ភ្នំពេញៈ ក្រុមហ៊ុន KrisEnergy Ltd ដែល​កំពុងអភិវឌ្ឍន៍​អណ្ដូងប្រេង​អប្សរា​នៅក្នុង​សមុទ្រ​កម្ពុជា​បាន​អះអាងថា រាល់​ប្រតិបត្តិការ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​នៅ​កម្ពុជា គ្រីសអេនើជី (​ខេមបូឌា) អិលធីឌី [KRISENERGY (CAMBODIA) LTD)] នៅ​បន្ត​ជាធម្មតា ទោះបីជា​ក្រុមហ៊ុនមេ​របស់ខ្លួន​បានប្រកាស​រំលាយ​អាជីវកម្ម​កាលពី​ថ្ងៃ​សុក្រ​កន្លងមកនេះ​ក្តី​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​មួយ​នេះ​។

កាលពី​ថ្ងៃ​សុក្រ​ទី​ ៤ ខែមិថុនា ក្រុមហ៊ុន KrisEnergy Ltd បានប្រកាសថា ខ្លួន​មិនមាន​លទ្ធភាព​ក្នុង​ការសងបំណុល​របស់​ខ្លួន​ដោយ​ផ្អែកលើ​បំណុល​ជាក់ស្ដែង និង​/​ឬ បំណុល​ត្រៀម​សង ហើយនឹង​បន្តទៅ​ដល់​ការជម្រះបញ្ជី​។ ក្រុមហ៊ុន​មួយ​នេះ​បានឱ្យ​ដឹងថា បំណុល​របស់​ខ្លួន​លើស​ពី​តម្លៃ​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​។ ជាមួយ​គ្នា​នេះ ការស្ទុះ​ងើប​ឡើងវិញ​កាន់តែ​ទាប​បំផុត​ដែរ​។ ចំណែក​លំហូរ​សាច់ប្រាក់​ពី​ការអភិវឌ្ឍ Apsara Mini Phase 1A នឹងមាន​ការរៀបចំ​រចនាសម្ព័ន្ធ​ជាថ្មី និង​កង្វះ​ជម្រើស​ការរៀបចំ​រចនា​សម្ព័ន្ធ​ឡើងវិញ​ដែល​អាច​ទទួល​យក​បាន និង​កង្វះ​ការចាក់​បញ្ចូល​មូលនិធិ​ថ្មីៗ​រយៈពេល​ខ្លី​។

ក្រុមហ៊ុន KrisEnergy ឱ្យដឹងថា​៖ «​ក្រុមហ៊ុន​បានដាក់​ពាក្យ​បញ្ចប់​ប្រតិបត្តិការ​អាជីវកម្ម​កាលពី​ថ្ងៃទី​ ៤ ខែ មិថុនា ​ឆ្នាំ​ ២០២១ ទៅ​តុលាការ Grand Court តំបន់ Cayman Islands (​ពាក្យ​បញ្ចប់​)​។ កាលបរិច្ឆេទ​ការបើក​សវនាការ​សម្រាប់​ពាក្យ​បញ្ចប់​នេះ​នឹងត្រូវ​បានកំណត់​»​។

លោកស្រី Tanya Pang អនុប្រធាន​ផ្នែក​ទំនាក់ទំនង​វិនិយោគិន និង​ទំនាក់ទំនង​សាជីវកម្ម​ក្រុមហ៊ុន KrisEnergy Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែមិថុនា​ថា សេចក្តី​ប្រកាស​រំលាយ​ក្រុមហ៊ុន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៤ ​ខែមិថុនា កន្លងមកនេះ​គឺ​សំដៅ​ដល់​ការរំលាយ​ក្រុមហ៊ុនមេ​តែប៉ុណ្ណោះ ខណៈ​រាល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៅតែ​បន្ត​ដំណើរការ​ជាធម្មតា​។

លោកស្រី​អះអាងថា​៖ «​ដាក់ពាក្យ​បញ្ចប់​ប្រតិបត្តិការ​អាជីវកម្ម ដូចដែល​បានប្រកាស​នៅ​ថ្ងៃទី​ ៤ ខែមិថុនា ឆ្នាំ ២០២១ ទាក់ទង​តែ​ក្រុមហ៊ុន KrisEnergy Ltd ដែលជា​ក្រុមហ៊ុនមេ​បាន​ចុះបញ្ជី​នៅលើ​ផ្សារភាគហ៊ុន​សិង្ហបុរី​តែប៉ុណ្ណោះ គឺ​មិនមែន​សំដៅ​ដល់​ដំណើរការ​អាជីវកម្ម​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទេ​។ ដូច្នេះ​រាល់​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ​ KrisEnergy គឺ​នៅតែ​បន្ត​ដំណើរការ​ជាធម្មតា​»​។

ប្រទេស​កម្ពុជា​បាន​ទាញយក​តំណក់​ប្រេង​ឆៅ​លើកដំបូង​របស់ខ្លួន​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ​ពី​អណ្ដូងប្រេង A-01D ជា​ផ្នែក​មួយ​នៃ​ការកសាង​ផ្លាតហ្វម​ក្បាល​អណ្ដូង​ផលិតកម្ម​ចំនួន​ ៥ នៅក្នុង​ការអភិវឌ្ឍ Mini-Phase 1A របស់​ក្រុមហ៊ុន KrisEnergy​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​ ២៨ ​ខែមេសា បានឱ្យដឹងថា ផលិតកម្ម​ដែល​កាត់បន្ថយ​នឹងមាន​ផលប៉ះពាល់​ខ្លាំង​លើ​ប្រាក់ចំណូល​ដែល​រកបាន​ពី​ការអភិវឌ្ឍ Mini Phase 1A ទោះបី​ជា​ការស្ទុះ​ងើបឡើង​វិញ​នៃ​តម្លៃ​ប្រេង​សកល ចាប់តាំងពី​ការធ្លាក់ចុះ​ដល់​កម្រិត​ទាប​កាលពី​ឆ្នាំ​ ២០២០ នៅពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​បាន​ចាប់ផ្ដើម​ផ្ទុះឡើង​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេង​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​​ ៨ ​ខែ​មិថុនា​ឆ្នាំ​ ២០២១ ​ថា លោក​បាន​ទទួល​ព័ត៌មាន​រួចហើយ​ជុំវិញ​ការប្រកាស​រំលាយ​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​ដែល​វិនិយោគ​ក្នុង​វិស័យ​ប្រេង​ និង​ឧស្ម័ន​នៅ​កម្ពុជា​នេះ និង​ក៏បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ដើម្បី​ព័ត៌មាន​លម្អិត​បន្ថែម​ និង​នីតិវិធី​នៅ​តុលាការ​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​បាន​សួរ​ក្រុមហ៊ុន​នេះ​រួចហើយ​អំពី​ការប្រកាស​រំលាយ​នេះ ហើយ​ពួកគេ​នឹង​រាយការណ៍​មក​ពួកយើង​។ សម្រាប់​ខាងយើង​វិញ យើង​នឹង​ពិនិត្យ​លក្ខខណ្ឌ​ក្នុង​កិច្ចព្រមព្រៀង​ប្រេងកាត​។ តើ​អ្វីដែល​ក្រុមហ៊ុន​នេះ​ត្រូវបំពេញ​? ដើម្បី​យើង​នឹង​ជូន​ព័ត៌មាន​ដល់​ពួកគេ​លើ​អ្វីដែល​បាន​លើកឡើង​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​»​។

លោក​បន្ថែមទៀត​ថា​៖ «​សម្រាប់​ប្រេងឆៅ​ដែល​ក្រុមហ៊ុន​បាន​បូម​រួចហើយ ពួកគេ​នឹង​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ​។ ដូច្នេះ​នៅពេល​ពួកគេ​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ យើង​អាច​វាយតម្លៃ​ការងារ​របស់​ពួកគេ​បាន​។ នៅពេលនេះ​យើង​ក៏​ចង់ឃើញ​វិវឌ្ឍ​របស់​ក្រុមហ៊ុន​ទៅជា​យ៉ាងណា បន្ទាប់ពី​ប្រកាស​រំលាយ ជាពិសេស​នីតិវិធីតុលាការ ព្រោះ​យើង​ចង់បាន​ព័ត៌មាន​ពី​ក្រុមហ៊ុន​»​។

ក្រុមហ៊ុន​ គ្រីសអេនើជី (ខេមបូឌា) អិលធីឌី និង​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រេងកាត​ក្នុង​ការចាប់ផ្តើម​អាជីវកម្ម​លើ​​ប្លុក A កាលពី​ថ្ងៃទី​ ២៣ ​ខែ​សីហា​ឆ្នាំ​ ២០១៧​។ ចាប់ពី​ពេលនោះ​មក ភាគី​ក្រុមហ៊ុន​នេះ​បាន​អភិវឌ្ឍ​វិស័យ​ប្រេង​នៅ​កម្ពុជា​តាម​ផែនការ​រហូត​ឈានដល់​បូម​ប្រេង​បានសម្រេច​។

រដ្ឋាភិបាល​កម្ពុជា​បាន​គណនា​ថា​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ពី​ការអភិវឌ្ឍ​ប្លុក​ A ​នេះ​ដែលមាន​ចំនួន​ ៣០ ​លាន​ដុល្លារ ប្រសិនបើ​តម្លៃ​ប្រេង​លើសពី​ ៥៥ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។

វា​អាចមាន​ហេតុផល​ច្រើន​ថា តម្លៃ​ប្រេង​ឆៅ​កើនឡើង របាយការណ៍​ឯករាជ្យ​ឆ្នាំ​ ២០១៥ របស់​ក្រុមហ៊ុន Resources for Development Consulting ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា​បាន​បង្ហាញថា ប្រសិន​ការអភិវឌ្ឍ​ពេញលេញ​នៃ​ដំណាក់កាល​ទី​ ២ ​ចាប់ផ្ដើម ប្រាក់ចំណូល​រដ្ឋាភិបាល​សរុប​អាច​នៅ​ចន្លោះ​ ៦៣០ ​លាន​ដុល្លារ សម្រាប់​តម្លៃ​ប្រេង​ ៧០ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល និង​ ១ ​ពាន់​លាន​ដុល្លារ ពេល​ប្រេង​មានតម្លៃ​ ៩០ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​នោះ​។

ក្រុមហ៊ុន Chevron ទទួលបាន​អាជ្ញាប័ណ្ណ Block A របស់​កម្ពុជា​កាលពី​ឆ្នាំ​ ២០០២ ហើយ​កាលពី​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន KrisEnergy បាន​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ Chevron នៅក្នុង​គម្រោង​រុករក​ប្រេង Block A​។ ក្រុមហ៊ុន KrisEnergy បាន​ទិញ​ភាគហ៊ុន​ទាំងអស់​របស់ Chevron ក្នុងតម្លៃ​ ៦៥ ​លាន​ដុល្លារ​។

អណ្ដូងប្រេង Block A របស់​កម្ពុជា គ្របដណ្ដប់​លើ​ផ្ទៃ ៤ ៧០៩ គីឡូម៉ែត្រ​នៅ​ឈូង​សមុទ្រ​ថៃ នៅ​ខ្មែរ​បា​សាំង និង​ចម្ងាយ​ប្រហែល​ ១៥០ ​គីឡូម៉ែត្រ​ពី​ច្រាំង​សមុទ្រ​របស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ជម្រៅ​ទឹក​ចាប់ពី​ ៥០ ​ទៅ​ ៨០ ​ម៉ែត្រ​៕LA