឺន​នាក់ ដូច្នេះ​អ្នក​ប្រើ​ច្រើន​បាន​ធ្វើឱ្យ​សេវា​រអាក់រអួល ហើយ​បង្គោល​អង់តែន​បាន​ឃ្លាត​គ្នា​ខ្លាំងពេក​ដែល​គាត់​មិនបាន​ដំឡើង​ថែមទៀត​គាត់​ចំណេញ​យក​តែ​លុយ​ដាក់​ហោប៉ៅ​ខ្លួនឯង​ច្រើន ឬ​មិនបាន​បំពាក់​ឧបករណ៍​បន្ថែម​»​។

ទន្ទឹមនឹងនេះ នៅ​ទីក្រុង​មាន​អគារ​ខ្ពស់ៗ​កើនឡើង​ច្រើន​ដែល​នឹង​ធ្វើឱ្យ​បាត់​សេវា​ចន្លោះ​ពី​ ៥០ ទៅ ៧០ ភាគរយ​ហើយ​ការធ្វើ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Promotion) ​ហួស​កម្រិត​ក៏បាន​ធ្វើឱ្យ​មាន​ការប្រើប្រាស់​ច្រើន​ក្នុងពេល​តែមួយ​។ ឧទាហរណ៍ ក្រុមហ៊ុន​ខ្លះ​លក់​កញ្ចប់​អ៊ីនធឺណិត ប៉ុន្តែ​ផ្តល់​សេវា​មិន​គ្រប់​តាម​ស្តង់ដា​។

លោក​បន្ថែមថា​៖ «​មាន​បុរី​ខ្លះ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ផ្តាច់មុខ​ធ្វើឱ្យ​តម្លៃ​ឡើងថ្លៃ ហើយ​ផ្តល់​សេវា​មិន​គ្រប់គ្រាន់​។ ការសាងសង់​បុរី​ខ្លះ​ក៏​អត់​មាន​ទុក​ដី​សម្រាប់​សង់​បង្គោល​អង់តែន​ផងដែរ​។​»

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​ចាត់​ឱ្យ​ក្រុមការងារ​របស់​ក្រសួង​ចុះទៅ​តាម​បុរី​ទាំងអស់ ដើម្បី​វាស់ស្ទង់​សេវា​គ្រប់កន្លែង ហើយ​ក្រសួង​នឹង​បញ្ជា​ទិញ​ឧបករណ៍​ដែល​មាន​តម្លៃ​រាប់លាន​ដុល្លារ សម្រាប់​វាស់​ស្ទង់​ទូទាំង​ប្រទេស​។

កាលពី​ខែ​ឧសភា ក្រសួង​បាន​បង្កើត​ក្រុមការងារ​ប្រតិបត្តិ​ចំនួន ៥ ​តំបន់ ដែល​មាន​ភារកិច្ច​ក្នុង​ការចុះ​ត្រួតពិនិត្យ វាស់ស្ទង់ ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវា ទីតាំង​ស្ថានីយ បង្គោល​អង់តែន ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ខ្សែ​កាប្លិ៍អុបទិក ទិន្នន័យ​វាស់​ស្ទង់​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត និង​ការប្រើ ហ្វ្រេកង់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

ក្រុមហ៊ុន Smart Axiata បានឱ្យ​ដឹងថា ខ្លួន​បាន​វិនិយោគ​ប្រាក់​លើសពី ៩០ ​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ទូរស័ព្ទ​ចល័ត​របស់ខ្លួន​ក្នុង​ឆ្នាំ​ ២០២១ ​នេះ​៕ LA