ភ្នំពេញៈ រដ្ឋាភិបាល​កំពុង​វិនិយោគ​ទឹកប្រាក់ ១,១ ​លាន​ដុល្លារ​ ទៅលើ​ការសាងសង់​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ (Asphalt Concrete Plant=AC) ១ ​កន្លែង​ ដែល​មាន​សមត្ថភាព​អាច​ផលិត​បេតុង​កៅស៊ូ​បាន ១២០ ​តោន ​ក្នុង​ ១ ​ម៉ោង​ ក្នុង​គោលបំណង​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​កាត់បន្ថយ​ការនាំ​ចូល​។ នេះ​បើ​យោងតាម​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ក្នុងឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​នៅក្នុង​ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​ថ្ងៃ​ទី​ ៥ ខែមិថុនា កាលពី​ឆ្នាំ​ ២០២១ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ការកសាង​ផ្លូវថ្នល់​នៅ​កម្ពុជា​នឹង​កាន់តែ​មាន​ភាពឆាប់រហ័ស និង​គុណភាព​ល្អ ខណៈ​កម្ពុជា​កំពុង​សាងសង់​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ ១ ​កន្លែង​នៅជាប់​ព្រំប្រទល់​ខេត្តកំពត និង​កែប​។ រោងចក្រ​នេះ​នឹង​ដើរតួនាទី​សំខាន់​សម្រាប់​ផលិត​បេតុង​កៅស៊ូ យក​ទៅ​ប្រើ​ក្រាលផ្លូវ ខណៈ​បច្ចុប្បន្ន​កម្ពុជា​តែង​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស​។

លោក​បន្តថា ការបញ្ជាទិញ​បេតុង​កៅស៊ូ​ពី​ក្រៅប្រទេស​បាន​ធ្វើឱ្យ​កម្ពុជា​ចំណាយ​ប្រាក់​ច្រើន ហើយ​ថែម​ទាំង​ត្រូវ​ចំណាយពេល​ដឹកជញ្ជូន​ផងដែរ​។ ភាពលំបាក​នេះ​បាន​ជំរុញ​ឱ្យ​ក្រសួង​សាធារណការ​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន សៀងហៃ ជួយ​ទិញ​គ្រឿងចក្រ​មក​ដំឡើង​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​នៅក្នុង​ទីតាំង​ខាងលើ​។

លោក​ថ្លែងថា​៖ «​ការមាន​រោងចក្រ​​ផលិត​បេតុង​កៅស៊ូ​ខ្លួនឯង​នឹង​ជួយ​ឱ្យ​យើង​មិនចាំបាច់​ទិញ​ពី​គេ​ច្រើន​ដូច​មុន​»​។ លោក​បន្ថែមថា​៖ «​ជាមួយ​គ្នា​នេះ​យើង​ក៏​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​អាច​ទិញយក​បេតុង​កៅស៊ូ​ទៅប្រើ​ផងដែរ ដោយ​ក្រសួង​នឹង​បង្កើត​ក្រុម​ការងារ​ស្វយ័ត​មួយ​ ដើម្បី​គ្រប់គ្រង​ទីតាំង​នេះ និង​ធ្វើ​អាជីវកម្ម​លើក​ការលក់ AC នេះ​សម្រាប់​យកទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ឬ​លក្ខណៈ​ឯកជន​»​។

លោក​លើកឡើង​ទៀតថា ដោយសារ​រដ្ឋាភិបាល​បាន​កំណត់​ផែនការ​ក្នុង​ការអភិវឌ្ឍ​ផ្លូវថ្នល់​ឱ្យ​មាន​គុណភាព​កាន់តែ​ល្អ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏​គ្រោង​នឹង​សាងសង់​រោងចក្រ​ផលិត​បេតុង​កៅស៊ូ ១ ​បន្ថែមទៀត​នៅ​តំបន់​ខេត្ត​បាត់ដំបង​ក្នុង​ពេល​ឆាប់ៗ​ផងដែរ​។

លោក​អះអាង​ថា​៖ «​ឆ្នាំនេះ ឬ​ឆ្នាំក្រោយ ក្រុមហ៊ុន​សៀងហៃ​នឹង​ផ្តល់​ម៉ាស៊ីន​ផលិត​បេតុង​កៅស៊ូ ១ ​ឈុត​ទៀត​មក​កម្ពុជា ដោយ​យើង​អាច​នឹង​រៀបចំ​ដាក់​នៅ​តំបន់​បាត់ដំបង ព្រោះ​តំបន់​នោះ​មាន​ផ្លូវ​ប្រភេទ DBST ច្រើន​ដែល​ត្រូវ​​ប្រែក្លាយ​ទៅជា​ប្រភេទ​ផ្លូវ AC»​។

យោងតាម លោក ចាន់ថុល វត្ថុធាតុដើម​សំខាន់​សម្រាប់​ផលិត បេតុង​កៅស៊ូ រួមមាន ថ្ម ខ្សាច់ និង​កៅស៊ូ​។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ លោក ជា ចាន់ដារ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៦ ខែមិថុនា​ថា ការបង្កើត​រោងចក្រ​ផលិត​បេតុង​កៅស៊ូ ដោយ​ខ្លួនឯង​នឹង​ផ្តល់​ផល​យ៉ាងច្រើន​សម្រាប់​វិស័យ​ដឹកជញ្ជូន​ទំនិញ ក៏​ដូចជា​សេដ្ឋកិច្ចជាតិ​ទាំងមូល​។ រោងចក្រ​ផលិត​បេតុង​កៅស៊ូ​នេះ​នឹង​ជំរុញ​ឱ្យ​ការសាងសង់​ផ្លូវ​នៅ​កម្ពុជា​បាន​កាន់តែ​លឿន និង​អាច​ឈាន​ទៅ​ការសាងសង់​ផ្លូវ​ថ្មីៗ​ជាច្រើន​បន្ថែមទៀត​។

លោក​អះអាង​ថា​៖ «​នៅពេល​មាន​ផ្លូវ​ល្អ​កាន់តែ​ច្រើន វា​នឹង​ធ្វើឱ្យ​យើង​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា​ច្រើន​ផងដែរ ពិសេស​បើ​កម្ពុជា​មាន​ផ្លូវ​កាត់ ឬ​ផ្លូវ​វាង​កាន់តែច្រើន​»​។

បើ​យោងតាម​ការស្ទង់មតិ​រួម​មួយ​ដោយ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (Jica) កាលពី​ឆ្នាំ​ ២០១១ របស់​រដ្ឋាភិបាល​ជប៉ុន និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ឱ្យដឹងថា កម្ពុជា​ត្រូវការ​ជាង ១៣ ​ពាន់​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ និង​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ត្រឹម​ឆ្នាំ​ ២០២០ ប្រសិនបើ​ប្រទេស​នេះ​មាន​បំណង​បន្ត​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​៕ LA