ភ្នំពេញៈ ប្រទេស​កម្ពុជា ​បាន​ចូលរួម​អនុវត្ត​គម្រោង​ស្តីពី​ការកសាង​សមត្ថភាព​ក្នុង​ការជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ​ដោយ​បច្ចេកទេស​ដាំ​គ្រាប់​ផ្ទាល់​ប្រកប​ដោយ​ប្រសិទ្ធភាព​គិតគូរ​ដល់​និរន្តរភាព​សេដ្ឋកិច្ច និង​បរិស្ថាន​ដោយ​រំពឹងថា វា​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​អង្គការ​ស្បៀង​ និង​កសិកម្ម​ថ្នាក់​តំបន់​ប្រចាំ​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃទី​ ៤ មិថុនា តាម​ប្រព័ន្ធ​អនឡាញ​គម្រោង​នេះ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​សម្រាប់​ការដាំដុះ​។

ក្រៅពី​កម្ពុជា​ដែលជា​អង្គភាព​អនុវត្ត​គម្រោង សិក្ខាសាលា​នេះ​ក៏មាន​ការចូលរួម​ពី​តំណាង​អង្គភាព​អនុវត្ត​គម្រោង​មកពី​ប្រទេស​មីយ៉ាន់ម៉ា និង​ហ្វីលីពីន ព្រមទាំង​អង្គការ FAO ប្រចាំ​នៅ​កម្ពុជា​ និង​មីយ៉ាន់ម៉ា អង្គការ IRRI និង​សាកលវិទ្យាល័យ​កសិកម្ម​ភាគខាងត្បូង​ប្រទេស​ចិន​។

លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​ចូលរួម​សិក្ខាសាលា​នេះ​ថ្លែងថា អង្គការ FAO តែងតែ​បាន​ផ្តួចផ្តើម និង​គាំទ្រ​ឱ្យ​មាន​គម្រោង​ថ្នាក់​តំបន់​នេះ​ឡើង និង​ផ្តល់ឱកាស​ដល់​ប្រទេស​កម្ពុជា​បាន​ចូលរួម​អនុវត្ត​ក្នុង​គម្រោង​នេះ​។

លោក ងិន ឆាយ បាន​បន្ថែមថា អង្គការ FAO គឺជា​ដៃគូ​អភិវឌ្ឍន៍​យ៉ាង​ជិតស្និទ្ធ​មួយ​ក្នុង​ចំណោម​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​របស់​កម្ពុជា ដែល​បានផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

លោក​ថ្លែង​ទៀត​៖ «​តាមរយៈ​គម្រោង​នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា អង្គភាព​អនុវត្ត​គម្រោង​ទាំងអស់​នឹង​សហការ​កាន់តែ​ស្អិតល្មួត​ជាមួយ​អង្គការ FAO និង​ដៃគូ​សំខាន់ៗ​មួយចំនួន​ទៀត រួមទាំង​អង្គការ IRRI និង​សាកលវិទ្យាល័យ​កសិកម្ម​ភាគខាងត្បូង ប្រទេស​ចិន ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលបំណង គម្រោង​ដែល​បានកំណត់​»​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា​បាន​ស្វាគមន៍​ និង​គាំទ្រ​ដែល​កម្ពុជា​ចូលរួម​អនុវត្ត​គម្រោង​ថ្មី​នេះ​របស់​រាជរដ្ឋាភិបាល ដោយ​ប្តេជ្ញា​ចូលរួម​សហការ​ក្នុង​ការលើកកម្ពស់​ការផលិត​ស្រូវ​ដែល​មាន​ស្តង់ដា គុណភាព​ស្របតាម​ទីផ្សារ​បរទេស​ដែលមាន​តម្រូវការ​នាំចូល​អង្ករ​។

លោក​និយាយថា​៖ «​នេះ​ជា​ការឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ក្នុង​នាម​វិស័យ​ឯកជន ក៏ដូចជា សហព័ន្ធ​ស្រូវ អង្ករ​ពិតជា​ស្វាគមន៍​នូវ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​នឹង​ចូលរួម​សហការ​ជាមួយ​ក្រុម​ផលិត​សម្រាប់​សហប្រតិបត្តិការ​ជា​ដៃគូ​ដើម្បី​ឱ្យ​គម្រោង​ទទួលបាន​ជោគជ័យ​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​នៅ​ទូទាំង​ប្រទេស​សម្រេច​បាន ១៤១,៤៥ ​ភាគរយ​នៃ​ផែនការ ៤៥៩ ២០០ ​ហិកតា ដោយ​ទទួលបាន​ទិន្នផល​សរុប ២,៩៣ ​លាន​តោន ដែល​លើស​ឆ្នាំ​ ២០២០ ចំនួន ៥៤ ០០០ តោន​ ដោយ​ទទួលបាន​ទិន្នផល​ជា​មធ្យម​ចំនួន ៤,៥៣៥ តោន​ក្នុង​ ១ ​ហិកតា​។

ល្បឿន​នៃ​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំ​ ២០២១ រហូតដល់​ពេលនេះ សម្រេចបាន​ ២៧, ១៣% ​នៃ​ផែនការ ២,៦០ ​លាន​ហិកតា​លឿន​ជាង​រដូវកាល​មុន ២០៥ ៣៨២ ​ហិកតា​៕ LA