ភ្នំពេញៈ កម្ពុជា និង​កៀហ្ស៊ីស៊ីស្ថាន​បាន​ពិភាក្សា​គ្នា​លើ​លទ្ធភាព​នៃ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ក្នុង​ក្របខ័ណ្ឌ​សហភាព​សេដ្ឋកិច្ច អឺរ៉ុប-អាស៊ី​ (EAEU)​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​សា្ថនទូត​កៀហ្ស៊ីស៊ីស្ថាន​។

ការពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​រវាង​លោក គីម ហេងមាស ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​តួកគី និង​លោក Kubanychbek Omuraliev ឯកអគ្គរដ្ឋទូត​កៀហ្ស៊ីស៊ីស្ថាន​ប្រចាំ​នៅ​ប្រទេស​តួកគី​ កាលពី​ថ្ងៃទី​ ១ ខែមិថុនា​។

សា្ថនទូត​កៀហ្ស៊ីស៊ីស្ថាន​ឱ្យ​ដឹងថា ភាគី​ទាំង ២ បាន​ពិភាក្សា​គ្នា​ពី​ទស្សនវិស័យ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រួមទាំង​ក្នុង​​ក្របខ័ណ្ឌ​នៃ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី ព្រមទាំង​អំពី​លទ្ធភាព​នៃ​ការពិចារណា​លើ​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​រវាង​កម្ពុជា និង​កៀហ្ស៊ីស៊ីស្ថាន​លើ​វិស័យ​ពាណិជ្ជកម្ម​សេរី​ពន្ធ​ត្រួតស៊ីគ្នា និង​តំបន់​មិន​ត្រូវការ​ទិដ្ឋាការ​។

EAEU ជា​សហព័ន្ធ​សេដ្ឋកិច្ច​តំណាង​ឱ្យ​ប្រទេស​ចំនួន​ ៥ រួមមាន​រុស្ស៊ី កាហ្សាក់ស្ថាន​អាមេនី បេឡារុស និង​កៀហ្ស៊ីស៊ីស្ថាន​។

ក្នុង​កិច្ចប្រជុំ​រវាង​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ (ECC) ​កាលពី​ថ្ងៃទី​ ១០ ខែមីនា អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លោក សំហេង បូរ៉ា លើកឡើង​ថា របាយការណ៍​ការសិក្សា​ពី​លទ្ធភាព​លើ FTA រវាង​កម្ពុជា និង EAEU ត្រូវ​បាន​ចាប់ផ្ដើម​ដំណើរការ​ដោយ​ក្រសួង​ពាណិជ្ជកម្ម និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​ខាងកើត​។

លោក​បន្តថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង EAEU នឹង​អាចឱ្យ​ភាគី​ទាំង ២ បង្កើត​កិច្ចសហការ​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​។ ការសិក្សា​នេះ​បាន​ត្រួតពិនិត្យ​ផលប៉ះពាល់​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​សេរី​រវាង​កម្ពុជា - EAEU លើ​សេដ្ឋកិច្ចកម្ពុជា និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាក់ទង​នឹង​ពាណិជ្ជកម្ម ការវិនិយោគ សុខុមាលភាព និង​ផលប៉ះពាល់​កំណើន​លើ​សេដ្ឋកិច្ច​ក្នុងស្រុក និង​ក្នុង​តំបន់​»​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (​បណ្ឌិត្យ​សភា​កម្ពុជា​) បាន​ប្រាប់ថា កៀហ្ស៊ីស៊ីស្ថាន គឺជា​សមាជិក​នៃ​បណ្តា​ប្រទេស​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​នៅ​អឺរ៉ុប​ខាងកើត​។

លោក​ប្រាប់ថា​៖ «​កិច្ចសន្ទនា​រវាង​ភាគី​កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន​ខ្ញុំ​គិតថា ភាគី​ទាំង ២ ចង់​ដឹង​ឱ្យ​កាន់តែ​ច្បាស់​នូវ​ទំនិញ​ប្រភេទ​អ្វីខ្លះ​អាច​ដោះដូរ​ជាមួយ​គ្នា​បាន ដើម្បី​ងាយ​សម្រួច​ទៅលើ​ផលិតផល​ក្នុងស្រុក​ក្នុង​ការជំរុញ​ផលិតកម្ម​ឱ្យស្រប​ទៅ​តាម​តម្រូវការ​ប្រទេស​ដៃគូ​»​។

លោក​បន្តថា ដោយសារ​កត្តា​ប្រវត្តិសាស្ត្រ​ទាំង ២ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ហើយ​មានបំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ EAEU ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​បន្ថែមទៀត​។

បើតាម លោក វណ្ណៈ កម្ពុជា​ភាគច្រើន​បាន​នាំចេញ​ទំនិញ​វាយនភណ្ឌ និង​ផលិតផល​កសិកម្ម​ទៅកាន់​បណ្តា​ប្រទេស EAEU ខណៈ​កម្ពុជា​នាំចូល​មកវិញ​នូវ​គ្រឿងយន្ត​កសិកម្ម និង​ផលិតផល​ឱសថ​ជាដើម កម្ពុជា​ត្រូវ​ពង្រឹង​ទំនិញ​បន្ថែមទៀត ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ជា​ដៃគូ​ទ្វេភាគី​នេះ​។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង EAEU មានតម្លៃ ៦៧,៣៧ លាន​ដុល្លារ​កើន​ ១៨,២២ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ​ក្នុង​នោះ​ការនាំ​ចេញ​ពី​កម្ពុជា​មានតម្លៃ ៥២,១៩ ​លាន​ដុល្លារ​កើន ០,៧៣ ​ភាគរយ និង​ការចូល​វិញ​ពី EAEU មាន​តម្លៃ ១៥,១៨ លាន​ដុល្លារ កើនឡើង ១៩៣,៥៧ ​ភាគរយ​។ នេះ​បើតាម​ក្រសួង​ពាណិជ្ជកម្ម​៕LA