ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ទើបបាន​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ ដើម្បី​កសាង​សេដ្ឋកិច្ច​ឌីជីថល​ឱ្យ​ក្លាយ​ជា​ចន្ទល់​កំណើន​សេដ្ឋកិច្ច​ថ្មី បន្ទាប់ពី​វិស័យ​ឌីជីថល​បាន​ក្លាយជា​វិស័យ​ស្នូល​ក្នុងពេល​វិបត្តិ​ជំងឺឆ្លង​រាតត្បាត​កូវីដ​ ១៩​។

កម្ពុជា​រំពឹងថា នឹង​ជំរុញ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) ​ក្នុង​សម្ទុះ​ និង​ល្បឿន​ថ្មី​ដោយ​យក​វិស័យ​ឌីជីថល​ជា​មូលដ្ឋាន ដើម្បី​ចាប់យក​កាលានុវត្តភាព​ថ្មីៗ និង​ជំរុញ​ផលិតភាព​ឱ្យមាន​ប្រសិទ្ធភាព និង​ភាពប្រកួតប្រជែង​ខ្ពស់​។

តាម​ឯកសារ​គោលនយោបាយ​ដែល​ទើប​ផ្សព្វផ្សាយ ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​នឹង​មាន​សក្តានុពល​ទៅលើ​សេដ្ឋកិច្ច​សំខាន់ៗ រួមមាន ការតភ្ជាប់​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ខ្សែចង្វាក់​តម្លៃ​តំបន់ និង​សកល ការជំរុញ​សកម្មភាព ពាណិជ្ជកម្ម និង​ធុរកិច្ច ព្រមទាំង​ការបង្កើត​ការងារ​ជំនាញ និង​ការវិនិយោគ និង​ការបង្កើត​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ​ផងដែរ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើង​ក្នុង​ឯកសារ​នោះ​ថា​៖ «​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​បាន​កំណត់​យក​នូវ​ចក្ខុវិស័យ​ «​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ឱ្យ​រស់​រវើក ដើម្បី​ជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម​ផ្អែកលើ​ប្រក្រតីភាព​តាម​គន្លង​ថ្មី​»​។

លោក​បាន​ឱ្យដឹងទៀតថា ចក្ខុ​វិស័យនេះ​ត្រូវ​សម្រេច​ឱ្យបាន​ក្នុង​រយៈពេល ១៥ ​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០៣៥ ហើយ​អនុលោម​តាម​គោលការណ៍​ចំនួន​ ៣ ​គឺ​ការកសាង​មូលដ្ឋានគ្រឹះ​ឌីជីថល ការចាប់យក​ឌីជីថល និង​ការធ្វើ​បរិវត្តកម្ម​ឌីជីថល​។

លោក​ថ្លែងថា​៖ «​ស្ថិតនៅក្នុង​បរិការណ៍​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល កម្ពុជា​ ២០២១-២០៣៥ នឹង​ក្លាយជា​ផ្នែក​ដ៏សំខាន់​នៃ​ក្របខ័ណ្ឌ​ផែនការ​ស្តារ សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ការទាក់ទាញ​វិនិយោគ​ក្នុង​ស្រុក និង​ពី​បរទេស ការជំរុញ​ការបង្កើត​ធុរកិច្ច​ថ្មី​»​។

លោក ប៊ិន សុជាតិ ទីប្រឹក្សា​ស្ថាបនិក​នៃ​កម្មវិធី​បច្ចេកវិទ្យា​សុខាភិបាល​ឌីជីថល «​ពេទ្យ​យើង​» ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ដ៏ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ឱ្យ​ដំណើរ​ស្ទុះ​ឡើងវិញ​សម្រាប់​ជួយសង្គ្រោះ​វិបត្តិ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​ ១៩​។

លោក សុជាតិ ក៏​ជា​នាយក​គ្រប់គ្រង ប្រចាំ​ប្រទេស​កម្ពុជា​នៃ​កម្មវិធី​បច្ចេកវិទ្យា​សុខាភិបាល​ចល័ត​កម្ពុជា-សិង្ហបុរី e-Health MyCLNQ បានឱ្យដឹង​ទៀតថា បើ​ទោះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា​ហាក់​យឺត​ជាងគេ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ប៉ុន្តែ​លោក​ជឿថា នេះ​ជា​ឱកាស​របស់​កម្ពុជា​ក្នុង​ការពង្រឹង​សមត្ថភាព​។

លោក​អះអាងថា​៖ «​យើង​ត្រូវ​ពង្រីក​សមត្ថភាព បង្កើន​ភាពច្នៃប្រឌិត​ផលិត​បច្ចេកវិទ្យា​ដើម្បី​ឱ្យ​សហគមន៍​សេដ្ឋកិច្ច ឬ​សហគមន៍​អាជីវកម្ម​ប្រើប្រាស់​អាច​ដំណើរការ​ក្នុង​សម័យ​បច្ចេកវិទ្យា​តាម​គន្លង​ថ្មី​ឱ្យទាន់​គេ​»​។

លោក ម៉ាក ចំរើន សហស្ថាបនិក​ផ្សារ​ទំនើប​អនឡាញ Smile Shop បានឱ្យដឹងថា នេះ​ជា​ចំណុច​ចាប់ផ្តើម​ដ៏ល្អ​មួយ ព្រោះ​វា​នឹង​ជួយ​គាំទ្រ​ដល់​ការស្តា​សេដ្ឋកិច្ច បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន​។

លោក​បន្តថា​៖ «​នេះ​ជា​ចំណុច​មួយ​ដ៏ល្អ ដែល​យើង​មាន​គោលនយោបាយ​ឌីជីថល និង​សេដ្ឋកិច្ច​មួយ​ដ៏ត្រឹមត្រូវ​ដែល​នឹង​បង្កលក្ខណៈ​អំណោយផល​ដល់​ការបង្កើត​គំនិត​អាជីវកម្ម​»​។

លោក​ជឿថា ប្រទេស​កម្ពុជា​នឹងមាន​ការរីកចម្រើន​យ៉ាង​លឿន​ក្នុង​ការប្រតិបត្តិ​ពាណិជ្ជកម្ម​លើ​អាជីវកម្ម​បង្កើត​ថ្មី​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា ភាពច្នៃប្រឌិត ប្រសិនបើ​រដ្ឋាភិបាល​មានការ​លើកលែង​ពន្ធ​ដល់​អ្នក​ក្នុង​វិស័យ​ឌីជីថល​។

លោក​ប្រាប់ថា​៖ «​អាជីវកម្ម​បង្កើត​ថ្មី​មួយចំនួន​នៅពេល​ចុះបញ្ជី​អាច​ប្រឈម​នឹង​ការបង់ពន្ធ ឬក៏​ការលើកលែង​ពន្ធ​អ្វី​ផ្សេងៗ​ទៀត​នៅ​មិន​ទូលំទូលាយ​សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី​នៅក្នុង​ស្រុក​។ បើសិន​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​លើកលែង​ពន្ធ​សម្រាប់​អ្នករកស៊ី​សេដ្ឋកិច្ច​ឌីជីថល និង e-commerce ក្នុង​រយៈពេល ៣ ​ទៅ​ ៥ ​ឆ្នាំ នឹង​ជំរុញ​ឱ្យ​មាន​ការវិនិយោគ​ខ្លាំង​លើ​វិស័យនេះ​»៕ LA