ក្រុមហ៊ុន KrisEnergy Ltd ដែល​កំពុង​អភិវឌ្ឍ​អណ្ដូងប្រេង​អប្សរា​នៅក្នុង​សមុទ្រ​កម្ពុជា​បាន​ថ្លែង​អះអាង​ថា​រាល់​ប្រតិបត្តិការ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​នៅ​កម្ពុជា គ្រីសអេនើជី (​ខេមបូឌា) អិលធីឌី (KRISENERGY (CAMBODIA) LTD) នៅ​បន្ត​ជាធម្មតា ទោះបី​ជា​ក្រុមហ៊ុនមេ​របស់ខ្លួន​បាន​ប្រកាស​រំលាយ​អាជីវកម្ម​កាលពី​ថ្ងៃ​សុក្រ​កន្លងមកនេះ​ក្តី​។ នេះ​បើ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​មួយ​នេះ​។

កាលពី​ថ្ងៃ​សុក្រ​ទី ៤ ​ខែឧសភា ក្រុមហ៊ុន KrisEnergy Ltd បានប្រកាស​ថា ខ្លួន​មិនមាន​លទ្ធភាព​ក្នុង​ការសងបំណុល​របស់​ខ្លួន ដោយ​ផ្អែកលើ​បំណុល​ជាក់ស្ដែង និង​ឬ​បំណុល​ត្រៀម​សង ហើយ​នឹង​បន្តទៅ​ដល់​ការជម្រះបញ្ជី​។ ក្រុមហ៊ុន​មួយ​នេះ​បាន​ឲ្យ​ដឹងថា បំណុល​របស់ខ្លួន​លើសពី​តម្លៃ​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​។ ជាមួយគ្នា​នេះដែរ ការស្ទុះ​ងើប​ឡើងវិញ​កាន់តែ​ទាប​បំផុត​។ ចំណែក​លំហូរ​សាច់ប្រាក់​ពី​ការអភិវឌ្ឍ Apsara Mini Phase 1A នឹងមាន​ការរៀបចំ​រចនាសម្ព័ន្ធ​ជាថ្មី និង​កង្វះ​ជម្រើស​ការរៀបចំ​រចនា​សម្ព័ន្ធ​ឡើងវិញ​ដែល​អាច​ទទួល​យក​បាន និង​កង្វះ​ការចាក់​បញ្ចូល​មូលនិធិ​ថ្មីៗ​រយៈពេល​ខ្លី ។

ក្រុមហ៊ុន KrisEnergy ឲ្យ​ដឹងថា​៖ « ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​បញ្ចប់​ប្រតិបត្តិការ​អាជីវកម្ម​កាលពី​ថ្ងៃទី​ ៤ ​ខែមិថុនា​ឆ្នាំ​ ២០២១ ទៅ​តុលាការ Grand Court តំបន់ Cayman Islands (​ពាក្យ​បញ្ចប់​)​។ កាលបរិច្ឆេទ​ការបើក​សវនាការ​សម្រាប់​ពាក្យ​បញ្ចប់​នេះ​នឹងត្រូវ​បានកំណត់​»​។

លោកស្រី Tanya Pang អនុប្រធាន​ទំនាក់ទំនង​វិនិយោគិន​ និង​ទំនាក់ទំនង​សាជីវកម្ម​ក្រុមហ៊ុន KrisEnergy Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៨ ខែមិថុនា​ថា សេចក្តីប្រកាស​រំលាយ​ក្រុមហ៊ុន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៤ ​ខែឧសភា​កន្លង​មក​នេះ​គឺ​សំដៅ​ដល់​ការរំលាយ​ក្រុមហ៊ុនមេ​តែប៉ុណ្ណោះ ខណៈ​រាល់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៅតែ​បន្ត​ប្រតិបត្តិការ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ដាក់ពាក្យ​បញ្ចប់​ប្រតិបត្តិការ​អាជីវកម្ម ដូចដែល​បានប្រកាស​នៅ​ថ្ងៃទី ៤ ខែ​មិថុនា​ឆ្នាំ ២០២១ ទាក់ទង​តែ​ក្រុមហ៊ុន KrisEnergy Ltd ដែលជា​ក្រុមហ៊ុនមេ​ដែល​បាន​ចុះបញ្ជី​នៅលើ​ផ្សារហ៊ុន​សិង្ហបុរី​តែប៉ុណ្ណោះ គឺ​មិនមែន​សំដៅ​ដល់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទេ​។ ដូច្នេះ​រាល់​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ KrisEnergy គឺ​នៅតែ​បន្ត​ដំណើរការ​" ។

ប្រទេស​កម្ពុជា​បាន​ទាញ​យក​តំណក់​ប្រេងឆៅ​លើកដំបូង​របស់ខ្លួន​កាលពី​ថ្ងៃទី​ ២៨ ​ខែ​ធ្នូ​ពី​អណ្ដូងប្រេង A-01D ជា​ផ្នែក​មួយ​នៃ​ការកសាង​ផ្លាត​ហ្វមក្បាល​អណ្ដូង​ផលិតកម្ម​ចំនួន​ ៥ នៅក្នុង​ការអភិវឌ្ឍ Mini-Phase 1A របស់​ក្រុមហ៊ុន KrisEnergy​។

ប៉ុន្តែ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​ ២៨ ​ខែ​មេសា​បាន​ឲ្យ​ដឹងថា ផលិតកម្ម​ដែល​កាត់បន្ថយ​នឹងមាន​ផលប៉ះពាល់​ខ្លាំង​លើ​ប្រាក់ចំណូល​ដែល​រកបាន​ពី​ការអភិវឌ្ឍ Mini Phase 1A ទោះបី​ជា​ការស្ទុះ​ងើបឡើង​វិញ​នៃ​តម្លៃ​ប្រេង​សកល ចាប់តាំងពី​ការធ្លាក់ចុះ​ដល់​កម្រិត​ទាប​កាលពី​ឆ្នាំ​ ២០២០ នៅពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​បានចាប់ផ្ដើម​ផ្ទុះឡើង​។

ក្រុមហ៊ុន​ គ្រីសអេនើជី (​ខេមបូឌា) អិលធីឌី និង​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រេងកាត​ក្នុង​ការចាប់ផ្តើម​អាជីវកម្ម​លើ​ប្លុក​ A កាលពី​ថ្ងៃទី​ ២៣ ខែសីហា​ឆ្នាំ​ ២០១៧៕