ភ្នំពេញៈ Jiangsu General Science Technology Co. Ltd ជា​ក្រុមហ៊ុន​ផលិត​សម្បក​កង់​រថយន្ត​របស់​ប្រទេស​ចិន​បានប្រកាស​ពី​ផែនការ​បង្កើត​រោងចក្រ​ផលិត​កង់​រថយន្ត​ដឹក​អ្នកដំណើរ​នៅ​កម្ពុជា​។ នេះ​បើតាម​គេហទំព័រ tyrepress media ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៧ ខែមិថុនា​។

យោងតាម tyrepress media ក្រុមហ៊ុន Jiangsu General មាន​ផែនការ​បោះទុន​វិនិយោគ​សម្រាប់​គម្រោង​នេះ​ចំនួន​ ១,៣ ​ពាន់​លាន​យន់​ (២០៤, ៩៤ ​លាន​ដុល្លារ​) ជាមួយនឹង​សមត្ថភាព​ផលិត​កង់​រថយន្ត​ចំនួន ៦ ​លាន​ក្នុង​ ១ ​ឆ្នាំ​។

រោងចក្រ​នេះ​នឹង​សាងសង់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដោយ​រំពឹង​នឹង​បញ្ចប់​ការសាងសង់​ក្នុង​រយៈពេល​ ១៥ ​ខែ និង​អាច​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ខែកញ្ញា ឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រុមហ៊ុន​។

លោក ហ៊ន សាផន ប្រធាន​នាយកដ្ឋាន​ទីផ្សារ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ស្វាគមន៍​ចំពោះ​ផែនការ​វិនិយោគ​នេះ​ដោយ​លោក​លើកឡើង​ថា ​នឹង​ជួយ​លើកកម្ពស់​ទីផ្សារ​ដល់​ផលិតផល​កៅស៊ូ​នៅក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា​។

លោក​ប្រាប់ថា​៖ «​យើង​សូម​ស្វាគមន៍​គម្រោង​វិនិយោគ​នេះ​។ មកដល់ពេលនេះ​យើង​មិនទាន់​មាន​ការដំឡើង​រោងចក្រ​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​ពី​កៅស៊ូ​ ដើម្បី​ជួយ​គាំទ្រ​ដល់​វត្ថុធាតុដើម​ក្នុងស្រុក​នៅឡើយ​ទេ​»​។

លោក សាផន ប្រាប់ទៀតថា ក្រសួង​នឹង​ផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​វិនិយោគិន​ក្នុងការ​សម្របសម្រួល​កិច្ចការ​នេះ ប្រសិនបើ​មាន​ផែនការ​ជាក់លាក់​។

លោក​និយាយថា​៖ «​អ្វី​ដែលជា​កិច្ចការ​សំខាន់​ក្រុមហ៊ុន គឺ​ត្រូវមាន​ផែនការ​ច្បាស់លាស់ ហើយ​យើង​នឹង​ជួបគ្នា​ ដើម្បី​ចង់ដឹង​ពី​ផែនការ និង​ទិសដៅ​បន្ថែមទៀត​។ ចំពោះ​ផលិតផល​កៅស៊ូ​របស់​យើង​ផលិត​បាន​ច្រើន​ដែរ​ក្នុង​ ១ ​ឆ្នាំៗ ដែល​អាចមាន​សមត្ថភាព​ផ្គត់ផ្គង់​បាន​»​។

លោក​សម្គាល់ថា បើទោះបី​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ពិភពលោក​ជួប​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​ក្តី ប៉ុន្តែ​អនុវិស័យ​កៅស៊ូ​របស់​កម្ពុជា​ហាក់​មាន​ទីផ្សារ ល្អប្រសើរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ​នេះ​បើ​ធៀប​នឹង​បណ្តា​ឆ្នាំកន្លងមក​។

លោក​បន្តថា​៖ «​កៅស៊ូ​របស់​កម្ពុជា​បាន​ពឹងផ្អែក​តែ​ទីផ្សារ​ក្រៅ​ស្រុក​ប៉ុណ្ណោះ អ៊ីចឹង​យើង​ជួប​ការលំបាក​ខ្លះ ប៉ុន្តែ​ប្រសិន​បើ​គាត់​មានបំណង​បង្កើត​រោងចក្រ​ផលិត​មុខទំនិញ​ដែល​យក​ពី​កៅស៊ូ​ធម្មជាតិ​ជា​វត្ថុធាតុដើម គឺជា​ការ​ប្រពៃ​បំផុត​ដែល​រដ្ឋាភិបាល​កំពុងតែ​ចង់បាន​»​។

បើតាម​ការចេញផ្សាយ​របស់ tyrepress media កាលពី​ថ្ងៃទី​ ៩ ខែ មីនា ឆ្នាំ​ ២០២១ ក្រុមហ៊ុន Sailun Group ក៏បាន​ចាប់អារម្មណ៍​បង្កើត​រោងចក្រ​ផលិត​កង់​រថយន្ត​អ្នក​ដំណើរ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស QiLu (Cambodia) ​នៅ​ខេត្ត​សា្វយរៀង​ដោយមាន​សមត្ថភាព​ផលិត​កង់​រថយន្ត​បាន ៥ លាន ​ក្នុង​ ១ ​ឆ្នាំ​។

ក្រុមហ៊ុន Sailun Group បាន​ប៉ាន់ប្រមាណ​ថា ទុន​វិនិយោគ​គម្រោង​នេះ​មាន​ ១,១៨ ​ពាន់​លាន​យន់ ​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Qilu (Cambodia) Economic Co Ltd​។

ជាមួយ​គ្នា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ខែកុម្ភៈ​ឆ្នាំ​នេះ បានអនុម័ត​រោងចក្រ​ផលិត​កង់​រថយន្ត​មានតម្លៃ ១៥ ​លានដុល្លារ​ របស់​ក្រុមហ៊ុន Cart Tire Co Ltd នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស QiLu Bavet Special Economic Zone នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​ផងដែរ​។

ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​ឱ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ក្រែប​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មានតម្លៃ ២៨០,៣៤ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២០ កើន ២៥,២១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ ២២៣,៩ លាន​ដុល្លារ​។

ដោយឡែក​នៅក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​នាំចូល​រថយន្ត​តម្លៃ​សរុប ១ ០៩៩,៥ ​លាន​ដុល្លារ ថយចុះ ៣៦,៦ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ១ ៧៣៤,៣១ ​លាន​ដុល្លារ​៕