ភ្នំពេញៈ សមាគម​ធនាគារ​នៅ​កម្ពុជា​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង សមាគម​ធានារ៉ាប់រង​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ៣ មិថុនា បានរៀបចំ​សិក្ខាសាលា​រួមគ្នា​លើក​ទី​ ១ ​ស្តីពី​មុខងារ​ប៊េងកាសួរេន​ (Bancassurance) ​នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ទីផ្សារ​ធានារ៉ាប់រង​ដល់​សាធារណជន​។

សិក្ខាសាលា​នេះ​ត្រូវបាន​គាំទ្រ​ពី​និយ័តករ​ធានារ៉ាប់រង​កម្ពុជា​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ និង ហិរញ្ញវត្ថុ និង ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​អនឡាន​ជាមួយនឹង​អ្នកចូលរួម​ប្រមាណ ២០០ នាក់ ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​។

លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បានលើកឡើង​ថា​នេះ​ជាការ​សហការ​រួមគ្នា ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​មុខងារ​ប៊េងកាសួរេន​ក្នុង​ការកសាង​ទំនុកចិត្ត​ពី​សាធារណជន​។

លោក ចាន់នី ឱ្យដឹងថា​៖ «​សិក្ខាសាលា​នេះ​ធ្វើឡើង​ស្របតាម​ប្រកាស និង​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធ្វើ​អាជីវកម្ម​ប៊េងកាសួរេន​ក្នុង​គោលបំណង លើកកម្ពស់​បរិយាបន្ន ហិរញ្ញវត្ថុ តាមរយៈ​ការបង្កើន​លទ្ធភាព​ឱ្យ​សាធារណជន​ទទួលបាន​សេវា​ធានារ៉ាប់រង និង​ពង្រឹង​កិច្ចការពារ​អតិថិជន »​។

សិក្ខាសាលា​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ស្របតាម​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន ហិរញ្ញវត្ថុ ឆ្នាំ ២០១៩ -២០២៥ ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​ដើម្បីឱ្យ​ប្រតិបត្តិការ ប៊េងកាសួរេន កាន់តែ​មានការ​រីកចម្រើន​ទៅ​មុខជា​លំដាប់​។ ​នេះ​បើតាម​លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។

លោក បូរាណ បាន​បន្ថែមថា​៖ «​តាម​បទពិសោធន៍​របស់​គ្រឹះស្ថាន​កន្លងមក​ហេតុផល​ដែល​អតិថិជន​មួយចំនួន​ជួប​ការក្ស័យធន់ ឬ​បរាជ័យ​គឺ បញ្ហា​សុខភាព គ្រោះថ្នាក់​ដោយ​ចៃដន្យ និង គ្រោះធម្មជាតិ ដូចនេះ​ដើម្បី​ចូលរួមចំណែក​ពង្រឹង​ការការពារ​អតិថិជន​បន្ថែមទៀត​ តាមរយៈ​ផលិតផល និង សេវាកម្ម ធានារ៉ាប់រង​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការទប់ស្កាត់​ និង​កាត់បន្ថយ​ហានិភ័យ »​។

ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា​លោក ហ៊ុយ វ៉ាថារ៉ូ បានឱ្យដឹងថា​សេវា​ធានារ៉ាប់រង​គឺជា​ឧបករណ៍​គ្រប់គ្រង​ហានិភ័យ​សម្រាប់​ការពារ សុវត្ថិភាព និង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​បុគ្គល និង ធុរជន​នៅក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។

លោក​និយាយថា​៖ «​ការបញ្ចូល​សេវា ឬ​ផលិតផល​ធានារ៉ាប់រង​ឱ្យដល់​ដៃ​ប្រជាពលរដ្ឋ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការបង្កើន​ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​ដែល​នឹង​ផ្តល់នូវ​ភាពធន​ហេតុនេះ​ប្រតិបត្តិករ​ធានារ៉ាប់រង​តែងតែ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​បង្កើត​បណ្តាញ ចែកចាយ ផលិតផល ធានារ៉ាប់រង​ជាច្រើន​ប្រភេទ និង ធ្វើយ៉ាងណា​ផ្តល់​សេវា ឬ​ផលិតផល​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ​»៕