ភ្នំពេញៈ កម្ពុជា​រួមទាំង​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ទាំងអស់​បាន​បញ្ចប់​ការចរចា​ជាមួយ​នឹង​សហគមន៍​អឺរ៉ុប​លើ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​រវាង​អាស៊ាន និង​សហគមន៍​អឺរ៉ុប (CATA) ​ដែល​នេះ​នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ដំបូងបង្អស់​មិន​ធ្លាប់មាន ដើម្បី​លើកកម្ពស់​ការតភ្ជាប់​តាមផ្លូវ​អាកាស​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប​។

ការចរចា​ដែល​រៀបចំ​កាលពី​ថ្ងៃទី​ ២ ខែមិថុនា តាម​ប្រព័ន្ធ​អនឡាញ​ត្រូវបាន​ដឹកនាំ​ដោយ​លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ជា​តំណាងឱ្យ ឧត្តមមន្ត្រី​ផ្នែក​ដឹកជញ្ជូន​របស់​ក្រុម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​។

លោក ឈៀង ពេជ្រ បានឱ្យដឹងថា នៅពេល​នេះ​អាស៊ាន​សម្រេចបាន​ការងារ​ដ៏សំខាន់​មួយ គឺ​បញ្ចប់​ការចរចា​ជាមួយ​សហគមន៍​អឺរ៉ុប​នូវ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​រវាង​អាស៊ាន និង​សហគមន៍​អឺរ៉ុប​ (The ASEAN-EU Comprehensive Air Transport Agreement - CATA )​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​តំណាង​ឱ្យ​ឧត្តម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បាន​ធ្វើ​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​វិសាមញ្ញ​រវាង​អាស៊ាន-សហគមន៍​អឺរ៉ុប ដើម្បី​ចរចា​គ្នា​ជុំ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ​»​។

លោក​បន្ថែមថា នេះ​ជា​លើក​ទី​ ១ ដែល​កម្ពុជា​ធ្វើជា​ប្រធាន​ឧត្តម​មន្ត្រី​អាស៊ាន និង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ​។ លោក​អះអាង​ថា​៖ «​នេះ​ជា​ការខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការងារ​នេះ​។ ខ្ញុំ​មាន​មោទនភាព​ណាស់ ក្នុង​នាម​ជា​ខ្មែរ​ម្នាក់​»​។

សហភាព​អឺរ៉ុប​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​អាស៊ាន​។ ផ្អែក​តាម​ស្ថិតិ​បឋម​អាស៊ាន​បង្ហាញ​ថា​អាស៊ាន-សហភាព​អឺរ៉ុប​នៅតែ​រក្សា​ជំហរ​ជា​ដៃគូ​ធំ​ទី​ ២ របស់​អាស៊ាន​ជាមួយ​នឹង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​ ២០១៨ ឈានដល់ ២៨២ ​ពាន់​លាន​ដុល្លារ​។

សហភាពអឺរ៉ុប​ក៏​ជា​ប្រភព​វិនិយោគទុន​បរទេស​ដ៏ធំ​ជាងគេ​ផងដែរ​ក្នុងចំណោម​ដៃគូ​សន្ទនា​ឆ្នាំ​ ២០១៨ ដោយមាន​ទំហំ​ទឹកប្រាក់​សរុប ២២ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ឯកសារ​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​អាស៊ាន​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ ស្តីពី​ទិដ្ឋភាព​នៃ​ទំនាក់ទំនង​អាស៊ាន-អឺរ៉ុប​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​កត់សម្គាល់​ថា នេះ​ជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការពង្រីក​ការតភ្ជាប់​ជើងហោះហើរ​ផ្ទាល់​ទៅ​សហគមន៍​អឺរ៉ុប ស្របពេល​ការភ្ជាប់​ជើងហោះហើរ​របស់​កម្ពុជា​នៅ​មាន​កម្រិត ដោយ​លើកលែង​ចិន និង​កូរ៉េ​ដែល​កម្ពុជា​មាន​តភ្ជាប់​ជើង​ហោះ​ច្រើន​។

លោក​ប្រាប់ថា​៖ «​យើង​បានដឹង​មកហើយ​ចំណុចខ្សោយ​វិស័យ​ទេសចរណ៍​កម្ពុជា គឺ​ការតភ្ជាប់​ជើងហោះហើរ​នាពេល​កន្លងមក​នៅមាន​កម្រិត​ទាប​។ យើង​ពឹងផ្អែក​ជាច្រើន​ទៅលើ​បណ្តា​ប្រទេស​នៅ​ជុំវិញ​យើង​ ដើម្បី​ជា​ដង្ហើម​ដក​។ ការពឹង​គេ​នេះហើយ​ដែល​ធ្វើឱ្យ​ភាពប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​របស់​យើង​មាន​ផលលំបាក ដោយសារ​តែ​យើង​កង្វះខាត​ការតភ្ជាប់​ដោយ​ខ្លួនឯង​»​។

លោក​បន្តថា​៖ «​សម្រាប់​ខ្ញុំ​បើ​រដ្ឋាភិបាល​អាច​ភ្ជាប់​ជើង​ហោះ​ត្រង់​របស់​កម្ពុជា​ទៅក្នុង​តំបន់​អឺរ៉ុប ឬ​ទីក្រុង​ធំ​របស់​អឺរ៉ុប គឺជា​រឿង​ល្អ​មែនទែន ព្រោះ​អឺរ៉ុប​គឺជា​ទីផ្សារ​ដ៏ធំ​ពិតប្រាកដ​សម្រាប់​ទំនិញ​កសិកម្ម និង​ឧស្សាហកម្ម​កម្ពុជា​»​។

បើ​យោងតាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ ១៧ ២១៥,៣៧ លាន​ដុល្លារ កើនឡើង ១៦,៧២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ដែលមាន ១៤ ៧៤៨,៧៤ ​លានដុល្លារ​។ ក្នុងនោះ សហគម​អឺរ៉ុប​គឺជា​ទីផ្សារ​ឈានមុខ​គេ​ទី​ ២ បន្ទាប់ពី​អាមេរិក ដោយ​កម្ពុជា​បាន​នាំចេញ ៣ ២០៣,៨៧ លាន​ដុល្លារ ធ្លាក់ចុះ ១៧,៧៣ ភាគរយ​៕ LA