ភ្នំពេញៈ ​និយ័តករ​មូលបត្រ​កម្ពុជា​ (​ន.ម.ក.) ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ជាមួយ​ក្រុមហ៊ុន ប៊ី ត្រេដ សេនធ័រ ឯ.ក (BI Trade Center Co.,Ltd)​ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​មូលបត្រ​នៅ​កម្ពុជា​។

លោក ស៊ូ សុជាតិ ​អគ្គនាយក​នៃ​ ន.ម.ក. បាន​ចុះហត្ថលេខា​លើ​ MoU ​ជាមួយ​តំណាង​ក្រុមហ៊ុន ប៊ី ត្រេដ សេនធ័រ​ស្ដីពី​ការពិគ្រោះ​យោបល់ និង​ការផ្តល់​ជំនួយ​បច្ចេកទេស​ក្នុងការ​រៀបចំ បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ស៊ែនបុក​ (Sandbox) ​ក្នុង​វិស័យ​មូលបត្រ និង​ការធ្វើ​តេស្ត​បច្ចេកទេស​ពាក់ព័ន្ធ​តាមរយៈ​ប្រព័ន្ធ​អនឡាញ (Zoom) កាលពី​ថ្ងៃទី ២៨ ឧសភា កន្លងទៅ​។

តាមរយៈ​ MoU ​ក្រុមហ៊ុន​នេះ​នឹង​ផ្តល់​ប្រឹក្សា​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) លើ​ចំណេះដឹង​ និង​ជំនាញ​វិជ្ជាជីវៈ ព្រមទាំង​ជំនួយ​បច្ចេកទេស​ដល់ ន.ម.ក. ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ស៊ែនបុក​ក្នុង​វិស័យ​មូលបត្រ និង​ការធ្វើ​តេស្ត​បច្ចេកទេស​ពាក់ព័ន្ធ​៕