ភ្នំពេញៈ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​ឱ្យដឹងថា​រដ្ឋាភិបាល​សហព័ន្ធ​ស្វីស​បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ១៤៨ ​លាន​ដុល្លារ​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ៤ ឆ្នាំ​បន្ទាប់​។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ CDC​។

ការសន្យា​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​រវាង​ភាគី​កម្ពុជា​ និង​ភាគី​ស្វីស​លើ​សេចក្តីព្រាង​កម្មវិធី​សហប្រតិបត្តិការ​ស្វីស​សម្រាប់​តំបន់​មេគង្គ​ឆ្នាំ​ ២០២២-២០២៥ ​កាលពី​ថ្ងៃទី ៣ មិថុនា តាម​វីដេអូ​ខនហ្វ្រិន​។

ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក ឈៀន យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​មន្ត្រី​ជំនាញ​ពី​ក្រសួង ស្ថាប័ន​ចំនួន ២០ នាក់​។

រីឯ ភាគី​ស្វីស​ដឹកនាំ​ដោយ​លោក ម៉ាកឈឹស ប៊ឺលី​ (Markus Buerli) ​នាយក​ទីភ្នាក់ងារ​ស្វីស​សម្រាប់​កិច្ចអភិវឌ្ឍន៍​ និង​សហប្រតិបត្តិការ​ (SDC) ​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​ជំនាញ​នៃ​ទីភ្នាក់ងារ​ SDC ​ប្រមាណ ៦០ នាក់​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹងថា តាមរយៈ​កម្មវិធី​សហប្រតិបត្តិការ​ស្វីស​សម្រាប់​តំបន់​មេគង្គ​ឆ្នាំ ២០២២-២០២៥ ​ភាគី​ស្វីស​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប ១៣៣ លាន​ហ្វ្រង់ស្វីល​ (១៤៨ លាន​ដុល្លារ​) ដែល​ជំនួយ​នេះ​បែង​ចែកជា ២ កម្រិត​គឺ​កម្រិត​ប្រទេស​ (​កម្ពុជា និង​ឡាវ​) និង​កម្រិត​តំបន់​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ក្នុងនោះ ស្វីស​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប ៥២ លាន​ដុល្លារ​សម្រាប់​រយៈពេល ៤ ឆ្នាំ​ (២០២២-២០២៥) ឬ​ប្រមាណ ១៣ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ ដើម្បី​គាំទ្រ​ការអនុវត្ត​កម្មវិធី​សហប្រតិបត្តិការ​ថ្មី​នេះ​នៅ​កម្ពុជា​។

យោងតាម​ប្រព័ន្ធ​ទិន្នន័យ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ ២០០០-២០២០ ស្វីស​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​សរុប ១៤២ លាន​ដុល្លារ ដើម្បី​គាំទ្រ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា​។ នេះ​បើតាម CDC៕