ភ្នំពេញៈ ស្របពេល​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​កំពុង​កំណត់​ទិសដៅ​ ដើម្បី​ផលិត​ថាមពល​ស្អាត ជាពិសេស​ពី​ថាមពលខ្យល់ The Blue Circle ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​វិនិយោគិន​បារាំង​បាន​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ គួរផ្ដោត​ការយកចិត្ត​ទុកដាក់​កាន់តែខ្លាំង​លើ​ការផលិត​ថាមពល​ពី​ខ្យល់ ដោយសារ​កម្ពុជា​មាន​តំបន់​ចំនួន ៧ ត្រូវបាន​កំណត់​រួចហើយ​ក្នុង​គោលបំណង​ចូលរួម​ចំណែក​ដល់​ផែនការមេ​អគ្គិសនី​របស់​រដ្ឋាភិបាល​កម្ពុជា​ដល់​​ឆ្នាំ​ ២០៣០​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​កាលពី​ពាក់កណ្ដាល​ខែឧសភា តម្រូវការ​ថាមពល​របស់​តំបន់​អាស៊ីអាគ្នេយ៍​បាន​កើនឡើង​ជាង ៨០ ​ភាគរយ​ចាប់តាំងពី​ឆ្នាំ​ ២០០០ ហើយ​ត្រូវ​រំពឹងថា​នឹង​កើនឡើង​ ៦០ ​ភាគរយ​ថែមទៀត​ត្រឹម​ឆ្នាំ​ ២០៤០​។

គិត​ត្រឹម​ពេលនេះ វៀតណាម និង​ថៃ ដែល​ជា​ប្រទេស​ជិតខាង​របស់​កម្ពុជា មាន​សមត្ថភាព​ផលិត​ថាមពលខ្យល់​ចំនួន ៥៨២ ​មេហ្គាវ៉ាត់ និង ១ ៥៣៨ ​មេហ្គាវ៉ាត់​រៀងៗ​ខ្លួន​ដែល​បាន​ដំឡើង​រួច និង​កំពុង​រៀបចំ​ផែនការ​ដំឡើង​គម្រោង​ថ្មី​អប្បបរមា ៦ ០០០ ​មេហ្គាវ៉ាត់​ត្រឹម​ឆ្នាំ​ ២០២៥​។

ក្រុមហ៊ុន The Blue Circle បានឱ្យដឹងថា កម្ពុជា​បានដាក់​បញ្ចូល​ថាមពលខ្យល់​ទៅក្នុង​ផែនការមេ​អគ្គិសនី​ឆ្នាំ​ ២០៣០ ​របស់ខ្លួន ដែល​មាន​ត្រឹមតែ ៨០ ​មេហ្គាវ៉ាត់​ប៉ុណ្ណោះ​នៅត្រឹម​ឆ្នាំ​ ២០៤០​។ បើទោះបី​ជា​ទិសដៅ​កំណត់​ឆ្នាំ​ ២០៣០ ចំនួន​ដែល​បាន​ដំឡើង​រួច​មាន​សមត្ថភាព​ផលិត​អគ្គិសនី​បាន ១៧ ៦៧៧ ​មេហ្គាវ៉ាត់ ដែល​បានកំណត់​កាលពី​ឆ្នាំ​ ២០១៩ ត្រូវបាន​កែតម្រូវ​ទម្លាក់​មក​ត្រឹម ៣០ ​ភាគរយ​ បន្ទាប់ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ចំណែក​ថាមពលខ្យល់​នឹងមាន​ចំណែក​ត្រឹម ០,៦៤ ​ភាគរយ​ប៉ុណ្ណោះ​នៃ​សមត្ថភាព​សរុប​របស់​ប្រទេស​កម្ពុជា​ត្រូវ​ដំឡើង​ក្នុង​ឆ្នាំ​ ២០៣០​។

ជាមួយ​គ្នា​នេះដែរ ផែនការមេ​អគ្គិសនី​ដែល​រួមបញ្ចូល​ថាមពល​សូឡា ១ ៧៤០ ​មេហ្គាវ៉ាត់​នឹង​ត្រូវ​ដំឡើង​ត្រឹម​ឆ្នាំ​ ២០៣០ តំណាងឱ្យ ១២,១ ​ភាគរយ​នៃ​សមត្ថភាព​សរុប​របស់​កម្ពុជា​ដែល​បាន​ដំឡើង​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

លោក Olivier Duguet ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន The Blue Circle បានឱ្យដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា យោងតាម​ក្រុមហ៊ុន​ប្រឹក្សា​ឯករាជ្យ 3i ក្នុងការ​សិក្សា​មួយ​ដែល​បានផ្ដល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​អូស្ដ្រាលី និង​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៥ ខែ កក្កដា ឆ្នាំ​ ២០២០ បញ្ជាក់ថា កម្ពុជា​នៅក្នុង​សេណារីយោ​ថាមពល​ខ្យល់​មធ្យម អាច​ដំឡើង ១ ១៨៥ ​មេហ្គាវ៉ាត់​ត្រឹម​ឆ្នាំ​ ២០៣០ នៅក្នុង​តំបន់​ចំនួន ៧ ដែលមាន​ខ្យល់​ខ្លាំង​ដែល​បានបញ្ជាក់​រួចហើយ​។

កង្ហាល់​ខ្យល់​ទាញយក​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន The Blue Circle​។ សហការី

លោក​សរសេរថា​៖ «​សមត្ថភាព​នេះ​អាច​តំណាង​ ១០ ​ភាគរយ​នៃ​ការផលិត​អគ្គិសនី​សរុប​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០៣០ ដែល​សម្រេចបាន​តម្លៃ​ល្អ​ប្រសើរ ៦,៨៦ ​សេន​ដុល្លារ​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង និង​ចៀស​ផុតពី​ការបំភាយ​ឧស្ម័ន​កាបូនិក ១០ ​លាន​តោន​។ ទាក់ទង​នឹង​ភាពត្រូវ​គ្នា​នៃ​អគ្គិសនី​ជាមួយ​កម្រិត​ការផលិត​ថាមពល​កកើតឡើង​វិញ​ដែល​មិន​ទៀងទាត់​ផ្សេងៗ​គ្នា ការសិក្សា​បាន​សន្និដ្ឋានថា ថាមពល​ខ្យល់ ១០ ​ភាគរយ​នៅក្នុង​ការបញ្ចូល​ថាមពល​របស់​កម្ពុជា​នឹង​អាច​គ្រប់គ្រង​បាន​ដោយ​អគ្គិសនី​កម្ពុជា (EdC) ដោយ​មិនចាំបាច់​មាន​ការវិនិយោគ​បន្ថែម​ច្រើន​នោះទេ​»​។

លោក Olivier បាន​បន្ថែមថា​៖ «​ដូច្នេះ​តើ​កម្ពុជា​នឹង​ស្ដារឡើងវិញ​យ៉ាងណា​បន្ទាប់ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការបន្ថែម​ថាមពល​ខ្យល់​ទៅលើ​មហិច្ឆតា​នៃ​ការផលិត​ថាមពល​ពី​សូឡា​របស់ខ្លួន​ដែរ​ឬ​ទេ​? តើ EdC អាច​នឹង​ឈាន​ទៅ​លើសពី​គម្រោង​សាកល្បង​ថាមពលខ្យល់ ៨០ ​មេហ្គាវ៉ាត់​លើកដំបូង​ដែល​នៅតែ​ត្រូវបាន​អនុវត្ត និង​តាម​ពីក្រោយ​ប្រទេស​ជិតខាង​មេគង្គ​របស់ខ្លួន​ក្នុង​ការចាប់​យក​ប្រភព​ថាមពល​ខ្យល់ជាតិ​របស់ខ្លួន​ជាមួយ​នឹង​ផែនការ​ដ៏ទូលំទូលាយ​ឬទេ​? ឥឡូវ​ដល់ពេល​វេលា​ហើយ​»​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី​ ១៧ ខែឧសភា​ថា ក្រុមហ៊ុន The Blue Circle កំពុង​ចរចា​កិច្ចព្រមព្រៀង​ទិញ​ថាមពល​ជាមួយ EdC ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​ហើយ ប៉ុន្តែ​មកដល់​ពេលនេះ នៅ​មិនទាន់​សម្រេចបាន​កិច្ចព្រមព្រៀង​ផ្លូវការ​ដើម្បី​ឈានទៅ​សង់​ស្ថានីយ​ថាមពលខ្យល់​នៅលើ​ភ្នំ​បូកគោ ក្នុង​ខេត្តកំពត​នៅឡើយ​ទេ​។

ជាមួយ​នឹង​តម្លៃ​អគ្គិសនី​ដែល​បាន​កាត់បន្ថយ​ជា​រៀងរាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​ ២០១៥ នៅក្នុង​គោលនយោបាយ​របស់​រដ្ឋាភិបាល លោក ហ្សូនា បានឱ្យដឹងថា EdC តម្រូវឱ្យ​តម្លៃ​ស្ថិតក្រោម ០,០៦៨ ​ដុល្លារ​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង ដោយ​ក្រុមហ៊ុន​នឹង​ផ្ដល់​ដល់​អតិថិជន​ជាមួយនឹង​អគ្គិសនី​ដែល​មាន​តម្លៃ​សមរម្យ​។

លោក​ប្រាប់ថា​៖ «​ការសាងសង់​របស់ The Blue Circle មិនទាន់​បាន​ចាប់ផ្តើម​ទេ​ពេលនេះ ដោយ​ក្រុមហ៊ុន​រង់ចាំ​ទាល់តែ​ចរចា​តម្លៃ​ត្រូវ​គ្នា​ជាមួយ EdC ជោគជ័យ​ជាមុនសិន​»​។

លោក​បន្ថែមថា ក្រុមហ៊ុន​នឹងដាក់​សំណើ និង​លក្ខណៈ​បច្ចេកទេស​ទៅ​ក្រសួង​ពិនិត្យ ដើម្បី​ចាប់ផ្ដើម​ការសាងសង់ ដោយ​ពឹង​ផ្អែកលើ​លទ្ធផល​នៃ​ការចរចា​ជាមួយ EdC»​។

លោក Amaury BRUCKER មន្ដ្រី​ទំនាក់ទំនង និង​គាំទ្រ​អភិវឌ្ឍន៍ The Blue Circle បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ បាន​បន្ថយល្បឿន​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​លើ​ការពង្រីក​សមត្ថភាព​ផលិត​អគ្គិសនី​។

លោក​ថ្លែងថា​៖ «​តម្លៃ PPA ៦,៨៨ ​សេន​ដុល្លារ ១ ​គីឡូវ៉ាត់ម៉ោង​ដែល​យើង​បានស្នើ​ឡើង​គឺជា​តម្លៃ​ទាប​បំផុត​ហើយ​សម្រាប់​ថាមពលខ្យល់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​វា​ស្របគ្នា​នឹង​តម្លៃ PPA សូឡា​ចុងក្រោយ​ដែល​បាន​ចុះហត្ថលេខា​ដោយ EdC កាលពី​ឆ្នាំមុន​ក្នុងតម្លៃ ៧,៦ ​សេន​ដុល្លារ​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង​។ យើង​មិន​ជឿថា ផែនការ​រយៈពេល​វែង​ថ្នាក់ជាតិ​ណា​អាចមាន​និរន្តរភាព​ក្នុង​តម្លៃ​កាន់តែ​ទាប​ខ្លាំង​ទេ​»៕ LA