ភ្នំពេញៈ អង្គការ​ទស្សនៈ​ពិភពលោក​នៃ​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ (CAST) ​សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង Forte Insurance និង​មូលនិធិ Syngenta បាន​ចុះ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​ស្តីពី​ការសិក្សា​លទ្ធភាព​ដែល​អាចអនុវត្ត​បាន​លើ​ការធានា​រ៉ាប់រង​វារីវប្បកម្ម​ទឹកសាប​នៅ​ប្រទេស​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​រួមគ្នា​ជា​លើកដំបូង​ ដើម្បី​សិក្សា​លម្អិត​អំពី​លទ្ធភាព​ដែល​អាចអនុវត្ត​បាន​លើ​ការធានារ៉ាប់រង​វារីវប្បកម្ម​ទឹកសាប​នៅ​កម្ពុជា​។

ការសិក្សា​ពី​លទ្ធភាព​នេះ​នឹង​ពិនិត្យ​មើល​លើ​បញ្ហា​ប្រឈម​ផ្នែក​ផលិតកម្ម និង​ការគ្រប់គ្រង​ហានិភ័យ​របស់​ប្រជាកសិករ​នាពេលនេះ​។ របកគំហើញ​ដែល​ទទួល​បាន​នឹង​ជួយ​ឱ្យ​មាន​ការបង្កើត​ផលិតផល​ធានារ៉ាប់រង​ដែលមាន​លក្ខណៈ​សមស្រប​។

លោក យក់ ចំរើនឫទ្ធិ ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Forte Insurance ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា នេះ​ជា​ការសាកល្បង​លើក​ទី​១ លើ​លទ្ធភាព​ផ្តល់​សេវា​លើ​វិស័យ​កសិកម្ម​។ លោក​ថ្លែងថា​៖ «​វិស័យ​ធានារ៉ាប់រង​យើង​មិនមែន​ផ្តោត​តែ​លើ​ផ្នែក​សេវាកម្ម ឬ​ឧស្សាហកម្ម​នោះទេ វិស័យ​កសិកម្ម​ក៏​ជា​ផ្នែក​មួយ​នៃ​សេវា​កម្ម​ធានារ៉ាប់រង​ផងដែរ​»​។

លោក​បន្តថា​៖ «​យើង​ឃើញថា ការប្រែប្រួល​អាកាសធាតុ​ធ្វើឱ្យ​ពិភពលោក​មាន​ការផ្លាស់ប្តូរ​ជាច្រើន ហើយ​ការចិញ្ចឹម​ត្រី និង​ដាំ​បន្លែ​តាមបែប​ធម្មជាតិ​បាន​រង​ផលប៉ះពាល់​ច្រើន អ៊ីចឹង​បាន​ជា​យើង​សិក្សា​ពី​លទ្ធភាព​ថា តើ​យើង​អាចជួយ​ដល់​វិស័យ​កសិកម្ម​ដោយ​ផ្តល់​សេវា​ធានារ៉ាបរង​ទៅលើ​ការផ្ទេរ​ហានិភ័យ​របស់​កសិករ​មក​ក្រុមហ៊ុន​ធានារ៉ាប់រង​បាន​យ៉ាងដូចម្តេច​?»​។

គម្រោង​នេះ​នឹង​អនុវត្ត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា រហូត​ដល់​ខែតុលា ឆ្នាំ​ ២០២២​។ សព្វថ្ងៃ​វារីវប្បកម្ម​កម្ពុជា​បានផ្តល់​ការងារ​ប្រមាណ ៦ ​លាន​នាក់ ​ដែល​ភាគច្រើន​ជា​ប្រជាកសិករ​ខ្នាតតូច​។ វិស័យនេះ​បាន​ចូលរួមចំណែក ២,៤ ​ភាគរយ​នៃ GDP របស់​ជាតិ​។ នេះ​បើតាម​ទិន្នន័យ​រដ្ឋបាល​ជលផល​ឆ្នាំ​ ២០១៨​។

របាយការណ៍​របស់​សមាគម​ធានារ៉ាប់រង​កម្ពុជា​បង្ហាញ​ថា វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ទទួល​បាន​បុព្វលាភ (​ប្រាក់​ចំណូល​ពី​ការលក់​ធានារ៉ាប់រង​) ​សរុប ២៧១,៥ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ កើនឡើង ៧,៣១ ភាគរយ​ពី​ចំនួន ២៥៣ ​លាន​ដុល្លារ ​ក្នុង​ឆ្នាំ ២០១៩​។

ក្នុងនោះ បុព្វលាភ​ទីផ្សារ​ធានា​រ៉ាប់រង​ទូទៅ​បាន​គ្របដណ្តប់​ចំណែក​ទីផ្សារ​ចំនួន ៤១,៩ ​ភាគរយ ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត ៥៦,១ ​ភាគរយ និង​ទីផ្សារ​ធានារ៉ាប់រង​ខ្នាតតូច​មាន​ចំនួន ២ ភាគរយ​៕ LA