
អភិបាលប្រតិបត្តិអម្រឹតអ្នកស្រី Estelle Darie និងនាយកប្រតិបត្តិអម្រឹតលោក ដុសឌីន ជាមួយពានរង្វាន់ប្រចាំឆ្នាំ ២០២១
សូមអបអរសាទរដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលបានជាប់ជយលាភីរយៈពេល ២ ឆ្នាំជាប់គ្នាជា «ស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មប្រចាំកម្ពុជាប្រចាំឆ្នាំ ២០២១» ពីទស្សនាវដ្ដីធនាគារ និង ហិរញ្ញវត្ថុសកល Global Banking and Finance Review។
១. តើពានរង្វាន់មួយនេះ មានអត្ថន័យយ៉ាងដូចម្ដេចចំពោះអម្រឹត?
អភិបាលប្រតិបត្តិ៖ ការគាំទ្រនិងលើកកម្ពស់សេដ្ឋកិច្ចស្ត្រីគឺជាផ្នែកមួយដ៏សំខាន់នៃផែនការអភិវឌ្ឍន៍អាជីវកម្មរបស់អម្រឹត ចាប់តាំងពីការកកើតរបស់យើងមកម្ល៉េះ។ វាជាកិត្តិយសនិងសមិទ្ធផលដ៏អស្ចារ្យបំផុតសម្រាប់ អម្រឹត ដែលទទួលបានពានរង្វាន់ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់និងគាំទ្រស្ត្រីក្នុងអាជីវកម្មប្រចាំកម្ពុជារយៈពេល ២ឆ្នាំជាប់គ្នា ដែលសរបញ្ជាក់ពីការប្តេជ្ញាចិត្តនិងខិតខំប្រឹងប្រែងឥតឈប់ឈររបស់ អម្រឹត ក្នុងការលើកកម្ពស់ស្ត្រីក្នុងអាជីវកម្មតាមរយៈការផ្ដល់ជូនសេវាហិរញ្ញវត្ថុសម្រាប់ស្ត្រី ដែលប្រកបដោយភាពបត់បែន និងងាយស្រួល។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងរបស់ អម្រឹត ដែលតែងតែគាំទ្រដល់គំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់មួយនេះ។
សព្វថ្ងៃ អ្នកប្រើប្រាស់សេវាឥណទានរបស់អម្រឹតមានចំនួន ៦៨% គឺជាស្ត្រីដែលនៅគ្រប់វិស័យនៃអាជីវកម្ម។ គោលដៅចម្បងរបស់យើងនៅពេលនេះ គឺមិនត្រឹមតែផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សហគ្រិនស្រ្ដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេក្នុងការពង្រីកអាជីវកម្ម តាមរយៈការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនក៏ដូចជាស្ថាប័នពាក់ព័ន្ធ។
២. ឆ្នាំ ២០២០ ត្រូវបានរំខានដោយជំងឺកូវីដ១៩ តើ អម្រឹត មានផែនការយ៉ាងដូចម្តេច នៅឆ្នាំ ២០២១ ដើម្បីបន្តសកម្មភាពលើកកម្ពស់សហគ្រិនស្រ្តី?
អភិបាលប្រតិបត្តិ៖ ស្ត្រីបាននិងកំពុងកាន់កាប់ ៦១% នៃអាជីវកម្មសរុបនៅក្នុងប្រទេសកម្ពុជាដែលភាគច្រើនជាអាជីវកម្មខ្នាតតូចបំផុត (Micro-Enterprise) ក្នុងវិស័យលក់ដុំនិងលក់រាយ។ ទោះបីជាស្ថានភាពរបស់សហគ្រិនស្រ្តីមានភាពល្អប្រសើរជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុន្តែបើធៀបនឹងសហគ្រិនបុរស សហគ្រិនស្រ្តីនៅតែជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងការពង្រីកនិងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនពោល គឺដោយសាររនាំងផ្នែកវប្បធម៌និងសង្គមកង្វះខាតចំណេះដឹងក្នុងការគ្រប់គ្រងអាជីវកម្ម និងការទទួលបានសេវាហិរញ្ញវត្ថុនៅមានកម្រិត។
ដើម្បីកាត់បន្ថយគម្លាតក៏ដូចជា ជំរុញឱ្យសហគ្រិនស្ត្រីរីកលូតលាស់នៅលើទីផ្សារដ៏ប្រកួតប្រជែងអម្រឹតបាននិងកំពុងធ្វើការងារយ៉ាងសកម្មជាមួយដៃគូពាក់ព័ន្ធ ក្នុងការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និង ចំណេះដឹងហិរញ្ញវត្ថុដោយផ្តោតជាចម្បងលើវគ្គបណ្ដុះបណ្ដាលអំពីការបង្កើនផលិតផលដំណាំ (ស្វាយកែវរមៀត និង ដំឡូងមី) និងចំណេះដឹងអក្ខរកម្មឌីជីថល។

ទោះបីការរាតត្បាតនៃជំងឺកូវីដ១៩ បានបង្អាក់សកម្មភាពមួយចំនួនរបស់យើងក្នុងឆ្នាំ ២០២០ ប៉ុន្តែវាពុំបានជះឥទ្ធិពលដល់ផែនការយូរអង្វែងរបស់យើងក្នុងការគាំទ្រសហគ្រិនស្ត្រីនោះឡើយ។ ផ្ទុយទៅវិញ ក្នុងឆ្នាំ ២០២១ នេះ យើងបានដាក់បញ្ចូលបន្ថែមនូវវគ្គបណ្ដុះបណ្ដាលស្ដីអំពីចំណេះដឹងអក្ខរកម្មឌីជីថលដោយមើលឃើញថា ការយល់ដឹងរបស់សហគ្រិនស្រ្តីលើផ្នែកនេះនៅមានកម្រិតនៅឡើយ ហើយមួយវិញទៀត គឺដោយសារ យើងមើលឃើញថា ចំណេះដឹងអក្ខរកម្មឌីជីថលមានភាពចាំបាច់សម្រាប់អាជីវកម្មក្នុងយុគសម័យឌីជីថល ពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩។
ទន្ទឹមគ្នានេះដែរ យើងបានបញ្ចូលនូវវគ្គបណ្ដុះបណ្ដាលស្តីពីការបង្កើនផលិតភាពដំណាំ នៅឆ្នាំ ២០២១។ ក្រោមកិច្ចសហប្រតិបត្តិការពីសំណាក់ដៃគូជាតិនិងអន្តរជាតិវគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើដំណាំដំឡូងមីនិងស្វាយកែវរមៀត ដើម្បីជួយកសិករបង្កើនផលិតភាពដំណាំក៏ដូចជាប្រាក់ចំណូលរបស់ពួកគេ។
បន្ថែមពីលើនេះទៀត នៅឆមាសទី២ នៃឆ្នាំ ២០២១ យើងនឹងដាក់ចេញនូវផលិតផលឥណទានថ្មីមួយទៀត គឺ «ឥណទានស្ត្រីឆ្នើម» ដែលជាដំណោះស្រាយហិរញ្ញវត្ថុរចនាឡើងយ៉ាងពិសេសសម្រាប់ស្ត្រីកម្ពុជា។
៣. តើ អម្រឹត បានធ្វើសកម្មភាពអ្វីខ្លះ ដើម្បីជួយគាំទ្រសហគ្រិនស្រ្តីក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩?
អភិបាលប្រតិបត្តិ៖ ក្នុងនាមជាស្ថាប័នដែលមានភាពទទួលខុសត្រូវខាងសង្គម អម្រឹតផ្តល់ការយកចិត្តទុកដាក់យ៉ាងពិសេស ចំពោះសុខុមាលភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់អតិថិជន។ យើងបានជួយសម្រួលដល់អតិថិជនដែលរងគ្រោះដោយសារជំងឺកូវីដ១៩តាមរយៈការផ្ដល់ជូនរយៈពេលអនុគ្រោះសងប្រាក់កម្ចី និងការពន្យារពេលសងប្រាក់កម្ចីស្របតាមតម្រូវការជាក់ស្ដែងរបស់អតិថិជន។ យើងដឹងច្បាស់ថា អតិថិជនកំពុងប្រឈមមុខនឹងការលំបាក ដោយហេតុនេះហើយយើងប្តេជ្ញាចិត្តក្នុងការជួយគាំទ្រអតិថិជនតាមលទ្ធភាពដែលអាចធ្វើបានស្របតាមគោលការណ៍របស់រដ្ឋាភិបាលនិងធនាគារកណ្តាលក្នុងការផ្តល់ជំនួយដល់អតិថិជន ដើម្បីជម្នះការលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។
៤. តើអម្រឹតនឹងធ្វើអ្វីបន្ថែមទៀតដើម្បីគាំទ្រដល់គម្រោងលើកកម្ពស់ស្រ្តីក្នុងអាជីវកម្ម?
អភិបាលប្រតិបត្តិ៖ អាជីវកម្មមួយអាចជោគជ័យទៅបាន គឺអាស្រ័យលើម្ចាស់អាជីវកម្មថាតើគាត់មានដើមទុនគ្រប់គ្រាន់ក្នុងការទ្រទ្រង់អាជីវកម្មក្នុងគ្រាលំបាក និងចាប់យកឱកាសល្អក្នុងការពង្រីកខ្លួននៅលើទីផ្សារដែរឬទេ។ ដោយឡែក ចំពោះសហគ្រិនស្ត្រី ពួកគេជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងការទទួលបានការផ្ដល់ជូនឥណទានអាជីវកម្ម ឬ ពុំបានទទួលទំហំប្រាក់កម្ចីស្របតាមតម្រូវការជាក់ស្ដែងរបស់ពួកគេ។ ដោយសារចំណុចនេះហើយទើបយើងបង្កើត ឥណទានស្ត្រីឆ្នើម ដើម្បីជួយគាំទ្រដល់សហគ្រិនស្ត្រីកម្ពុជា។
ឥណទានស្ត្រីឆ្នើម គឺជាផលិតផលឥណទានដែលបានរចនាឡើងយ៉ាងពិសេសសម្រាប់ស្ត្រី ដោយផ្ដល់ជូនពួកគេនូវដើមទុនគ្រប់គ្រាន់ដើម្បីចាប់ផ្តើមឬពង្រីកអាជីវកម្ម។ វាផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនរួមមានអត្រាការប្រាក់សមរម្យ ឯកសារតម្រូវងាយស្រួល និងផែនការសងត្រឡប់មានភាពបត់បែនខ្ពស់។ ពិសេសជាងនេះទៅទៀត ឥណទាននេះផ្ដល់ជូនឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាព (រួមបញ្ចូលការត្រួតពិនិត្យជំងឺមហារីកសុដន់) និង កញ្ចប់ធានារ៉ាប់រងអាយុជីវិតក្នុងអំឡុងពេលខ្ចីប្រាក់។
យើងដឹងច្បាស់ថា ដើម្បីដំណើរការអាជីវកម្មឱ្យបានជោគជ័យ គឺតម្រូវឱ្យសហគ្រិនធ្វើការលះបង់ទាំងកម្លាំងកាយចិត្ត និងមានការយកចិត្តទុកដាក់ខ្ពស់។ ការផ្ដល់ជូនកញ្ចប់ត្រួតពិនិត្យសុខភាពមហារីកសុដន់នេះ មានគោលដៅក្នុងការផ្ដល់ជូននូវសុខុមាលភាពទាំងផ្លូវកាយទាំងផ្លូវចិត្តសម្រាប់សហគ្រិនស្រ្តី ដូច្នេះ ពួកគេអាចផ្ដោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើការគ្រប់គ្រង និងដំណើរការអាជីវកម្មរបស់ពួកគេអស់ពីលទ្ធភាព។ រួមជាមួយនឹងកញ្ចប់ធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃទំហំ ១០.០០០ ដុល្លារជាមួយទំហំកម្ចីអប្បបរមា ២០.០០០ ដុល្លារសហគ្រិនស្ត្រីនឹងទទួលបានសុវត្ថិភាពផ្លូវចិត្តយ៉ាងពិតប្រាកដ ដោយដឹងថាមនុស្សជាទីស្រឡាញ់របស់ពួកគេត្រូវបានការពារនៅគ្រប់កាលៈទេសៈទាំងអស់។
អំពី អម្រឹត
អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិដែលរួមមាន ធនាគារអភិវឌ្ឍសហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិករបស់ធនាគារពិភពលោក។
ក្នុងនាមជាស្ថាប័នឈានមុខមួយនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់អតិថិជនជាង ៥សែននាក់ ដែលមានចាប់ពី កសិករមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹត មានសាខាចំនួន ១៥៨ ទូទាំងប្រទេស មានបុគ្គលិកជាង ៤៥០០នាក់ និងមានទ្រព្យសកម្មជាង ១ពាន់លានដុល្លារអាមេរិក និង ប្រាក់បញ្ញើជាង ៥០០ លានដុល្លារអាមេរិក។