ភ្នំពេញៈ កម្ពុជា និង កាហ្សាក់ស្ថាន​បាន​ជួប​ពិភាក្សាគ្នា​លើ​លទ្ធភាព​នៃ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​ក្របខ័ណ្ឌ​សហភាព​សេដ្ឋកិច្ច អឺរ៉ុប​-​អាស៊ី (EAEU) ។ នេះ​បើតាម​សា្ថនទូត កាហ្សាក់ស្ថាន​។

ការពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​រវាង​លោក គីម ហេងមាស ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​តួកគី និង​លោក Kubanychbek Omuraliev ឯកអគ្គរដ្ឋទូត​ប្រទេស​កាហ្សាក់ស្ថាន​ប្រចាំ​នៅ​ប្រទេស​តួកគី​កាលពី​ថ្ងៃទី​ ១ ខែមិថុនា​។

សា្ថនទូត កាហ្សាក់ស្ថាន បាន​ឱ្យដឹងថា​ភាគី​ទាំង​​ ២ ​ពិភាក្សា​អំពី​ទស្សនវិស័យ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​រួមទាំង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EAEU) ។​

ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការពិចារណា​លើ​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​រវាង​ប្រទេស​កម្ពុជា និង កាហ្សាក់ស្ថាន​លើ​វិស័យ​ពាណិជ្ជកម្ម​សេរី​ពន្ធ​ត្រួតស៊ីគ្នា និង តំបន់​គ្មាន​ទិដ្ឋាការ (visa-free regime) ។

EAEU ជា​សហព័ន្ធ​សេដ្ឋកិច្ច​ដែល​តំណាង​ឱ្យ​ប្លុក​ប្រទេស​ចំនួន ៥ រួមមាន​រុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន និង កៀហ្ស៊ីស៊ីស្ថាន ដែលមាន​ប្រជាជន​សរុប​ជាង ១៨៤ លាន​នាក់​ក្នុង​ឆ្នាំ ២០២០ និង​មាន​ផលិតផល​ក្នុងស្រុក GDP សរុប​រួមគ្នា​ប្រមាណ ៤,៧៧ ពាន់​ពាន់​លាន ដុល្លារ ។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង EAEU មាន​តម្លៃ​សរុប ៦៧,៣៧ លាន ដុល្លារ​កើនឡើង ១៨,២២ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន ៥៦,៩៨ លាន​ដុល្លារ ។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ ៥២,១៩ លាន​ដុល្លារ​កើន ០,៧៣ ភាគរយ ខណៈ​កម្ពុជា​នាំចូល​មកវិញ​ពី EAEU មានតម្លៃ ១៥,១៨ លាន​ដុល្លារ កើនឡើង ១៩៣,៥៧ ភាគរយ ។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​៕