ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ម្ទេស​ស្រស់​ជាង ៥៦ ​ពាន់​តោន​ ទៅ​ទីផ្សារ​ក្រៅប្រទេស​ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​ ២០២១ កើន​ជាង​ ៩០ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ក្នុងនោះ​ទីផ្សារ​ប្រទេស​ថៃ​គ្របដណ្តប់​ស្ទើរ​ ១០០ ​ភាគរយ​។ នេះ​បើតាម លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​ឱ្យដឹងថា ក្នុង​រយៈពេល ៥ ​ខែ ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​ម្ទេស​ស្រស់​ចំនួន​ ៥៦ ៥០៧,១២ ​តោន កើន ៩៤,៨៦ ​ភាគរយ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំមុន ក្នុងនោះ​ការនាំ​ទៅ​ប្រទេស​ថៃ មាន​ ៥៦ ៥០៧,១២ តោន និង​ប្រទេស​អារ៉ាប់​រួម ០,០០២ ​តោន​។ ជាមួយ​គ្នា​នេះ​កម្ពុជា​ក៏​នាំចេញ​ម្ទេស​ក្រៀម​ទៅ​ប្រទេស​ថៃ ៦០០ ​តោន​ផងដែរ ថយចុះ ៥០ ​ភាគរយ​។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង លោក គឹម ហួត បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ ខែមិថុនា​ថា ទោះបី​ខេត្តបាត់ដំបង​មិនមែន​ជា​កន្លែង​ដាំ​ម្ទេស​ច្រើនជាងគេ​នៅ​កម្ពុជា ប៉ុន្តែ​ដោយសារ​ខេត្តបាត់ដំបង​នៅជាប់​ព្រំដែន​ប្រទេស​ថៃ ដែល​ជា​ទីផ្សារ​ម្ទេស​ធំជាងគេ​របស់​កម្ពុជា​ហេតុ​នេះ​បាន​ធ្វើឱ្យ​ចំនួន​នៃ​ការសុំ​លិខិតអនុញ្ញាត​នាំចេញ​ម្ទេស​ទៅ​ប្រទេស​ថៃ នា​ដើម​ឆ្នាំនេះ​កើន​គួរឱ្យកត់សម្គាល់​។

លោក​បន្តថា កំណើន​តម្រូវការ​ម្ទេស​នៅ​ប្រទេស​ថៃ​អាច​បណ្តាលមកពី​កត្តា ២ គឺ​ឧបសគ្គ​នៃ​ការដឹកជញ្ជូន និង​ទីផ្សារ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ (​បញ្ហា​ក្នុង​ប្រទេស​) និង​ការត្រួតពិនិត្យ កត់ត្រា​បរិមាណ​នាំចេញ​របស់​កម្ពុជា​មាន​ភាពច្បាស់លាស់​ជាង​មុន​។

លោក​ថ្លែងថា​៖« ចាប់ពី​ដើមឆ្នាំ​មក​ចំនួន​ការសុំ CO សម្រាប់​នាំចេញ​ម្ទេស​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​ពិតជា​កើនឡើង​គួរឱ្យ​កត់សម្គាល់​»​។

លោក​បន្ថែមថា ទន្ទឹមនឹង​កំណើន​នាំចេញ​នេះ តម្លៃ​ម្ទេស​ស្រស់​ក៏​កើនឡើង​តិចតួច​ដែរ​បើ​ធៀប​នឹង​ដើមឆ្នាំ​ ២០២០​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​បាត់ដំបង លោក ឈឹម វជិរា បាន​និយាយថា ផ្ទៃដី និង​ទិន្នផល​ម្ទេស​នៅ​ខេត្តបាត់ដំបង​ដើមឆ្នាំ​ ២០២១ មាន​ប្រហាក់ប្រហែល​ឆ្នាំ​ ២០២០ ប៉ុន្តែ​តម្លៃ​បាន​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច ដោយពេល​ប្រមូល​ផល​ដើមឆ្នាំ​ម្ទេស​ស្រស់​បាន​កើន​ដល់​រង្វង់ ៩ ០០០ ​រៀល ​ក្នុង​ ១ ​គីឡូក្រាម ខណៈ​ពេលនេះ​ធ្លាក់​មក​នៅ​ប្រមាណ ២ ៥០០ ​រៀល​។

លោក​ប្រាប់ទៀតថា ចាប់ពី​ឆ្នាំ​ ២០២០ មក​ផ្ទៃដី​ដាំ​ដំណាំ​នៅ​ខេត្ត​បាត់ដំបង​បាន​កើន​ស្ទើរ​គ្រប់​មុខទំនិញ ដែល​កំណើន​នេះ​ដោយសារ​ផ្ទៃដី​ដែល​គេ​ទុក​ទំនេរ​ចោល​ពីមុន​នោះ ពេលនេះ​ត្រូវគេ​យកមក​ដាំ​ដំណាំ​ជា​បន្តបន្ទាប់​។ លោក​អះអាង​ថា​៖ «​ម្ទេស​កំពុងមាន​ទីផ្សារ​ល្អ ដោយ​ការសារ​មាន​តម្រូវការ​ច្រើន​ពី​ប្រទេស​ថៃ​»​។

យោងតាម​លោក វជិរា ផ្ទៃដី​ដាំដុះ​ម្ទេស​នៅ​ខេត្តបាត់ដំបង​ក្នុង​ឆ្នាំ​ ២០២១ មាន​ចន្លោះ​ពី ៥៨០-១ ១០០ ​ហិកតា​។ ជា​មធ្យម​ក្នុង​ដី​ ១ ​ហិកតា ម្ទេស​ផ្តល់​ផល ៣,៥ ​តោន​ ក្នុង​ ១ ​ឆ្នាំ​។ ម្ទេស​នឹង​ឱ្យ​ផល​ក្នុង​រង្វង់ ៥០-៦០ ​ថ្ងៃ​ បន្ទាប់ពី​ដាំដុះ​។

លោក មាស សុផល ដែលមាន​ដី​ដាំ​ម្ទេស​ក្នុង​ខេត្តកំពង់ធំ សៀមរាប និង​កំពង់ឆ្នាំង និង​ជា​អ្នកទទួល​ទិញ​ម្ទេស​ពី​កសិករ​​ ដើម្បី​យក​ទៅ​សម្ងួត​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិន​នាពេល​កន្លងមក បាន​ប្រាប់ថា ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ការប្រមូលទិញ​ម្ទេស​ទៅ​ប្រទេស​ចិន​របស់​លោក​ត្រូវ​ទុកចោល ហើយ​ការ​ចុះមក​ពិនិត្យ​របស់​អ្នកបញ្ជា​ទិញ​ពី​ប្រទេស​ចិន ក៏​មិនមាន​នោះទេ​។

លោក​និយាយ​៖ «​ចាប់​តាំងពីដើម​ឆ្នាំមុន ខ្ញុំ​មិនបាន​នាំចេញ​ម្ទេស​ក្រៀម​ទៅ​ប្រទេស​ចិន​ដូចពេលមុន​ទេ​»​។

ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ ការនាំចេញ​ម្ទេស​ស្រស់​សម្រេច​បាន ៧០ ៥៤៦ ​តោន កើន ២៧,០៨ ​ភាគរយ​ពី​ចំនួន ៥៥ ៥១៣ ​តោន កាលពី​ឆ្នាំ​ ២០១៩៕ LA