ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​វៀតណាម​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ក្នុង​ត្រីមាស​ទី​១ ឆ្នាំនេះ គឺ​ប្រមាណ ២២ ភាគរយ​ ទោះបីជា​មាន​ការរឹតបន្តឹង​នៅតាម​ព្រំដែន​ ដោយសារ​ក្តីបារម្ភ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ រវាង​ប្រទេស​ទាំង​ ២ ​ក៏ដោយ​។

យោងតាម​ទិន្នន័យ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ បរិមាណ​នាំចេញ និង​នាំចូល​ទ្វេភាគី​បាន​កើន​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ គឺ​ចំនួន ៣,៨៩២ ​ពាន់​លាន​ដុល្លារ កើនឡើង​ ២២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

លោក Vuong Dinh Hue ប្រធាន​សភា​វៀតណាម​បាន​ឱ្យ​ដឹង​ក្នុង​អំឡុងពេល​ជួបពិភាក្សា​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ៣ ខែមិថុនា​ថា ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុងក្រោយ​នេះ ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​កម្ពុជា និង​វៀតណាម​បាន​ទទួល​ផ្លែផ្កា​ជាច្រើន​។

លោក​បន្តថា កាលពី​អំឡុង​ឆ្នាំ​ ២០១០ ដល់​ឆ្នាំ ២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ជានិច្ចកាល​សម្រេចបាន​ក្នុង​អត្រាកំណើន​ប្រចាំ​ឆ្នាំ​ជា​មធ្យម ១៨ ​ភាគរយ​។ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ដល់ ៥,២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ ដោយ​លើសពី​ទិសដៅ​ដែល​បានកំណត់​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ (៥,០ ​ពាន់​លាន​ដុល្លារ​ឆ្នាំ​ ២០២០)​។

លោក​ថ្លែងថា​៖ «​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​រក្សា​ការកើនឡើង​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២១ បរិមាណ​នៃ​ការនាំចេញ និង​នាំចូល​ទ្វេភាគី បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ថ្មី​មួយ​។ វៀតណាម​នៅតែ​ជា​វិនិយោគិន​បរទេស​ឈានមុខ​គេ​ទី​ ៣ នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​បន្តថា​៖ «​ក្រៅពីនេះ ប្រទេស​ទាំង​ ២ ​កំពុង​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​កិច្ចសហប្រតិបត្តិការ​សន្ដិសុខ ពិសេស​ការផ្លាស់ប្តូរ​បទពិសោធ និង​ការបណ្ដុះបណ្ដាល​ជា​ទៀងទាត់ ដើម្បី​កែលម្អ​សមត្ថភាព ការពារ​ព្រំដែន​ប្រកប​ដោយ​សន្ដិភាព បង្កើត​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និង​បង្កើត​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​»​។

លោក ហេង សំរិន បាន​ឱ្យ​ដឹងថា ជាមួយ​នឹង​សមិទ្ធផល​ជាច្រើន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ លោក​ជឿថា មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​ដ៏ទូលំទូលាយ​រវាង​កម្ពុជា និង​វៀតណាម​នឹង​ត្រូវបាន​ថែរក្សា និង​ពង្រឹង​ដោយ​រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាជន​របស់​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​កិច្ចខំប្រឹងប្រែង​ជា​បន្ត​នឹង​បង្កើន​មិត្តភាព​ដល់​កម្រិត​កាន់តែ​ខ្ពស់ ជាពិសេស​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំង​ ២ និង​រួមចំណែក​វិជ្ជមាន​ដល់​សន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​វិបុលភាព​នៅក្នុង​កម្រិត​តំបន់ និង​ពិភពលោក​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា បណ្ដា​ប្រទេស​ជិតខាង គឺជា​ទីផ្សារ​ដ៏ល្អ​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​។ លោក​បន្តថា ទោះបីជា​មាន​ការរឹតបន្តឹង​ខ្លះៗ​ជុំវិញ​ការរឹតបន្តឹង​ព្រំដែន​កាលពី​ឆ្នាំមុន​ក៏ដោយ ក៏​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ ​នៅ​តែ​ជំរុញ​ការផ្លាស់ប្តូរ​ទំនិញ​ជានិច្ច​។

លោក​និយាយថា​៖ «​ការកើនឡើង​ការនាំ​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម កំពុង​ឆ្លុះបញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត​រវាង​រដ្ឋាភិបាល​ទាំង​ ២ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ជាពិសេស​ការអភិវឌ្ឍ​សម្រាប់​ប្រជាជន​នៅ​តាម​ព្រំដែន​»​។

លោក លឹម ហេង បញ្ជាក់ថា​៖ «​ខ្ញុំ​ហ៊ាន​និយាយ​ថា បណ្ដា​ប្រទេស​ជិតខាង គឺជា​ទិសដៅ​នាំចេញ​ល្អ​បំផុត ព្រោះ​ការនាំចេញ​មាន​ភាពងាយស្រួល ពិសេស​ផលិតផល​កសិកម្ម​របស់​យើង ដូចជា អង្ករ ពោត កៅស៊ូ សណ្ដែក​។​ល​។ ទោះបីជា​យើង​នាំចេញ​ភាគច្រើន​នៃ​វត្ថុ​ធាតុដើម​ទៅ​ប្រទេស​ទាំងនោះ ក៏​វា​នៅតែ​ល្អ​សម្រាប់​កសិករ​យើង​ដែរ​។ ប្រសិនបើ​មិន​មាន​ប្រទេស​ថៃ ឬ​វៀតណាម​ទិញ​ផលិតផល​កសិកម្ម យើង​នឹងមាន​បញ្ហា​ជាមិនខាន ដោយសារតែ​នៅ​ប្រទេស​យើង​មិនទាន់​មាន​ឃ្លាំង​ស្តុក​ទំនិញ​គ្រប់គ្រាន់​»​។

ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​ឲ្យ​មាន​ការសាងសង់​ផ្សារ​គំរូ​ចំនួន ២ ​បន្ថែមទៀត​នៅ​ខេត្តកំពត និង​ខេត្ត​ស្វាយរៀង​ជា​កន្លែង​ដែលមាន​ព្រំដែន​ជាប់​គ្នា​រវាង​វៀតណាម ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជំរុញ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​។ កាលពី​ខែធ្នូ ឆ្នាំ​ ២០១៩ កម្ពុជា​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រួចហើយ​ផ្សារដា​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម កម្ពុជា​នាំចេញ​ទំនិញ​ទៅ​វៀតណាម​ក្នុងតម្លៃ ៣៨៥,៧៩ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២០ កើន ១៤,៨៨ ​ភាគរយ​ ធៀប​នឹង​ ៣៣៥,៨២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។ ទោះយ៉ាងណា​ការនាំ​ទំនិញ​ពី​ប្រទេស​វៀតណាម ​មក​កម្ពុជា​វិញ​បាន​ធ្លាក់ចុះ ៣,១៩ ​ភាគរយ ដោយមាន​តម្លៃ​ ២,៦៣៤ ​ពាន់​លាន​ដុល្លារ ធៀប​នឹង​ ២,៧១៨ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩៕LA